(ភ្នំពេញ)៖ លោក សោម ច័ន្ទថុក អតីតមនុស្សជំនិតរបស់ទណ្ឌិត សម រង្ស៊ី បានចេញមកប្រតិកម្មជាខ្លាំងចំពោះការប្រមាថលើសពរបស់លោក លិម គឹមយ៉ា ពីសំណាក់លោក ឈុម សិរីសុខុម សកម្មជនរបស់ក្រុមប្រឆាំងកំពុងរស់នៅសហរដ្ឋអាមេរិក។
ប្រតិកម្មនេះកើតឡើង បន្ទាប់ពីលោក ឈុម សិរីសុខុម បានប្រមាថធ្ងន់ធ្ងរទៅលើសពរបស់លោក លិម គឹមយ៉ា។ លោក សិរីសុខុម បានលើកឡើងថា លោក លិម គឹមយ៉ា សមតែស្លាប់ ព្រោះគេជាអ្នកបំផ្លាញអតីតបក្សសង្គ្រោះជាតិ។
លោក សោម ច័ន្ទថុក ចាត់ទុកការលើកឡើងរបស់ ឈុម សិរីសុខុម គឺជាទង្វើមួយខ្វះសីលធម៌ជាមនុស្ស។ ទន្ទឹមការប្រតិកម្មចំពោះសម្តី ឈុម សិរីសុខុម ហើយនោះ លោក សោម ច័ន្ទថុក ក៏បានឆ្លៀតរំលឹកពីសកម្មភាព និងទំនាក់ទំនងមួយចំនួនរបស់លោក លិម គឹមយ៉ា ពេលនៅក្នុងបក្សប្រឆាំងអតីតបក្សសង្គ្រោះជាតិផងដែរ។
លោក សោម ច័ន្ទថុក បានរំលឹកថា លោក លិម គឹមយ៉ា ជាថ្នាក់ដឹកនាំបក្សមួយរូប ដែលតែងតែមានទស្សនៈជំទាស់ និងរិះគន់គោលនយោបាយនានាដាក់ចេញដោយលោក សម រង្ស៊ី។ លោក ច័ន្ទថុក បានអះអាងថា លោក លិម គឹមយ៉ា អ្នកនយោបាយមកពីបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា មិនសូវត្រូវជាមួយលោក សម រង្ស៊ី នោះឡើយ។
ក្រៅពីរំលឹកទំនាក់ទំនងរបស់លោក លិម គឹមយ៉ា នៅក្នុងអតីតបក្សសង្គ្រោះជាតិហើយនោះ លោក សោម ច័ន្ទថុក ក៏បានរំលឹកល្បិចកិច្ចកលមួយចំនួនទៀត របស់លោក សម រង្ស៊ី និងបក្ខពួករបស់គាត់ ដែលតែងតែបង្កើតរឿងរ៉ាវ ទម្លាក់មកលើរាជរដ្ឋាភិបាល និងបក្សកាន់អំណាច ដើម្បីកេងចំណេញផ្នែកនយោបាយ និងបានសិទ្ធិរស់នៅក្រៅប្រទេសជាដើម។
ដូចជាក្នុងករណីឃាតកម្មសម្លាប់លោក លិម គឹមយ៉ា ជាដើម លោក ច័ន្ទថុក ជឿថា មិនមែនជាទង្វើរបស់រាជរដ្ឋាភិបាលនោះឡើយ ប៉ុន្តែក្រុមប្រឆាំងព្យាយាមទម្លាក់កំហុសនៃរឿងឃាតកម្មនេះទៅលើរាជរដ្ឋាភិបាល ដើម្បីផលចំណេញផ្នែកនយោបាយ។ លោក ច័ន្ទថុក ដាក់ការសង្ស័យថា ឃាតកម្មសម្លាប់លោក លិម គឹមយ៉ា ជាបញ្ហាផ្ទៃក្នុងរបស់ក្រុមប្រឆាំង ហើយអាចជាយុទ្ធសាស្ត្រ «ស្វាស៊ីបាយ លាបមាត់ពពែ»៕