(កណ្ដាល)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥នេះថា ផលនេសាទត្រីប្រហុកនៅឆ្នាំនេះ កើនឡើងប្រមាណ ១០%បើធៀបនឹងឆ្នាំមុន ខណៈលោកអំពាវនាវដល់ប្រជានេសាទបន្តអនុវត្តច្បាប់ជលផល សំដៅធានានិរន្តភាពត្រីក្នុងធម្មជាតិ។

ការបញ្ជាក់នេះធ្វើឡើងនាឱកាសដែលលោករដ្ឋមន្ត្រីរួមដំណើររបស់ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិន, ក្រុមសហភាពអឺរ៉ុប និងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) ដែលបានចុះពិនិត្យការប្រមូលផលត្រីប្រហុក នៅដាយត្រីលេខ១៥ ស្ថិតក្នុងភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។

ក្នុងដំណើរចុះទស្សនកិច្ចនេះ លោក ឌិត ទីណា បានសម្តែងនូវការសាទរជាខ្លាំងចំពោះផលត្រីក្នុងឆ្នាំនេះ ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋអាចទិញត្រីធ្វើប្រហុកបានកាន់តែច្រើន ក្នុងតម្លៃធូរថ្លៃ។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រសួងកំពុងបន្តតាមដានទិន្នផលត្រីក្នុងឆ្នាំនេះ ដែលការសន្និដ្ឋានបឋមបង្ហាញថា ផលត្រីមានការកើនឡើងជាងឆ្នាំមុនប្រមាណ ១០% ដោយសារការសហការចូលរួមគ្រប់ភាគីពាក់ព័ន្ធ ក្នុងការការបង្ក្រាបបទល្មើសនេសាទ ប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់។

បើតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម, សមិទ្ធផលនេះមិនមែនកើតឡើងដោយចៃដន្យទេ គឺជាកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងការដាក់ចេញនូវយុទ្ធសាស្រ្តការពារអភិរក្សធនធានជលផលបានត្រឹមត្រូវ ព្រមទាំងមានការចូលរួមអនុវត្តពីមន្រ្តីជំនាញជលផល កងកម្លាំងចម្រុះសហគមន៍នេសាទ និងបងប្អូនប្រជានេសាទផងដែរ។

លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍនានា ដែលបានរួមចំណែកក្នុងការការពារធនធានជលផលក្នុងធម្មជាតិ សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ផ្តល់នូវអាហារូបត្ថម្ភដែលមានជីវជាតិគ្រប់គ្រាន់។

ជាថ្មីម្តងទៀត លោក ឌិត ទីណ បានអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ ត្រូវចូលរួមបន្តគោរពច្បាប់ជលផល ប្រើប្រាស់ឧបករណ៍ស្របច្បាប់ និងនេសាទតាមច្បាប់កំណត់ ដើម្បីធានានិរន្តរភាពធនធានជលផលក្នុងធម្មជាតិ៕