(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានលើកឡើងថា សុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ចជាកាលជាក្តីកង្វល់របស់រាជរដ្ឋាភិបាល។ រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នីតិកាលទី៧ បានដាក់ចេញគោលនយោបាយយុទ្ធសាស្ត្រ វិធានការសកម្មភាពចាំបាច់នានា ដើម្បីដោះស្រាយកង្វល់ និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ ដើម្បីឆ្លើយតបជំនឿទុកចិត្តរបស់ ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
ការលើកឡើងបែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក វ៉ា ថន អភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលស្រុក និងថ្នាក់ដឹកនាំមកពីឃុំ សង្កាត់ នៃខេត្តក្រចេះ ជាច្រើនរយនាក់ផងដែរ។ កិច្ចប្រជុំនេះក៏បានអនុញ្ញាតឱ្យក្រុមការងារចុះមូលដ្ឋានលើកឡើងពីបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាន ដើម្បីស្វែងរកដំណោះស្រាយឱ្យទាន់ពេលវេលាផងដែរ។
ជាមួយគ្នានេះលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ដែលទទួលបានការទុកចិត្តពីសំណាក់ប្រជាពលរដ្ឋតាមរយៈការបោះឆ្នោត បានខិតខំប្រឹងប្រែងរៀបចំនូវគោលនយោបាយ យុទ្ធសាស្ត្រ ផែនការ និងសកម្មភាពនានាដើម្បីឆ្លើយតបនឹងបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសុខដុមរម្យនីយកម្មក្នុងសង្គមជូនប្រជាពលរដ្ឋ។
ត្រង់ចំណុចនេះដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន, លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានណែនាំឱ្យអាជ្ញាធរពង្រឹងសេវាសាធារណៈជូនប្រជាពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាល ដើម្បីកាត់បន្ថយការលំបាក និងផ្តល់ជំនឿចិត្តឱ្យកាន់តែខ្លាំងមកលើអាជ្ញាធរ រាជរដ្ឋាភិបាល ពោលសុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ លោករដ្ឋមន្ត្រី ក៏បានណែនាំឱ្យអាជ្ញាធរស្រុកដែលមានភូមិ ឃុំ ស្ថិតនៅក្នុងតំបន់ដាច់ស្រយាលសិក្សាឱ្យច្បាស់លាស់ពីភូមិឋានប្រជាពលរដ្ឋដែលនៅដាច់ឆ្ងាយពីគ្នា ដើម្បីពិនិត្យមើលទ្ធភាពបង្កើតឱ្យមានតំណាងសម្រាប់បម្រើសេវាជូនប្រជាពលរដ្ឋ ទៅសុំសេវាសាធារណៈ ឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព។
បន្ថែមនេះតាមរយៈកិច្ចប្រជុំនេះ, ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ក៏បានអនុញ្ញាតឱ្យប្រធានក្រុមការងាររាជរដ្ឋាភិបាលដែលចុះនៅតាមមូលដ្ឋានស្រុក ក្រុងនៅក្នុងខេត្តក្រចេះ ឡើងបញ្ចេញមតិលើពីបញ្ហាប្រឈម នានាដែលបានជួបប្រទះកន្លងមក ដើម្បីស្វែងការដោះស្រាយឱ្យបានទាន់ពេលវេលា សំដៅទៅរកភាពជោគជ័យនៅក្នុងដំណើរការបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានទាន់ពេលផងដែរ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងក្នុងនាមលោកផ្ទាល់សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៃរដ្ឋបាលគ្រប់លំដាប់ថ្នាក់ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ មន្រ្តីរាជការ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ដែលបានយកអស់កម្លាំង ប្រាជ្ញា ស្មារតី សហការសាមគ្គីគ្នាបានយ៉ាងល្អ នៅក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវ រហូតឈានទៅសម្រេចបាននូវសមិទ្ធផលនានាជាច្រើនជូនប្រជាពលរដ្ឋ ក្នុងទូទាំងខេត្ត។
ប្រធានក្រុមការងារបានផ្តាំផ្ញើដល់ប្រធាន អនុប្រធាន និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុក ក្រុងទាំង៧ ក្នុងខេត្តក្រចេះ ត្រូវបន្តការផ្សារភ្ជាប់នូវទំនាក់ទំនងល្អជាប្រជាពលរដ្ឋ ហើយបន្តរៀបចំវេទិកាសាធារណៈនៅតាមឃុំ ស្រុកនានា ដើម្បីក្តាប់ឱ្យបាននូវក្តីកង្វល់ សំណើ និងសំណូមពរពីប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីរួមគ្នាដោះស្រាយនូវរាល់បញ្ហាដែលកើតមានឡើង ជាពិសេសបន្តរួមគ្នាក្នុងការថែរក្សាសន្តិភាព និងបន្តជំរុញការ អភិវឌ្ឍសេដ្ឋកិច្ច សង្គម ដើម្បីលើកស្ទួយជីវភាពរបស់ប្រជាជន។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានណែនាំបន្ថែមដល់ក្រុមការងារត្រូវតាមដាន និងក្តាប់ឱ្យនូវសភាពការណ៍នានានៅក្នុងមូលដ្ឋានឱ្យបានច្បាស់លាស់ ក្នុងន័យធ្វើយ៉ាងណាដោះស្រាយបញ្ហាដែលបានកើតឡើងបានរហ័ស ទាន់ពេល ជាពិសេសដើម្បីបញ្ជាក់ឱ្យច្បាស់ថា តើបញ្ហាទាំងនេះកើតឡើងដោយសារមូលហេតុអ្វី មានអ្នកណានៅពីក្រោយខ្នងបញ្ឆេះឱ្យកើតមានទំនាស់នៅក្នុងមូលដ្ឋានជាដើម។
បន្ថែមពីនេះ ប្រធានក្រុមការងារក៏បានលើកទឹកចិត្តដល់មន្ត្រីទាំងអស់ ត្រូវហ៊ានតែនិយាយពីចំណុចខ្វះខាត ដើម្បីឈានទៅរកដំណោះស្រាយភ្លាមៗ ទាន់ពេលវេលា និងត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យរឹងមាំ ដើម្បីផ្តល់នូវជំនឿចិត្តដល់ប្រជាពលរដ្ឋឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតចំពោះមន្ត្រីគណបក្សប្រជាជនកម្ពុជា។ សម្រាប់គោលដៅរួមរបស់គណបក្សប្រជាជនកម្ពុជា គឺបម្រើប្រជាជនដោយភាពស្មោះត្រង់៕