(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរងផែនការងារសេនាធិការ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់ផែនការងារសេនាធិការ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។
នាឱកាសនោះ លោកបានដាក់ទិសដៅ ៥ ចំណុច ដល់មន្ត្រីនគរបាលចំណុះឲ្យផែនយកទៅអនុវត្តបន្ត ឲ្យទទួលប្រសិទ្ធិភាពខ្ពស់ រួមមាន៖
១៖ ត្រូវពង្រឹងបទវិន័យលេខ ៨៧៣ របស់កងកម្លាំងនគរបាលជាតិ៖
* អំពីសីលធម៌ សំដីសំដៅទន់ភ្លន់ សុភាពរាបសា និងទំនាក់ទំនងល្អរវាងគ្នា និងគ្នា ក្នុងអង្គភាព និងក្រៅអង្គភាព
* ត្រូវរៀបចំខ្លួន ក្នុងនាមជាកងកម្លាំង មានគ្រងឯកសណ្ឋានត្រូវ ក្នុងម៉ោងធ្វើការ សាកសមជាមន្ត្រីនគរបាលជាតិ
* ត្រូវពិនិត្យមើលវត្តមាន និងម៉ោងធ្វើការកម្លាំង ឲ្យបានត្រឹមត្រូវក្នុងការឈប់សម្រាក និងតាមកាលកំណត់
* ត្រូវចេះថែទាំសុខភាព និងអនាម័យឲ្យបានត្រឹមត្រូវ
២៖ ត្រូវពង្រឹងការងារជំនាញ ដោយ រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាដោះស្រាយ ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ និងប្រសិទ្ធិភាព
៣៖ យកចិត្តទុកដាក់របៀបរបបការងាររដ្ឋបាល ព្រមទាំពង្រឹងសមត្ថភាពជំនាញ តាមរយៈការសិក្សា រយៈវែង និងខ្លី រួមផ្សំស្រាវជ្រាវតាមបណ្ដាញសង្គមឌីជីថល ហើយពង្រឹងការទំនាក់ទំនង កិច្ចសហការល្អ ជាមួយមន្ត្រីរាជការ និងមហាជនជុំវិញខេត្ត
៤៖ ធ្វើការគ្រប់គ្រងឯកសារ និងរូបភាព ជាប្រចាំ ក្នុងអង្គភាព ពិសេសចងក្រង អំពីសមិទ្ធផល ស្នាដៃ ដែលថ្នាក់ដឹកនាំ កងកម្លាំង ក្នុងអង្គភាព សម្រេចបាននាពេលកន្លងមក
៥៖ ត្រូវចេះសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានល្អប្រសើរ ជួយគ្នា ទៅវិញ ទៅមក ក្នុងគ្រាជួបទុក្ខលំបាក៕