(ព្រះវិហារ)៖ រដ្ឋបាលស្រុករវៀង និងឃុំទាំង១២ទូទាំងស្រុក ក្នុងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា «៧ មករា ១៩៧៩-៧ មករា ២០២៥» ដែលមានមហាជនចូលរួមចំនួនប្រមាណជាង២៥០០នាក់។ នេះបើតាមការថ្លែងបញ្ជាក់ពីលោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករវៀង។

លោក អ៊ុក គឹមសាន បានថ្លែងបញ្ជាក់ថា សម្រាប់រដ្ឋបាលស្រុករវៀង និងឃុំចំនួន២ទៀត នៅព្រឹកថ្ងៃនេះមានការរៀបចំពិធីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧មករារួមគ្នា ដែលមានរូបលោក និងថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងយុវជន សរុបចំនួនជាង៥០០នាក់។ ដោយឡែកនៅតាមបណ្តាលឃុំទាំង១០ទៀត ក៏មានការរៀបចំពិធីអបអររសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះថ្ងៃ៧មករានេះដែរ ដូច្នេះទូទាំងស្រុករវៀងទាំងមូល មហាជនចូលរួមមានចំនួនប្រមាណជាង២៥០០នាក់។

បន្ទាប់ពីបានស្តាប់សារលិខិតដែលមានខ្លឹមសារ និងអត្ថន័យយ៉ាងជ្រាលជ្រៅ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភារួចមក លោក អ៊ុក គឹមសាន បានថ្លែងលើកឡើងថា ការរៀបចំមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ៧មករា ប្រកបដោយបរិយាកាសដ៏សប្បាយរីករាយនាឱកាសនេះ គឺស្ថិតក្រោមដំបូលនៃសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបន្តដឹកនាំប្រទេសជាតិ រក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងបានដាក់ចេញនូវចក្ខុវិស័យ ប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០២៥០។

លោក អ៊ុក គឹមសាន ក៏បានថ្លែងអំពាវនាវឲ្យចូលរួមទាំងអស់គ្នា ប្តេជ្ញាថែរក្សារាល់សមិទ្ធផលដែលសម្រេចបានក្រោយថ្ងៃរំដោះ ៧មករា ឲ្យបានគង់វង្សជារៀងរហូត ដោយមិនអនុញ្ញាតឲ្យមជ្ឈដ្ឋានណាមួយមកបំផ្លាញទៅវិញបានឡើយ ទោះបីជាត្រូវបង់ដោយតម្លៃណាមួយក៏ដោយ។ពិ សេសត្រូវចូលរួមថែរក្សាការពារសុខសន្តិភាពមានសព្វថ្ងៃ ដែលបានមកដោយលំបាក ឲ្យនៅគង់វង្សយូរអង្វែង ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រធាន និងសម្តេចធិបតី ជាអនុប្រធាន និងសម្តេចអនុប្រធានជាច្រើនរូបទៀត ដើម្បីឲ្យប្រទេសកម្ពុជា កាន់តែអភិវឌ្ឍរីកចម្រើនតទៅមុខថែមទៀត។

ជាមួយគ្នានេះ លោក អ៊ុក គឹមសាន ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសប្អូនៗជាសិស្សានុសិស្ស ជាយុវជនជំនាន់ក្រោយ សូមធ្វើការចងចាំជានិច្ច និងបន្តថែរក្សាថ្ងៃ៧មករា ឲ្យស្ថិតនៅក្នុងក្រៅបេះដូងគ្រប់ៗគ្នា ក្រោមម្លប់នៃសន្តិភាព នៃគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងការពារឲ្យបានគង់វង្សស្មារតី ៧មករា ដោយមិនឲ្យក្រុមប្រឆាំងណាមួយ យកថ្ងៃ៧មករា វាយរំលំមកលើរាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជាបានឡើយ និងត្រូវចាត់ទុកថ្ងៃ ៧មករា ជាថ្ងៃកំណើតទី២របស់យើងទាំងអស់គ្នា។

សូមបញ្ជាក់ថា នៅក្នុងឱកាសដ៏សប្បាយរីករាយអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧មករានេះ លោក អ៊ុក គឹមសាន និងលោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ក៏បានរៀបចំពិសារនំបញ្ចុកសាមគ្គី និងភេសជ្ជៈ ជូនដល់ប្រជាពលរដ្ឋដែលបានចូលរួម និងរៀបចំការរាំលេងកម្សាន្ដជួបជុំគ្នា ដោយភាពស្និតស្នាល និងសប្បាយរីករាយក្រៃលែង។ ដោយឡែកចំពោះបណ្តាលឃុំទាំង១០ផ្សេងទៀត ក៏បានរៀបចំពិសារនំបញ្ចុកសាមគ្គី និងរាំលេងកម្សាន្ដដូចគ្នា៕