(ភ្នំពេញ)៖ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥កន្លងទៅ មានម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ សុខ លីន បានធ្វើការបង្ហោះវីដេអូ (Post Video) រយៈពេល១នាទី និង៤១វិនាទី នៅលើបណ្តាញ សង្គមហ្វេសប៊ុកដោយភ្ជាប់នូវរូបភាពសន្តិសុខ ប្រើប្រាស់កាយវិការមិនសមរម្យមកលើអាជីវករ លក់ចង្រិតបំពង ឈ្មោះ អូន ធារី ស្ថិតនៅភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលបានធ្វើឲ្យមហាជនមានការភាន់ច្រឡំថា ជាកម្លាំងសន្តិសុខរបស់សាលា ខណ្ឌជ្រោយចង្វារ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ រដ្ឋបាលខណ្ឌជ្រោយចង្វារ បានធ្វើបំភ្លឺ និងបញ្ជាក់ថា តាមការស្រាវជ្រាវឃើញថា សន្តិសុខនៅក្នុងវីដេអូខាងលើ មិនមែនជាមន្ដ្រី ឬជាសន្តិសុខបម្រើការងារនៅសាលាខណ្ឌជ្រោយចង្វារឡើយ គាត់គឺជាសន្តិសុខក្រុមហ៊ុនឯកជន ដែលមានទីតាំងស្ថិតក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ រដ្ឋបាលខណ្ឌជ្រោយចង្វារ ក៏បានអញ្ជើញខាងសន្តិសុខ និងអ្នកលក់ចង្រិត មកសាកសួរអំពីករណីកើតហេតុ ខាងលើរួចហើយ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ជាលទ្ធផល ភាគីទាំងសងខាង បានស្រុះស្រួលគ្នាបញ្ចប់បញ្ហា ហើយខាងសន្តិសុខក៏បានថតវីដេអូបកស្រាយ និងសុំទោសផងដែរ៕