(ក្រចេះ)៖ នៅក្នុងរយៈពេល១ឆ្នាំ សម្រាប់ឆ្នាំ២០២៤ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានរៀបចំវេទិកាសាធារណៈ ការចូលរួមសកម្មភាពនានានៅមូលដ្ឋាន ការជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ការចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្រ គ្រួសារងាយរងគ្រោះ និងការចូលរួមកសាងសមិទ្ធផលសង្គមនានាបានចំនួន២២៥លើក មានប្រជាពលរដ្ឋចូលរួមសរុប ២៤,៥៤២នាក់ ស្រី ១០,១៧៣នាក់។
លោក វ៉ា ថន អភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានឱ្យដឹងថា សម្រាប់ការធ្វើវេទិកាសាធារណៈនៅតាមមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ក្រុមការងារទទួលបានសំណើ សំណូមពរពីប្រជាពលរដ្ឋចំនួន ៣៣៤ករណី បានដោះស្រាយចំនួន២៤៦ករណី ស្មើនឹង៧៤,២៥% និងកំពុងដោះស្រាយចំនួន ៦៦ករណី ស្មើនឹង១៩,៤៦% បាននិងមានវិធានការដោះស្រាយចំនួន ១៦ករណី ស្មើនឹង៤,១៩% និងស្នើសុំទៅថ្នាក់ជាតិជួយដោះស្រាយចំនួន៦ករណី។
លោក វ៉ា ថន បានបន្តថា ជារួមបញ្ហាមួយចំនួនដែលក្រុមការងារមិនអាចធ្វើការដោះស្រាយបានភាគច្រើនជាការស្នើសុំមានទំហំធំលើសពីធនធាន និងសមត្ថភាពរបស់ក្រុមការងារ រដ្ឋបាលថ្នាក់ក្រោមជាតិ និងមួយចំនួនទៀតកំពុងសិក្សារៀបចំសំណើទៅថ្នាក់ជាតិ។ សំណើ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ត្រូវបានក្រុមការងាររាជដ្ឋាភិបាលចុះមូលដ្ឋាន រដ្ឋបាលខេត្ត និងមន្ទីរ-អង្គភាពជំនាញ បានខិតខំបំភ្លឺ និងដោះស្រាយបានជាច្រើន រីឯបញ្ហាដែលមិនអាចដោះស្រាយបានតាមសំណូមពររបស់ប្រជាពលរដ្ឋខិតខំរៀបចំដោះស្រាយជាជំហានៗ ទៅតាមគម្រោងថវិការដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាព និងមូលនិធិឃុំ សង្កាត់។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥នេះ, លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ សូមសម្តែងការកោតសរសើរចំពោះស្មារតីសហការសាមគ្គីគ្នា ពុះពារគ្រប់ឧបសគ្គ ខិតខំធ្វើការបម្រើប្រជាពលរដ្ឋ បាននាំមកនូវជោគជ័យយ៉ាងធំធេង និងបង្កើតបានជាសមិទ្ធផលជាបន្តបន្ទាប់លើគ្រប់វិស័យជូនជាតិ និងប្រជាជនក្នុងនោះការរក្សាបាននូវសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ ការរក្សាបានកំណើនសេដ្ឋកិច្ច និងលំនឹងជីវភាពរបស់ប្រជាជន ការទទួលបានជោគជ័យលើការងារសតិអារម្មណ៍នយោបាយ សេដ្ឋកិច្ច-សង្គម ព្រមទាំងការអភិវឌ្ឍនានានៅតាមមូលដ្ឋានជាដើម។
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានយកចិត្តទុកដាក់ខ្ពស់ និងកំណត់ទុកការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ជាយន្តការដ៏មានសារៈសំខាន់សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងរវាងរាជរដ្ឋាភិបាល និងប្រជាជន តាមរយៈការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកម្មវិធីនយោបាយ ផែនការអភិវឌ្ឍជាតិ គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព កម្មវិធីកំណែទម្រង់តាមវិស័យ ក៏ដូចជាសភាពការណ៍របស់ជាតិ-អន្តរជាតិ និងការរីកចម្រើននៅមូលដ្ឋាន។
ទន្ទឹមនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានមានតួនាទីផ្តល់ការណែនាំ តម្រង់ទិស គាំទ្រ និងជំរុញការលើកកម្ពស់ សមត្ថភាពស្ថាប័ននៅមូលដ្ឋាន ដើម្បីពង្រឹងការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មូលដ្ឋាន ការចូលរួមបំផុសប្រជាពលរដ្ឋតាមមូលដ្ឋានឱ្យគាំទ្រ និងចូលរួមអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ កម្មវិធីគោលនយោបាយជាអាទិភាពទាំង៦ និងវិធានការគន្លឹះនានារបស់រាជរដ្ឋាភិបាលឱ្យបានសកម្មផុលផុស នៅតាមមូលដ្ឋាននីមួយៗ ព្រមទាំងចូលរួមគាំទ្រ និងជំរុញការអភិវឌ្ឍមូលដ្ឋានការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការដោះស្រាយឆ្លើយតបសំណើ សំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព សំដៅរួមគ្នាបន្តជំរុញការអភិវឌ្ឍប្រទេសជាតិ ឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជាប្រទេសចំណូលខ្ពស់។
លោក វ៉ា ថន បានបន្ថែមថា ក្នុងរយៈពេលពេញមួយឆ្នាំ២០២៤ កន្លងទៅនេះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបានខិតខំយកចិត្តទុកដាក់អនុវត្តនូវតួនាទី ភារកិច្ចរបស់ខ្លួនយ៉ាងសកម្មក្នុងការជំរុញ និងលើកកម្ពស់ការទទួលខុសត្រូវលើការងារផ្តល់សេវាសាធារណៈ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងការអភិវឌ្ឍនៅមូលដ្ឋានក្នុងនោះក៏បានជំរុញឱ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បានផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន សំដៅចូលរួមដោះស្រាយបញ្ហាប្រឈមជាក្តីកង្វល់ សំណើ សំណូមពរ និងទំនាស់ក្នុងគោលដៅគាំទ្រ និងជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាឱ្យកាន់តែមានប្រសិទ្ធភាព។
ជាមួយគ្នានេះតាមរយៈនៃការរៀបចំវេទិកាសាធារណៈ ការចុះជួបសំណាលជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន គឺជា ឱកាសដ៏ល្អដែលប្រជាពលរដ្ឋបានចូលរួម និងលើកយោបល់ដោយត្រង់ៗនូវក្តីកង្វល់ បញ្ហាប្រឈម សំណើ និងសំណូមពរដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ហើយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានដែលមានក្រសួង ស្ថាប័ន កម្លាំងមានសមត្ថកិច្ច មន្ទីរជំនាញ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ត្រូវបានធ្វើការដោះស្រាយ និងមានវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាប ធ្វើឱ្យពួកគាត់យល់ដឹងអំពីសារៈប្រយោជន៍ អំពីការធ្វើវេទិកាសាធារណៈ ដែលបានស្រាយនូវចំណងទុក្ខលំបាក ក្តីកង្វល់របស់ពួកគាត់ហើយបានធ្វើឱ្យពួកគាត់ចូលរួមយ៉ាងផុសផុលក្នុងការផ្តល់ព័ត៌មានអំពីបញ្ហាដែលកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ពួកគាត់៕