(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា នាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបច្ច័យមួយចំនួន វេរប្រគេន សម្តេចព្រះពោធិវ័ង្ស ណយ ច្រឹក ព្រះសង្ឃនាយករងទី១ គណៈមហានិកាយ និងជាព្រះចៅអធិការវត្ត ដើម្បីផ្គត់ផ្គង់ព្រះភិក្ខុសង្ឃ និងសាមណសង្ឃជាច្រើនអង្គ គង់នៅវត្តច័ន្ទបុរីវង្ស នារសៀលថ្ងៃសៅរ៍ ១៣កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោកស្រីបណ្ឌិត អ៊ុក ម៉ាលី បានអញ្ជើញអុជទៀនធូប ប្រគេនគន្ធពិដោរ ថ្វាយបង្គំព្រះពុទ្ធបដិមា និងសម្តេចព្រះពោធិវ័ង្ស ណយ ច្រឹក ព្រះសង្ឃនាយករងទី១ គណៈមហានិកាយ និងជាព្រះចៅអធិការវត្ត និងព្រះសង្ឃ ព្រមទាំងសមាទានសីល រម្លឹកដល់គុណបុណ្យព្រះរតនៈត្រៃយ៍តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ពិសេសរម្លឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពុទ្ធធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់ បានគោរពប្រតិបត្តិជាដ៏រាបរៀងមក។

ជាមួយគ្នានោះ លោកស្រីបណ្ឌិត អ៊ុក ម៉ាលី ក៏បានវេរប្រគេននូវបច្ច័យមួយចំនួនធំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់កសាងសមិទ្ធផលមួយចំនួនក្នុងវត្ដអារាម រួមទាំងទេយ្យវត្ថុដូចជា៖ អង្ករ ៥តោន, មី ៣០កេស, ត្រីខ ៥០យួរ, ទឹកក្រូច ២០កេស, ទឹកបរិសុទ្ធ ២០កេស, កាហ្វេ ៥១កញ្ចប់ធំ, ស្ករស ៥០គីឡូក្រាម, តែ៥គីឡូក្រាម, ត្រីងៀត ១កន្ដ្រក, សាច់ក្រក ១កន្ក្រក, ទឹកត្រចៀកកាំ ១កន្ដ្រក, ភេសជ្ជៈ ១កន្ដ្រក, ទឹកដោះគោខាប់ ២កេស, អូវ៉ាន់ទីន ២កេស, មៀនកំប៉ុង ២កេស, សាដក ១ឈុត និងបច្ច័យមួយចំនួន ប្រគេនសម្តេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក និងព្រះសង្ឃចំនួន ១៥៧ អង្គផងដែរ។ ក្នុងនោះលោកស្រីបណ្ឌិត អ៊ុក ម៉ាលី ក៏បានជូនថវិកាដល់លោកតាអាចារ្យ និងលោកតា លោកយាយ រួមទាំងពុទ្ធបរិស័ទជាច្រើនទៀត។

ក្នុងឱកាសនេះដែរ លោកស្រីបណ្ឌិត អ៊ុក ម៉ាលី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបានប្រគេនពរដល់ព្រះសង្ឃ គ្រប់ព្រះអង្គ សូមមានព្រះសុខភាពល្អបរិបូរណ៍ ដើម្បីបន្តទ្រទ្រង់ព្រះពុទ្ធសាសនាឱ្យគង់វង្សតទៅ។

លោកស្រីបណ្ឌិត អ៊ុក ម៉ាលី ក៏ថ្លែងផងដែរថា វត្តច័ន្ទបុរីវង្ស មិនត្រឹមតែជាទីគោរពសក្ការៈសម្រាប់ពុទ្ធបរិស័ទគ្រប់ទិសទីប៉ុណ្ណោះទេ ថែមទាំងជាថ្នាលបណ្តុះបណ្តាលពុទ្ធិដល់សាមណសង្ឃ ដែលងាយរងនឹងការខ្វះខាតចង្ហាន់ និងការចំណាយផ្សេងៗលើការសិក្សារៀនសូត្រ ដូច្នេះហើយទើបសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានគិតគូរ និងឧបត្ថម្ភនូវបច្ច័យ និងទេយ្យវត្ថុខាងលើនេះ។

ទន្ទឹមនឹងនោះ សម្តេចព្រះពោធិវ័ង្ស ណយ ច្រឹក ព្រះសង្ឃនាយករងទី១ គណៈមហានិកាយ និងជាព្រះចៅអធិការវត្ត បានសម្ដែងនូវទឹកចិត្ដដ៏រីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពីសុខុមាលភាពរបស់ព្រះសង្ឃ និងតែងតែលើកទឹកចិត្ត ចូលរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើន ហើយជាពិសេសតែងតែជួយសម្រាលការលំបាកដល់ព្រះសង្ឃដែលគង់នៅក្នុងវត្ត។

សម្តេចព្រះពោធិវ័ង្ស ណយ ច្រឹក ព្រះសង្ឃនាយករងទី១ គណៈមហានិកាយ និងជាព្រះចៅអធិការវត្ត ក៏បានជូនពរសព្ទសាធុការដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ហ៊ុន សែន ព្រមទាំងបុត្រាបុត្រី ចៅប្រុស ចៅស្រី សូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ទន្ទឹមនឹងនោះ ព្រះចៅអធិការវត្តសូមឧទ្ទិសមហាកុសលផលបុណ្យនាថ្ងៃនេះ ជូនចំពោះដួងវិញ្ញាណក្ខន្ធលោកមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាបិតា មាតាបង្កើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ព្រមទាំង វិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង និងលោកយាយមហាឧបាសិកា ឌី ប៉ុក ដែលជាបិតា មាតាបង្កើតរបស់សម្តេចតេជោ ហ៊ុនសែន, លោកជំទាវមហាសទ្ធាភិរ័ក្ខធម្មសិរិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ប្អូនស្រីបង្កើតសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង ហ៊ុន កំសត់ កូនប្រុសច្បង សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ព្រមទាំងឧទិ្ទសមហាកុសល ជូនដួងវិញ្ញាណក្ខ័ន្ធ ជីដូន ជីតា និងញាត្ដិការទាំងប្រាំពីរសន្ដាន ដែលបានចែកឋានទៅកាន់បរលោក។

សូមជម្រាបផងដែរថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជាកុលធីតាខ្មែរដ៏គំរូមួយរូប ទាំងក្នុងសកម្មភាពការងារមនុស្សធម៌ជួយដល់ជនងាយរងគ្រោះ និងងាយរងគ្រោះបំផុតនៅកម្ពុជា ហើយក៏ជាពុទ្ធសាសនិកមួយរូប ដែលតែងតែទ្រទ្រង់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ, ជាក់ស្តែងនៅថ្ងៃព្រឹកថ្ងៃដដែលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានចាត់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី នាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបច្ច័យមួយចំនួន វេរប្រគេនដល់ព្រះសង្ឃជាង ៤០០អង្គ គង់នៅវត្តឧណ្ណាលោមផងដែរ៕