(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា( CDC) ចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលកិច្ចប្រជុំពិភាក្សារបស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើសេចក្តីព្រាងរបាយការណ៍ ស្តីពីវឌ្ឍនភាព​នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP) ក្នុងឆ្នាំ២០២១-២០២៣ ដែលកិច្ចពិភាក្សានេះបានធ្វើឡើងនាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច ក្រោមអធិបតីភាពលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.)។

កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍, លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងថ្នាក់ដឹកនាំ ក្រសួងស្ថាប័នពាក់ព័ន្ធជាសមាជិក គ.ស.ហ. ព្រមទាំងក្រុមការងារនៃលេខាធិការដ្ឋាន IDP សរុបប្រមាណ ៦០រូប។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបណ្តាញព័ត៍មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥នេះ បានបញ្ជាក់ទៀតថា គោលបំណងចម្បងៗនៃកិច្ចប្រជុំរួមមាន៖

ទី១៖ ពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលលើសេចក្តីព្រាង របាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា IDP ក្នុងឆ្នាំ ២០២១-២០២៣,

ទី២៖ ពិនិត្យ និងផ្តល់អនុសាសន៍ជំរុញការអនុវត្តវិធានការដែលនៅសេសសល់និងមាន ភាពយឺតយ៉ាវ

ទី៣៖ ផ្តល់អនុសាសន៍ណែនាំក្នុងការត្រៀមរៀបចំរបាយការណ៍វាយតម្លៃចុងអាណត្តិ នៃការអនុវត្តគោលនយោបាយ IDP៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖