(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា​ ដែលមានព្រះមហាក្សត្រី នរោមត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយស និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ បានចាត់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា អញ្ជើញក្នុងពិធីសប្បុរសធម៌លើកទី១៤ និងខួបលើកទី៦៥ របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមានការអញ្ជើញពីលោកសាស្ត្រាចារ្យ ជេត ជាលី សាកលវិទ្យាធិការ និងជាប្រធានកិត្តិយសក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងថ្នាក់ដឹកនាំតាមស្ថាប័នពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ សិស្សនិស្សិត រួមទាំងយុវជនកាកបាទក្រហមកម្ពុជាជាច្រើនរូបទៀត។

ក្នុងពិធីអបអរនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានឧបត្ថម្ភថវិកា ១០លានរៀល ដល់ក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។

នាឱកាសនោះលោកស្រី ម៉ែន នារីសោភ័គ បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងការកោតសរសើរយ៉ាងជ្រាលជ្រៅដលល់និស្សិតនៃក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានខិតខំរៀនសូត្រ ហើយក្រៅតែពេលវេលាពីសិក្សារៀនសូត្រ គឺបានចូលរួមយ៉ាងសកម្មក្នុងការងារសង្គម ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះបំផុត ពិសេសលោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិត ដែលមានភាពខ្វះខាតនៅសាកលវិទ្យាល័យនេះផ្ទាល់។

ក្នុងឱកាសខួបលើកទី៦៥ របស់សាកលវិទ្យាល័យនេះផងដែរ លោកស្រីអគ្គលេខាធិការរងទី១ ក៏បានគូសរម្លឹក និងកោតសរសើរ ពីស្នាដៃភាពជាអ្នកដឹកនាំរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានបណ្ដុះបណ្ដាលធនធានមនុស្សជាច្រើន ប្រកបដោយគុណភាព ជួយអភិវឌ្ឍសង្គមជាតិ ក៏ដូចជាប្រទេសជាតិកន្លងមកនេះ។

លោកស្រីក៏បានគូសបញ្ជាក់ផងដែរថា ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានចាប់ផ្ដើមពង្រីកនូវកម្លាំងយុវជនកាកបាទក្រហមកម្ពុជាជាបន្ដបន្ទាប់ ចាប់ពីបឋមសិក្សារហូតដល់ឧត្ដមសិក្សានេះ។ កន្លងមកកាកបាទក្រហមកម្ពុជាបានធ្វើការងារយ៉ាងជិតសិទ្ធជាមួយគ្រឹះស្ថានសិក្សាទាំង២៥ នៅរាជធានីភ្នំពេញ ដើម្បីពង្រីក និងពង្រឹងកម្លាំងយុវជនកាកបាទក្រហមកម្ពុជា ។សម្រាប់ឆ្នាំនេះ នឹងឈានទៅដល់ការពង្រឹង និងបង្កើននូវគុណភាពយុវជនកាកបាទក្រហមកម្ពុជា នៅតាមគ្រឹះស្ថានសិក្សានៅទូទាំងប្រទេស។

ជាមួយគ្នានេះដែរ លោកសាស្ដ្រាចារ្យ ជេត ជាលី សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានថ្លែងថា សាកលវិទ្យាល័យបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឱ្យរៀបចំពិធីសប្បុរសធម៌លើកទី១៤ នេះឡើង ក្នុងគោលបំណងកៀរគរថវិកា ពីសប្បុរសជននានា ដើម្បីជួយដល់សាស្ត្រាចារ្យ បុគ្គលិក និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានជីវភាពខ្វះខាត មណ្ឌលកុមារកំព្រា កុមារងាយរងគ្រោះ និងជួយមូលដ្ឋានដែលសាកលវិទ្យាល័យស្ថិតនៅក្នុងខណ្ឌទួលគោក ពិសេសជួយដល់អ្នកជំងឺ ដែលពុំមានលទ្ធភាពសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយចំនួន។

សកម្មភាពទាំងនេះ គឺជាការចាត់ចែងរបស់ក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលស្របតាមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលបានយកចិត្តទុកដាក់ ណែនាំ ចង្អុលបង្ហាញ និងជំរុញឱ្យក្លឹបយុវជនកាកបាទក្រហមកម្ពុជា បន្តបំពេញសកម្មភាពមនុស្សធម៌នានា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ជនរងគ្រោះ និងជនងាយរងគ្រោះក្នុងសហគមន៍គោលដៅ។ នេះជាការបញ្ជាក់បន្ថែមរបស់លោកសាស្ដ្រាចារ្យ ជេត ជាលី។

តាមរយៈកម្មវិធីខាងលើនេះ លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាពិសេសក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានខិតខំរៀបចំពិធីសប្បុរសធម៌នេះឡើង ក្នុងបរិយាកាសរីករាយ និងគុណតម្លៃជាទីបំផុត។ ព្រឹត្តិការណ៍សប្បុរសធម៌នេះ គឺមិនត្រឹមតែបង្រៀនយុវជនឱ្យយល់ដឹងអំពីសេចក្តីត្រូវការ និងទុក្ខលំបាករបស់អ្នកដែលត្រូវការជំនួយប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងជាការ
ផ្សារភ្ជាប់អារម្មណ៍មនោសញ្ចេតនារវាងអ្នកផ្ដល់ និងអ្នកទទួល ដែលជាសកម្មភាពមួយយ៉ាងមានតម្លៃឥតគណនា ក្នុងការចូលរួមបំផុសលើកទឹកចិត្តវប្បធម៌ចែករំលែកធនធាន សេចក្តីស្រឡាញ់ និងការបណ្តុះគុណធម៌ សីលធម៌ ក្នុងចំណោមយុវជនផងដែរ។

សូមបញ្ជាក់ថា ពិធីសប្បុរសធម៌នេះ បានចាប់ផ្ដើមបង្កើតឡើងនៅឆ្នាំ២០០៩។ សម្រាប់ឆ្នាំនេះក៏មានការរៀបចំតាំងពិព័រណ៌ផងដែរ ចាប់ពីថ្ងៃទី១១-១៣ ខែមករា ឆ្នាំ២០២៥ ដោយមានស្តង់ចំនួន ១៣០ ដែលមានពិព័រណ៍ម្អូបអាហារ សម្ភារៈសិក្សា និងប្រើប្រាស់ជាច្រើន ដែលជាស្នាដៃរបស់យុវជន និងមានការចូលរួមក្រុមហ៊ុនឯកជនផ្សេងទៀតចូលរួម។ នេះបើតាមការបញ្ជាក់របស់កញ្ញា ស្រេង ស្រីនុច អនុប្រធានក្លឹមយុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៕