(កំពង់ធំ)៖ លោក​ ថោ ជេដ្ឋា សមាជិកគណៈកម្មាធិការ​កណ្តាលគណបក្ស​ប្រជាជន​កម្ពុជា​ អនុប្រធាន​ក្រុមការងារគណបក្ស​ចុះមូលដ្ឋាន​ខេត្តកំពង់ធំ​ និង​ជាប្រធាន​ក្រុមការងារ​គណបក្ស​ចុះមូលដ្ឋានស្រុកស្ទោង​​ នាថ្ងៃទី​១១​ ខែ​មករា​ ឆ្នាំ​២០២៥​ បានសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវ​ការ​អគារស្នាក់ការ​គណបក្សប្រជាជន​កម្ពុជា​ឃុំបន្ទាយ​ស្ទោង​​ ដែលជាសមិទ្ធផលថ្មី​របស់គណបក្ស​ប្រជាជនកម្ពុជា​សម្រាប់បម្រើជាប្រយោជន៍ដ៏សំខាន់​ដល់​កិច្ចការទូទៅ​របស់មន្ត្រីគណបក្ស​​ប្រជាជនកម្ពុជា​​ នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ​​​​។​​​

ពិធី​​នេះ​មានការចូលរួម​ជាកិត្តិយស​ពីលោក​ នួន ផារ័ត្ន​ សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស​ប្រជាជន​កម្ពុជា​ និង​ជាប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត​កំពង់ធំ​ ព្រមទាំង​សមាជិក-សមាជិកាគណបក្ស​ប្រជាជនកម្ពុជា​​ និង​​​ក្រុមការងារគណបក្ស​ចុះមូលដ្ឋាន​គ្រប់លំដាប់ថ្នាក់ក្នុងស្រុកស្ទោង​​សរុបជាង៨០០នាក់។

លោក​​បាន​ពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេច​តេជោ​ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហា​ពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស ព្រមទាំង​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាជាច្រើនរូបទៀត​ ជូនដល់ថ្នាក់ដឹកនាំ ​សមាជិក​-សមាជិកាគណបក្ស​ប្រជាជនកម្ពុជា​គ្រប់កម្រិត​ថ្នាក់​​នៅ​ទូទាំង​ស្រុក​ស្ទោង​​ទាំងមូល។​

លោក​ ថោ ជេដ្ឋា​ បានបញ្ជក់ថា​ ក្នុងស្មារតីនៃការចងចាំនិង​ដឹងគុណ​ថ្ងៃជ័យជម្នះ​៧មករា ប្រជាជនកម្ពុជា​នៅ​​ទូទាំងប្រទេសបានចូលរួម​អបអរសាទរថ្ងៃ​ជាប្រវត្តិសាស្ត្រ​ដែល​បានផ្ដួលរំលំរបបប្រល័យពូជសាសន៍​ ប៉ុល​ ពត​​ ព្រមទាំង​ចងចាំជានិច្ចនូវគុណូបការរបស់វីរកម្មាភិបាល​ យុទ្ធជន-យុទ្ធនារី​នៃកងកម្លាំងប្រដាប់អាវុធបដិវត្តកម្ពុជា​​ ដែលបានធ្វើពលិកម្មយ៉ាងអង់អាចលើសមរភូមិ​ ដើម្បីផ្ដួលរំលំរបបប្រល័យពូជសាសន៍​ និង​ការពារការរស់ឡើងវិញរបស់ប្រជាជន​​។

លោកបានសង្កត់ធ្ងន់ថា​ ចាប់តាំងពីលោកត្រូវបានតែងតាំងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង អ្វីដែលគិតមុនគេនោះ គឺសុខទុក្ខ និង​ជីវភាពរបស់​ប្រជាពលរដ្ឋ ព្រមទាំង​ការកសាងអគារស្នាក់ការគណបក្សឱ្យ​បានគ្រប់ឃុំ ក្នុងស្រុកស្ទោង។

លោកបានបញ្ជាក់ថា​ សមិទ្ធផល​​អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំបន្ទាយស្ទោង​​ ដែលសម្ពោធ​ដាក់ឱ្យប្រើប្រាស់នៅពេលនេះបាន​បង្ហាញឱ្យឃើញពីភាពរីកចម្រើន ច្បាស់លាស់ និងភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់។ អគារនេះ​ត្រូវបានកែលម្អ​សាងសង់​ពង្រីក​ឱ្យ​ធំជាងមុន​​ ដោយ​មានបន្ទប់ការិយាល័យ​ធ្វើការ​ និង​បន្ទប់ប្រជុំ ព្រមទាំងមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត សម្រាប់​បម្រើដល់​ការងាររបស់មន្ត្រីគណបក្ស​ កិច្ចប្រជុំ​ និង​ការជួបជុំនានារបស់សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានេះ​ លោក ថោ ជេដ្ឋា​ បាន​ថ្លែង​នូវការកោតសរសើរ​និង​វាយតម្លៃខ្ពស់​​​ចំពោះ​សមាជិក-សមាជិកា​ក្រុមការងារគណបក្សចុះមូលដ្ឋាន​​​គ្រប់លំដាប់ថ្នាក់​​ ដែលបានរួបរួមគ្នា​បំពេញតួនាទី និង​ភារកិច្ចរបស់ខ្លួនយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់​ ដោយសម្រេចបាននូវសមិទ្ធផល​ដ៏ត្រចះត្រចង់ជូនគណបក្ស និង​ជាតិមាតុភូមិ។​

សូមបញ្ជាក់ថា នៅ​ទូទាំង​ស្រុក​ស្ទោង​មាន​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​សរុប​ចំនួន​៥០៦២៣នាក់ ស្រីចំនួន​២៨៤៦២នាក់​​ ក្នុង​នោះ​ឃុំ​បន្ទាយ​ស្ទោង​មានចំនួន​​​៤៧២៩​នាក់ និង​បាន​កសាង​សមាជិកថ្មី​​ចំនួន២៩៣​នាក់​ (ស្រី​ចំនួន​១៥៣នាក់)​​​៕