(ភ្នំពេញ)៖ វីដេអូពីម៉ាស៊ីនថតស្វ័យប្រវត្តិ បានបង្ហាញវត្តមានដំរីអាស៊ីមួយហ្វូង ដើរឆ្លងកាត់តំបន់ការពារនៅតំបន់ជួរភ្នំក្រវាញកណ្តាលនៃប្រទេសកម្ពុជា។ បីក្បាលក្នុង ចំណោមដំរីមួយហ្វូងនេះ គឺជាកូនដំរី ដែលមើលទៅហាក់មានសុខភាពល្អ។

វត្តមាននៃកូនដំរី បង្ហាញពីក្តីសង្ឃឹមនៃការរស់រាន និងបន្តពូជនៃប្រភេទសត្វដ៏កម្រនេះ។ សត្វដំរីអាស៊ី គឺជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជ ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ដែលរងការគំរាមកំហែងពីអន្ទាក់ និងការបាត់បង់ទីជម្រកទូទាំងពិភពលោក។

យោងតាមក្រសួងបរិស្ថាន មានដំរី អាស៊ី ចំនួន ប្រមាណ ពី ៤០០ ទៅ៦០០ក្បាល នៅ កម្ពុជា ហើយភាគ ច្រើនពួកវារស់ នៅក្នុង តំបន់ ជួរភ្នំក្រវាញ និងតំបន់ ខ្ពង់ រាប ភាគ ខាង កើត។ នៅក្នុងធម្មជាតិ សត្វដំរី ដើរតួនាទីជាវិស្វករនៃប្រព័ន្ធអេកូឡូស៊ី ដោយមានមាឌធំសម្បើម ពួូកវាត្រួសត្រាយផ្លូវក្នុងព្រៃសម្រាប់សត្វតូចៗដទៃទៀត។

សត្វដំរីក៏ដើរតួនាទីយ៉ាងសំខាន់ផង ក្នុងការបែកខ្ញែកគ្រាប់ពូជនៅក្នុងព្រៃ និងពួកវាត្រូវការជម្រកធម្មជាតិដែលមានទំហំធំសមរម្យដើម្បីចល័ត ស្វែងរកចំណី និងរស់នៅ។

នៅតំបន់ជួរភ្នំក្រវាញកណ្តាល អង្គការអភិរក្សអន្តរជាតិកម្ពុជា ជាមួយរាជរដ្ឋាភិបាលកម្ពុជា មានក្រសួងបរិស្ថាន អាជ្ញាធរ សហគមន៍មូលដ្ឋាន ជនជាតិដើមភាគតិច និងដៃគូពាក់ព័ន្ធ ដោយមានការគាំទ្រពី USAID Morodok Baitang-មរតកបៃតង និង The Legacy Landscapes Fund និង Procter & Gamble Co ធ្វើការរួមគ្នាក្នុងការពារសត្វព្រៃរួមទាំងដំរីអាស៊ី និងជម្រករបស់វា តាមរយៈគម្រោង REDD+។

ការការពារទីជម្រកធម្មជាតិ គឺមានសារៈសំខាន់ណាស់ក្នុងការរស់រាននៃសត្វដំរីអាស៊ី និងសត្វព្រៃសំខាន់ៗដទៃទៀត ដែលរក្សានូវលំនឹងបរិស្ថានធម្មជាតិ៕