(ក្រចេះ)៖ ព្រះអង្គគ្រូ ព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្លា ព្រះរាជាគណៈកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះអនុគណស្រុកសំបូរ ខេត្តក្រចេះ និងជាព្រះចៅអធិការវត្តព្រះវិហារធំសសរ១០០ និងលោក គង់ មេត្តា អភិបាលស្រុកសំបូរ ខេត្តក្រចេះ បានរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពពានរង្វាន់៧មករា ដើម្បីអបអរសាទរខួប៤៦ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា។
ការប្រកួតនេះបានប្រព្រឹត្តទៅក្រោមបរិយាកាសប្រកបដោយក្តីសប្បាយរីករាយ និងមានការចូលរួមទស្សនាយ៉ាងច្រើនកុះករពីប្រជាពលរដ្ឋនៅក្នុងស្រុកសំបូរ។
ការប្រកួតនេះ ម្ចាស់ជើងឯកលេខ១ ពានរង្វាន់៧មករា ប្រចាំស្រុកសំបូរ ឆ្នាំ២០២៥ បានទៅលើយុវជនក្រុងសម្ភុបុរៈ FC។
ព្រះអង្គគ្រូ ព្រះសិរីសម្ភារ៍ បណ្ឌិត អេង ផល្លា បានមានសង្ឃដីកាគូសបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីអបអរសាទរដល់ថ្ងៃដែលសាសនា និងប្រជាពលរដ្ឋខ្មែរ ត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ បន្ថែមពីលើនោះ ព្រឹត្តិការណ៍នេះ ដើម្បីបង្កើតនូវព្រឹត្តិការណ៍សប្បាយរីករាយ និងបង្កើតសាមគ្គីភាពរបស់យុវជន។
ការប្រកួតនេះ ក្រៅពីការផ្តល់ពានហើយនោះ ក៏មានការផ្តល់រង្វាន់ជាថវិកា ដើម្បីលើកទឹកចិត្តក្រុមកីឡាករទាំងអស់ ដែលចូលរួមបង្កើតកម្មវិធីប្រចាំស្រុកសំបូរ ប្រកបដោយស្នាមញញឹម រីករាយសប្បាយ សាទរកម្ពុជា ក្រោមម្លប់នៃសុខសន្តិភាព៕