(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងជាអង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្មសម្រាប់សមាសភាគទី១ (ACSEP-PIU1) ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងស្ដីពីការបូកសរុបលទ្ធផលការងារអនុវត្តគម្រោងឆ្នាំ២០២៤ និងទិសដៅការងារបន្ត ក្រោមអធិបតីភាពលោក ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជានាយកគម្រោង ACSEP-PIU1 នៅសណ្ឋាគារភ្នំពេញ។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពីលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៤ បញ្ហាប្រឈម កាលានុវត្តភាព និងដំណោះស្រាយ ដែលបានអនុវត្តកន្លងមក និងសំណូមពរនានារបស់ស្ថាប័ន/អង្គភាពពាក់ព័ន្ធ ក្នុងដំណើរការអនុវត្តគម្រោងពាក់ព័ន្ធនឹងដំណើរការប្រតិបត្តិការផ្នែកឥណទានក្នុងឆ្នាំ២០២៤ ដើម្បីឈានទៅរកដំណោះស្រាយសមស្របរួមគ្នាមួយសម្រាប់ការរៀបចំយុទ្ធសាស្រ្តអនុវត្តឱ្យបានកាន់តែល្អប្រសើរសម្រាប់ឆ្នាំ២០២៥។

សិក្ខាសាលានេះ មានការចូលរួមពីសមាជិក/សមាជិកា និងទីប្រឹក្សារបស់ ACSEP-PIU1, តំណាងមកពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB), អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុលនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អង្គភាពអនុវត្តគម្រោង ACSEP-PIU2 & PIU3 និងក្រុមការងារមកពីស្ថាប័នហិរញ្ញវត្ថុដៃគូទាំងពីរ រួមមាន ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងធនាគារស្ថាបនា និងតំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅខេត្តគោលដៅ៕