(សៀមរាប)៖ លោក សឹង សំណាង សមាជិកគណៈអចិន្ត្រៃយ៍​គណៈ​កម្មា​ធិការ​កណ្តាល ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសូទ្រនិគម និងជា អនុ​ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តសៀមរាប នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥នេះ  បានដឹកនាំក្រុមការងារចុះមូលដ្ឋានស្រុកសូទ្រ​និគម រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០២៥)។

ពិធីអបអរសាទរថ្ងៃកំណើតទី២របស់ប្រជាជាតិខ្មែរ ត្រូវបានធ្វើឡើង​នៅ​មន្ទីរ​គណបក្សស្រុកសូទ្រនិគម និងមានការចូលរួមពីលោក លោកស្រី ជាប្រធាន អនុប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីជាអភិបាល អភិ​បាលរងស្រុក លោកនាយក នាយករងសាលា លោកគ្រូ អ្នកគ្រូ សិស្សានុ​សិស្ស យុវជន យុវនារីប្រមាណ ៩០០នាក់។

ក្នុងឱកាសនោះ លោក សឹង សំណាង បានអានសុន្ទរកថាដ៏មានអត្ថន័យ​របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបាន​ថ្លែងក្នុងឱកាសអបអរសាទរខួប៤៦ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» នៅរាជ​ធានី​ភ្នំពេញ កាលពីព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។

ក្រៅពីការអានសុន្ទរកថារបស់សម្តេចតេជោហើយនោះ លោក សឹង សំណាង ក៏បានរំលឹកថា រយៈពេល៤៦ឆ្នាំកន្លងមកនេះ បន្ទាប់ពីថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ ជាប្រវត្តិសាស្រ្ត គណបក្សប្រជាជនកម្ពុជាបានផ្សារភ្ជាប់ រួមសុខ រួមទុក្ខជាមួយប្រជាជន ពុះពារឆ្លងកាត់រាល់ឧបសគ្គ ដឹកនាំប្រទេស​ឱ្យ​រួចផុតពីស្ថានភាពដែលវិនាសខ្ទេចខ្ទី ឈានមកដល់ដំណាក់កាល​អភិវឌ្ឍន៍​លើគ្រប់វិស័យ ប្រកបដោយមោទនភាពជាទីបំផុត។

«គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធាន​កិត្តិយស និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តីអាណត្តិទី៧ បានការពារយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដែលបានធានា​ដល់ការរស់នៅ​ដ៏សុខសាន្តរបស់ប្រជាជន ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការពង្រឹង​ពង្រីក​លទ្ធិប្រជាធិបតេយ្យ។ សមិទ្ធផលថ្មីៗជាច្រើនអនេក រួមមាន ផ្លូវ ស្ពាន ប្រព័ន្ធ​ធារាសាស្រ្ត បណ្តាញទឹកស្អាត អណ្តូងទឹក ភ្លើងអគ្គីសនី ប្រព័ន្ធព័ត៌មាន រោងចក្រ កសិដ្ឋាន សំណង់តូចធំ មណ្ឌលពាណិជ្ជកម្ម សាលារៀន មន្ទីរពេទ្យ វត្តអារាម ។ល។ ត្រូវបានកសាងពង្រីកទាំងនៅទីក្រុង ទាំងនៅ​ជន​បទ និងតំបន់ព្រំដែន»។ នេះជាការគូសរំលេចរបស់លោក សឹង សំណាង។

លោក សឹង សំណាង បានបន្ថែមថា មានតែគណបក្សប្រជាជនកម្ពុជា​មួយ​ប៉ុណ្ណោះ ដែលជាបង្អែកដ៏រឹងមាំ កក់ក្តៅ និងជាក្តីសង្ឃឹមពិតប្រាកដរបស់​ប្រជាជនកម្ពុជា ក្នុងការដឹកនាំសង្គមជាតិ ឱ្យ​បន្តឈានទៅមុខ​លើមាគ៌ា​សន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍឆ្ពោះទៅរកអនាគតដ៏រុងរឿង។ ដូច្នេះពលរដ្ឋខ្មែរគ្រប់រូប ត្រូវតែប្តេជ្ញាចូលរួមថែរក្សាសន្តិភាព ថែរក្សារាល់សមិទ្ធផលទាំងឡាយរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាឲ្យបានជាដាច់ខាត។

ក្នុងឱកាសនោះ លោក សឹង សំណាង ក៏បានអំពាវនាវ​ប្រជាពលរដ្ឋកុំជឿ​តាមក្រុមជ្រុលនិយមដែលតែងបង្ក និងឃោសនាពាក្យញុះញង់ចង់នាំ​ប្រទេសឱ្យធ្លាក់ចូលក្នុងឧបាយកលសង្គ្រាមសារជាថ្មី៕