(កោះកុង)៖ លោក ឈេង សុវណ្ណដា សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្តកោះកុង និងជាអនុប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកបូទុមសាគរ នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមអង្គមីទ្ទិង អបអរសាទរខួបលើកទី៤៦ ដោយមានការចូលរួមលោក ខេង គង់ អភិបាលរងស្រុក សមាជិកសមាជិកា កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សចំនួន ៥០០នាក់។
លោក ឈេង សុវណ្ណដា បានអានសុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទីងរំលឹកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា ដោយបានបញ្ជាក់ថា ខួបទី ៤៦ឆ្នាំ នៃទិវាមាជ័យជម្នះ ៧មករា ជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា លើរបបប្រល័យពូជសាសន៍ប៉ុលពត អៀងសារី ខៀវសំផន បានធ្វើឱ្យប្រជាជាតិខ្មែររស់រានមានជីវិតឡើងវិញ ទាន់ពេលវេលា រួចផុតពីទារុណកម្ម និងការកាប់សម្លាប់យ៉ាងឃោរឃៅបំផុត ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។
លោកថា ទិវាខួបលើកទី ៤៦ឆ្នាំនេះ ដើម្បីរំលឹកនិងចងចាំជានិច្ច នូវគុណនូបការៈដ៏ថ្លៃថ្លាបំផុតរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារី នៃកម្លាំងសាមគ្គីសង្គ្រោះជាតិកម្ពុជា រួមជាមួយនឹងវីរៈកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានប្រយុទ្ធនិងធ្វើពលកម្មយ៉ាងអង់អាចក្លាហាន ដើម្បីវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត និងទប់ស្កាត់មិនឲ្យរបបនេះវិលត្រឡប់មកវិញបានឡើយ។
លោក ឈេង សុវណ្ណដា បានរំលេចនូវខ្លឹមសារសុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន បន្ថែមទៀតថា «យើងមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះ ក៏ដោយសារមានថ្ងៃ៧មករា ឆ្នាំ១៩៧៩ ហើយយើងមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញ គឺដោយសារការអនុវត្តនូវនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃ និងការបែកបាក់ជាតិ ក្នុងរយៈពេលជាង ៥០០ឆ្នាំកន្លងមក ធ្វើឱ្យប្រទេសជាតិយើងមានការឯកភាព ជាតិ ឯកភាពទឹកដីទាំងស្រុង នៅចុងឆ្នាំ១៩៩៨» ។
លោក ឈេង សុវណ្ណដា បានបន្តថា អង្គមិទ្ទីងទាំងមូល បានសូមអបអរសាទរយ៉ាងក្លៀវក្លាចំពោះខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះបុណ្យជាតិ ៧មករា ( ៧មករា ១៩៧៩ - ៧មករា ឆ្នាំ២០២៥ ) ដែលជាថ្ងៃប្រវត្តិសាស្ត្រក្នុងការវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញ។ លោក ឈេង សុវណ្ណដា បានប្តេជ្ញាអនុវត្តតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដើម្បីបន្តថែរក្សា ការពារសុខសន្តិភាព និងការអភិវឌ្ឍ របស់សង្គមជាតិក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រកម្ពុជា៕