(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មាន ទាក់ទិននឹងករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកក្រគរ កាលពីរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ដែលនៅក្នុងហេតុការណ៍នោះ មិនមាន អភិបាលរងខេត្តណាម្នាក់ ស្ថិតនៅក្នុងហេតុការណ៍ ឬនៅក្នុងរថយន្តជាមួយនោះឡើយ។

ក្នុងសេចក្តីជូនដំណឹងនោះ បានសរសេររៀបរាប់ថា រដ្ឋបាលខេត្តពោធិ៍សាត់ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និងបណ្តាញផ្សព្វផ្សាយ ព័ត៌មានទាំងអស់ឱ្យបានជ្រាបថា នារសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នៅចំណុចក្បាលសៀម ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយរថយន្ត១គ្រឿង បើកបរដោយឈ្មោះ តាន់ មេសា ភេទប្រុស ជាមួយម៉ូតូ១គ្រឿង បើកបរបញ្ច្រាសទិសគ្នា បណ្តាលឱ្យស្លាប់ មនុស្ស ០៣នាក់ និងរងរបួស ០១នាក់។ ក្នុងពេលគ្រោះថ្នាក់ពុំមានអភិបាលរងខេត្តពោធិ៍សាត់ណាម្នាក់ បាននៅក្នុងហេតុការណ៍នោះ ឬនៅក្នុងរថយន្តជាមួយឡើយ។

រដ្ឋបាលខេត្តពោធិ៍សាត់ មានការសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយគ្រួសារសពចំពោះហេតុការណ៍ដ៏អាក្រក់មួយនេះ និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

គួរជម្រាបជូនថា កាលពីវេលា​ម៉ោង​១៥៖​៤៥​នាទី​រសៀល ​ថ្ងៃ​ទី​០៧ ខែមក​រា ឆ្នាំ​២០២៥ នៅ​លើ​កំណាត់​ផ្លូវ​ក្រួស​ក្រហម​មួយ​ខ្សែ ស្ថិតក្នុងភូមិ​ថ្មី ឃុំ​ត្នោត​ជុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ មានករណីគ្រោះថ្នាក់​ចរាចរណ៍មួយ បាន​កើតឡើង​រវាង​រថយន្ដ​មួយ​គ្រឿង​ម៉ាក ​TOYOTA ​VIGO ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ពោធិ៍សាត់ 2C-9699 បើកបរ​ដោយ​ឈ្មោះ តាន់ មេ​សា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិប្រម៉ោយ ​ឃុំ​ប្រម៉ោយ ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ បានបុកជាមួយ​ម៉ូតូ ​HONDA​WAVE ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិ៍សាត់ 1N-1400 ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បើកបរដោយឈ្មោះ ឈុំ សុ​ផុ​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ (​ជា​ប្ដី​) រួមដំណើរជាមួយឈ្មោះ ហេង គឹ​ម​ឡេ​ង ភេទ​ស្រី អាយុ​២៧​ឆ្នាំ ​(​ជា​ប្រពន្ធ​) និង​ឈ្មោះ ផុ​ន ផ​អ៊ី ភេទ​ស្រី អាយុ​០៥​ឆ្នាំ (​ជា​កូន​)​បានស្លាប់ៗនៅនឹងកន្លែងកើតហេតុ។ ចំណែក​កូនស្រី​ម្នាក់​ទៀត អាយុ​០៣​ឆ្នាំ រង​របួសធ្ងន់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ក្រុម​គ្រួសារ​ជន​រង​គ្រោះ រស់នៅ​ភូមិ​ត្រាំ​សេះ ឃុំ​បឹង​បត់​កណ្ដោល ស្រុក​បាកាន ខេត្តពោធិ៍សាត់​។

ករណីគ្រោះថ្នាក់​ចរាចរណ៍​នេះ ត្រូវបានសមត្ថកិច្ចអះអាងថា បណ្ដាល​មក​ពី​អ្នកបើកបរ បើកបរ​ក្នុង​ល្បឿន​លឿន មិន​ប្រកាន់​ស្ដាំ គួប​ផ្សំ​ផ្លូវ​កោង និង​ដី​ហុយ​ពី​រថយន្ដ ​(​ពិបាក​មើលផ្លូវ​)​។ បច្ចុប្បន្នសាកសពជនរងគ្រោះ​ទាំង​០៣​នាក់ បាន​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។ ចំណែក​វត្ថុ​តាង និង​អ្នកបើកបរ​រថយន្ដ បាន​ធ្វើការ​ឃាត់ខ្លួន ​បញ្ជូន​ទៅ​កាន់ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ ដើម្បីចាត់ការ​តាម​នីតិវិធី៕