(កណ្តាល)៖​ មានគណបក្សប្រជាជនកម្ពុជា គឺមានសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមរឹងមាំ ហើយមានសន្តិភាព ទើបមានការអភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យ និងការគោរពប្រតិបត្តិជំនឿសាសនា។ នេះជាការថ្លែងរបស់នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀង នាយករង ខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងឱកាស ដង្ហែអង្គផ្កាប្រាក់ វេរប្រគេនព្រះសង្ឃ វត្តត្រពាំងវែង ឃុំព្រះនិពាន្ត គងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានា នៅក្នុងទីអារាមនេះ។

នាឱកាសនោះ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ក៏បានរំឮកនូវគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការជួយសង្រ្គោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត, ជាពិសេសនយោបាយឈ្នះឈ្នះ ដែលធ្វើឲ្យប្រទេសកម្ពុជា មានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ រហូតទទួលបានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការកសាងស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិតាំងពីបាទដៃទទេ រហូតប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកអាណាចក្រ និងផ្នែកពុទ្ធចក្រ។

នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត បានបន្តថា សមិទ្ធផលនានា ដែលកំពុងកើតមាន នាពេលនេះ ពិសេសនៅវត្តត្រពាំងវែង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ គឺសុទ្ធតែបានមកពីផ្លែផ្កានៃកត្តាសុខសន្តិភាពរបស់កម្ពុជា ដោយការយកជីវិតធ្វើជាដើមទុន និងពលិកម្មដ៏ធំធេងរបស់សម្ដេចតេជោហ៊ុន សែន និងសមាជិក សមាជិកាស្ថាបនិករបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អាណត្តិទី៧ ។ ដូច្នេះ ដើម្បីការពារសុខសន្តិភាព យើងទាំងអស់គ្នា ដែលជាស្ថាបនិក និងជាកូនចៅជំនាន់ក្រោយ នឹងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លានេះ ហើយប្តេជ្ញាចិត្តចូលរួមក្នុងការការពារសុខសន្តិភាព ឲ្យបានមាំស្ថិតស្ថេរជានិរន្ត។

នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត បានបញ្ជាក់ថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលនៅរួមសុខ  រួមទុក្ខជាមួយប្រជាជន នៅគ្រប់ កាលៈទេសៈ គ្រប់ការលំបាក និងចេះជួយគ្នាគ្រប់គ្រាមានអាសន្ន, ផ្ដល់ការលើកស្ទួយសិទ្ធិ សេរីភាពប្រជាពលរដ្ឋ និងយុត្តិធម៌សង្គម, ការពារកម្មសិទ្ធិស្របច្បាប់ជូនប្រជាជន ។

នាយឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺការពារសន្តិភាព និងស្ថិរភាព។ ដូច្នេះចូរយើងទាំងអស់គ្នា រួមគ្នាថែរក្សាសន្តិភាព សាមគ្គីជាតិ និងការអភិវឌ្ឍ មិនឲ្យជនណាមកបំផ្លាញបានឡើយ។

នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ក៏បានប្រគេនព្រះចៅអធិការវត្ត មានទេយ្យវត្ថុ ១កញ្ចប់ និងបច្ច័យ ១លានរៀល, ព្រះសង្ឃ ៣៤អង្គ ក្នុង១អង្គ ប្រគេនទេយ្យវត្ថុ ១កញ្ចប់ និងបច្ច័យ ៤០ម៉ឺនរៀល, គណៈកម្មការ-អាចារ្យវត្ត ១៧នាក់ ក្នុងម្នាក់ៗ ក្រណាត់ស ១ដុំ និងថវិកា ១០ម៉ឺនរៀល ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចែកជូនយាយជី-តាជី ក្រុមប្រឹក្សាឃុំ-ស្រុក ប្រជាពលរដ្ឋ និងបានឧបត្ថម្ភសាលាស្រុក ២លានរៀល និង កងកម្លាំងមានសមត្ថកិច្ចជាច្រើនទៀត។

នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ថែមទាំងបានប្រគេន អង្ករ ២០០ គីឡូក្រាម, មី ១០កេស, ត្រីខ ១កេស, ទឹកក្រូច ១០កេស, ទឹកបរិសុទ្ធ ១០កេស, ទឹកដោះគោ ១កេស, ប៊ីចេង, ទឹកត្រី, ទឹកស៊ីអ៊ីវ និងបច្ច័យផ្កាប្រាក់ ចំនួន ១០០លានរៀល និងបច្ច័យរបស់បងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទចំណុះជើងវត្ត ចំនួន ២៥លានរៀល បានវេរប្រគេនដល់ព្រះសង្ឃវត្តត្រពាំងវែង៕