(ព្រះវិហារ)៖ រដ្ឋបាលស្រុកឆែប ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា «៧ មករា ១៩៧៩-៧ មករា ២០២៥» ក្រោមវត្តមានឧត្ដមសេនីយ៍ឯក ពៅ សុខា មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកាំភ្លើងធំ នៃបញ្ជាការដ្ឋានកងទព័ជើងគោក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆែប និងលោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹកព្រះវិហារ និងជាអនុប្រធានទី១ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកឆែប ដោយមានការចូលរួមពីលោក លោកស្រី គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ មន្ត្រីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស ជាច្រើនរូបទៀត ដែលពិធីនេះធ្វើឡើងនៅអនុវិទ្យាល័យស្រុកឆែប។
ជាមួយនឹងដំណើរការនៃអង្គញមិទ្ទិញជាប្រវត្តិសាស្ត្រអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧មករានាថ្ងៃនេះ លោកឧត្តមសេនីយ៍ឯក ពៅ សុខា និងលោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ សិស្សានុសិស្ស បានលំឱនកាយគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី និងអ្នកស្នេហាជាតិ ដែលបានធ្វើពលីកម្ម បូជាសាច់ស្រស់ ឈាមស្រស់ អាយុជីវិតក្នុងបុព្វហេតុ រំដោះប្រទេសជាតិ និងពលរដ្ឋឱ្យរួចចាកផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ដែលពោរពេញទៅដោយឈាម និង ទឹកភ្នែក រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដែលជាគំរូវីរភាពនៃការធ្វើពលិកម្មមិនអាចកាត់ថ្ងៃបាន។
បន្ទាប់ពីបានស្តាប់សារលិខិតដែលមានខ្លឹមសារ អត្ថន័យយ៉ាងជ្រាលជ្រៅ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភារួចមក លោកឧត្រមសេនីយ៍ឯក ពៅ សុខា បានថ្លែងលើកឡើងថា ការរៀបចំមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ៧មករា នាឱកាសនេះ ប្រកបដោយបរិយាកាសដ៏សប្បាយរីករាយ ស្ថិតក្រោមដំបូលនៃសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតឈ្លៀសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបន្តដឹកនាំប្រទេសជាតិ រក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងបានដាក់ចេញនូវចក្ខុវិស័យ ប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០២៥០។
លោកបានអំពាវនាវឱ្យចូលរួមទាំងអស់គ្នាប្តេជ្ញាថែរក្សា រាល់សមិទ្ធផលដែលសម្រេចបានក្រោយថ្ងៃរំដោះ ៧មករា ឱ្យបានគង់វង្សជារៀងរហូត ដោយមិនអនុញ្ញាតឱ្យមជ្ឈដ្ឋានណាមួយមកបំផ្លាញទៅវិញបានឡើយ ទោះបីជាត្រូវបង់ដោយ តម្លៃណាមួយក៏ដោយ។ ពិសេសត្រូវចូលរួមការពារសុខសន្តិភាពដែលមានសព្វថ្ងៃដែលយើងបានមកដោយលំបាក ឱ្យនៅគង់វង្សយូរអង្វែងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រធាន និងសម្តេចធិបតី ជាអនុប្រធាន និងសម្តេចអនុប្រធានជាច្រើនរូបទៀត ដើម្បីឱ្យប្រទេសយើងកាន់តែអភិវឌ្ឍរីកចម្រើនតទៅមុខថែមទៀត។
ដោយឡែកលោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ពិសេសប្អូនៗជាសិស្សានុសិស្ស ជាយុវជនជំនាន់ក្រោយ សូមធ្វើការចងចាំជានិច្ច និងបន្តថែរក្សាថ្ងៃ៧មករា ឱ្យបានជាប់នៅក្នុងក្រៅបេះដូងគ្រប់ៗគ្នា ក្រោមម្លប់នៃសន្តិភាព នៃគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងការពារឱ្យបានគង់វង្សស្មារតី ៧មករា ដោយមិនឱ្យក្រុមប្រឆាំងណាមួយ យកថ្ងៃ៧មករាវាយរំលំមកលើរាជ រដ្ឋាភិបាលស្របច្បាប់ដឹកដោយគណបក្សប្រជាជនកម្ពុជា និងក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជាបានឡើយ និងត្រូវចាត់ទុកថ្ងៃ ៧មករា ជាថ្ងៃកំណើតទី២របស់យើងទាំងអស់គ្នា។
សូមបញ្ជាក់ថា នៅក្នុងឱកាសដ៍សប្បាយរីករាយអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា នេះដែរ លោកឧត្តមសេនីយ៍ឯក ពៅ សុខា និងលោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា រួមជាមួយថ្នាក់ដឹកនាំស្រុកឆែប បានកាត់ខ្សែបូរណ៍សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការខ្លោងទ្វារថ្មីរបស់គណបក្សស្រុកដែលសាងសង់អស់ថវិកា៤៥០០ដុល្លា ដែលឧបត្ថម្ភដោយលោក នូ វ៉ែន អតីតប្រធានគណបក្សស្រុកឆែប និងការចាក់សាបមុខខ្លោងទ្វារ ជាមួយនឹងការប្រគល់ពានរង្វាន់លេខ១ បាល់ទាត់នារី ដល់សិស្សនិស្សិតបញ្ញាវន្តក្មេងវត្តស្រុកឆែប និងប្រគល់លិខិតសរសើររបស់លោកអភិបាលខេត្តព្រះវិហារផងដែរ៕