(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានចាត់ទុកព័ត៌មាន គឺជាអាវុធទំនើប មិនមានកំណត់ចម្ងាយ និងមានល្បឿនលឿន ហើយដែលត្រូវបានគេយកទៅប្រើប្រាស់ជាមធ្យោបាយផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ ញុះញង់ អុចអាល បង្កឱ្យមានជម្លោះ និងសង្គ្រាមជាដើម។ ទន្ទឹមនេះ លោកបានផ្តាំមន្ត្រីព័ត៌មានក៏ត្រូវតែប្រើប្រាស់ព័ត៌មានពិត និងការឆ្លើយតបឱ្យបានលឿន រហ័ស ដើម្បីទប់ស្កាត់ បន្សាប និងពន្លត់បញ្ហា។

លោកថ្លែងបែបនេះ ក្នុងឱកាសមន្ត្រីរាជការនៃរដ្ឋបាលខេត្តកណ្តាល និងសិក្ខាកាមដែលជាមន្ត្រីទទួលបន្ទុកការងារព័ត៌មានមកពីបណ្តាក្រុង ស្រុក ឃុំ សង្កាត់ សរុបប្រមាណជិត ៥០០នាក់ ទទួលបានបណ្តុះបណ្តាល ស្តីពី «ការពង្រឹងការងារព័ត៌មាននិងសាធារណមតិ» ដើម្បីឆ្លើយតប ទប់ស្កាត់ទៅនឹងព័ត៌មានក្លែងក្លាយ មិនឲ្យសាយភាយឥទ្ធិពលអវិជ្ជមាននៃព័ត៌មានបំពុល ដោយរួមគ្នាផ្សព្វផ្សាយតែព័ត៌មានពិត និងបន្ដាបព័ត៌មានមិនពិតទាំងឡាយ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥។

ស្ថិតក្នុងឱកាសនេះដែរ លោក គួច ចំរើន ក៏បានថ្លែងថា «ជាមន្ត្រីព័ត៌មានក៏ត្រូវតែប្រើប្រាស់ព័ត៌មានពិត និងការឆ្លើយតបឱ្យបានលឿន រហ័ស ដើម្បីទប់ស្កាត់ បន្សាប និងពន្លត់បញ្ហាបានដ៏មានប្រសិទ្ធភាពដែរ ប៉ុន្តែទាមទារឱ្យមានការពង្រឹងសមត្ថភាពចូលរួមបន្ថែមទាំងអស់គ្នា និងអនុវត្តភារកិច្ចឱ្យសកម្ម ជាពិសេស គឺចូលរួមការពារសមិទ្ធផល និងភាពស្របច្បាប់ដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងការបម្រើប្រជាជន ឱ្យបានស្ថិតស្ថេរគង់វង្ស»

លោក ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ ( គ.ស.ព.ស.) បានថ្លែងថា បច្ចុប្បន្ន មានការវិវឌ្ឍយ៉ាងលឿនរហ័សនៃបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត AI និងក៏បានកើតឡើងយ៉ាងគំហុកនូវព័ត៌មានក្លែងក្លាយ ញុះញង់ បំពុលសង្គមយ៉ាងព្រោងព្រាត។

ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា សង្ឃឹមជឿជាក់យ៉ាងមុតមាំថា អ្វីៗដែលអ្នកទាំងអស់គ្នានឹងទទួលបានពីការចូលរួមវគ្គបណ្តុះបណ្តាលនៅថ្ងៃនេះ នឹងជួយពង្រឹងចំណេះ ជំនាញ និងលើកកម្ពស់ស្មារតី និងឆន្ទៈ ក៏ដូចជាការយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវកាន់តែខ្ពស់ថែមទៀតនៅក្នុងការបន្តការងារគ្រប់គ្រងព័ត៌មាន និងសតិអារម្មណ៍របស់មហាជនដែលជាម្ចាស់ឆ្នោត ដែលនេះមានតម្លៃស្មើនឹងការបន្តថែរក្សាស្ថិរភាពនយោបាយ និងសង្គម និងសន្តិភាពដែលរកមកបានយ៉ាងលំបាក ចាប់ពីចុងឆ្នាំ១៩៩៨ ដោយស្ថាបនិកសន្តិភាពជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតរបស់យើងទាំងអស់គ្នា នោះគឺសម្តេចតេជោ ហ៊ុន សែន ៕