(ព្រះវិហារ)៖ ប្រជាពលរដ្ឋដែលធ្លាប់ឆ្លងកាត់របបប្រល័យពូជសាសន៍ ប៉ុល ពត រស់នៅមូលដ្ឋានស្រុកសង្គមថ្មី ខេត្តព្រះវិហារ នាំគ្នាសាទរថ្ងៃជ័យជម្នះ៧មករា ដោយចាត់ទុកជាថ្ងៃប្រវត្តិសាស្ដ្រ និងជាថ្ងៃកំណើតទី២របស់ពួកគាត់។

ក្រៅពីសាទរថ្ងៃជ័យជម្នះ៧មករានេះ ពួកគាត់ក៏មិនភ្លេចនូវការផ្ដាំផ្ញើដល់យុវជនជំនាន់ក្រោយ ត្រូវចង់ចាំថ្ងៃប្រវត្តិសាស្ដ្រមួយនេះ ហើយត្រូវតែរួបរួមគ្នាដើម្បីការពារសុខសន្ដិភាព ដែលប្រទេសកម្ពុជាកំពុងមាននៅពេលបច្ចុប្បន្ននេះឲ្យបានជាដាច់ខាត។

ការអបអរសាទរ និងផ្ញើសារទៅកាន់យុវជនជំនាន់ក្រោយនេះ ធ្វើឡើងក្នុងពិធីអបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ៧មករា ដែលដឹកនាំរៀបចំឡើងដោយលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសង្គមថ្មី នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥នេះ។

លោក សំ លាងទ្រី បានលើកឡើងថា ការរៀបចំមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ៧មករា នាឱកាសប្រកបដោយក្តីសប្បាយរីករាយនាពេលនេះ គឺស្ថិតក្រោមដំបូលនៃសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតឈ្លាសវៃ និងបុិនប្រសព្វរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបន្តដឹកនាំប្រទេសជាតិ រក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងបានដាក់ចេញនូវចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកបានថ្លែងបន្ដថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងបន្តដឹកនាំនាវាកម្ពុជា និងធានាបាននិរន្តរភាពជាតិ សន្តិភាព ស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងបានកំពុងបង្កើតសមិទ្ធផលថ្មីៗថែមទៀត ដើម្បីឈានទៅសម្រេចឲ្យបាននូវចក្ខុវិស័យ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោក សំ លាងទ្រី បានសង្កត់ធ្ងន់ថា ដើម្បីការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដូចនេះសូមគាំទ្រគោលគំនិតក្នុងការកសាងច្បាប់ កំណត់ជនណា ឬក្រុមណា ដែលមានគម្រោង ឬឃុបឃិតបង្កើតចលនាប្រឆាំងជ្រុលនិយម ដែលបំពុលសង្គមបំផ្លាញដំណើររីកចម្រើនរបស់ជាតិ បង្កការបែកបាក់ជាតិ និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាភេរវករ ដែលត្រូវតែនាំខ្លួនយកមកវិនិច្ឆ័យទោស។

លោកប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសង្គមថ្មី ក៏បានថ្លែងអំពាវនាវថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សារាល់សមិទ្ធផល ដែលសម្រេចបានក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ឲ្យបានគង់វង្សជារៀងដ៏រាប ដោយមិនអនុញ្ញាតិឲ្យមជ្ឈដ្ឋានណាមួយ មកបំផ្លាញទៅវិញបានឡើយ ទោះបីជាត្រូវបង់ដោយតម្លៃណាក៏ដោយ។ ម្យ៉ាងវិញទៀត ត្រូវចូលរួមថែរក្សាអានាម័យ បរិស្ថាន នៅតាមទីសាធារណៈ និងផ្ទះសំបែងរបស់ខ្លួន ដោយចូលរួមដាំដើមឈើ ពិសេសមិនត្រូវចាក់ដីលុបប្រឡាយ លុបលូ ដែលនាំឲ្យស្ទះទឹកនៅរដូវវស្សា បណ្តាលឲ្យផ្លូវថ្នល់ងាយរងការខូចខាត៕