(សៀមរាប)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា ព្រឹត្តិការណ៍ប្រកួតវាយកូនគោល ដើម្បីមនុស្សធម៌ឆ្នាំ២០២៥ នឹងជំរុញវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប ឱ្យកាន់តែរីកចម្រើនថែមទៀត។ ដោយសារព្រឹត្តិការណ៍នេះ បានរៃអង្គាសថវិកាគាំទ្រម្រោងបណ្តុះបណ្តាលទៅលើសិក្ខាកាម ដែលជ្រើសរើសមកពីគ្រួសារក្រីក្រចំនួន២០០នាក់ ផងដែរ។

ការលើកឡើងយ៉ាងដូច្នេះរបស់នាយឧត្តមសេនីយ៍ ទៀ សីហា នៅក្នុងពិធីបិទព្រឹត្តិការណ៍ប្រកួតវាយកូនគោល ដើម្បីមនុស្សធម៌ឆ្នាំ២០២៥ ដែលរៀបចំឡើងដោយសមាគមក្លឹបទេសចរណ៍សៀមរាប (STC) សហការជាមួយសហព័ន្ធកីឡាវាយកូនគោលកម្ពុជា, រដ្ឋបាលខេត្តសៀមរាប, សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប, Angkor golf resort និងPhokeethra Country Club នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥នេះ។

ដោយមានការចូលរួមពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោក លោកស្រី ជាថ្នាក់ដឹកនៃក្រសួងការពារជាតិ, ថ្នាក់ដឹកនាំខេត្តសៀមរាប និងតាកែវ, ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្បរា និងភ្ញៀវជាតិ និងអន្តរជាតិ ចំនួន៦០ចូលរួមផងដែរ។

នាយឧត្តមសេនីយ៍ ទៀ សីហា បានបន្តថា គោលបំណងនៃការរៀបចំព្រឹត្តិការណ៍ប្រកួតវាយកូនគោលឡើង ដើម្បីអបអរកីឡានៅក្នុងសន្តិភាពក្នុងរយៈពេល៤៦ឆ្នាំមកនេះ ដោយមានការអភិវឌ្ឍជាច្រើននៅក្នុងប្រទេសកម្ពុជា។ ផ្សព្វផ្សាយ និងលើកកម្ពស់កីឡាវាយកូនគោលនៅក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះ ក៏ដើម្បីរៃអង្គាសថវិកាគាំទ្រទៅដល់ដំណើរការអនុវត្តគម្រោងបណ្តុះបណ្តាលទៅលើសិក្ខាកាម ដែលជ្រើសរើសមកពីគ្រួសារក្រីក្រចំនួន២០០នាក់ ដែលកំពុងបណ្តុះបណ្តាលដោយសមាគមក្លឹបទេសចរណ៍សៀមរាបផងដែរ។

នាយឧត្តមសេនីយ៍ បានបន្តថា ព្រឹត្តិការណ៍នេះបានបង្ហាញពីការសាមគ្គីគ្នា ដើម្បីលើកកម្ពស់វិស័យទេសចរនៅក្នុងខេត្តសៀមរាប តាមរយៈការគាំទ្រទៅដល់ដំណើរការអនុវត្តគម្រោងនេះឱ្យដំណើរការទៅដោយរលូន និងទទួលបានជោកជ័យ ព្រមទាំងជួយលើកស្ទួយទៅដល់សេដ្ឋកិច្ចគ្រួសាររបស់សិក្ខាកាម និងសេដ្ឋកិច្ចជាតិ ឱ្យកាន់តែរីកចម្រើនផងដែរ។

នាយឧត្តមសេនីយ៍ សង្ឃឹមថា នៅឆ្នាំក្រោយៗនឹងរៀបចំឱ្យបានច្រើនដង និងមានការចូលរួមលេងយ៉ាងច្រើនកុះករជាងនេះ ដើម្បីឲ្យការអនុវត្តគម្រោងរបស់សមាគមក្លឹបទេសចរណ៍សៀមរាប ដំណើរការតទៅមុខទៀត ព្រមទាំងបន្តគម្រោងបណ្តុះបណ្តាលទៅដល់សិក្ខាកាមមកពីគ្រួសារក្រីក្រតទៀត។

សូមជម្រាបថា គម្រោងនេះក៏ទទួលបានការជួយឧបត្ថម្ភ និងគាំទ្រសហហិរញ្ញាទានពីមូលនិធិ អភិវឌ្ឍជំនាញនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងយុទ្ធសាស្ត្រស្តារឡើងវិញ នូវកម្លាំងពលកម្មលើវិស័យទេសចរណ៍ក្រោយ កូវីដ១៩។ ដោយមានការខ្វះខាត សមាគមន៍ ក៏បានធ្វើការគៀងគរបន្ថែមពីអាជីវកម្មទេសចរណ៍ទូទាំងប្រទេស ព្រមទាំងទទួលសិស្សរបស់សមាគមន៍ទៅហាត់ការ និងផ្តល់ឱកាសការងារផងដែរ៕