(ភ្នំពេញ)៖ អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំងខេត្តបន្ទាយមានជ័យ លោក សារ៉ូ សុវុឌ្ឍិ បានចេញមកទម្លាយថា លោក លិម គឹមយ៉ា ជាអ្នកនយោបាយមួយរូប ដែលមានសម្តីអាក្រក់ ហើយតែងជេរប្រមាថលើអ្នកនយោបាយ ដែលគាំទ្រលោក សម រង្ស៊ី។ លោកបានបញ្ជាក់ទៀតថា អ្នកនយោបាយដែលគាំទ្រ និងនៅខាងលោក សម រង្ស៊ី គឺស្អប់លោក លិម គឹមយ៉ា ខ្លាំងណាស់។
លោក សារ៉ូ សុវុឌ្ឍិ បានឱ្យដឹងថា សូម្បីតែរូបលោក ក៏ធ្លាប់ត្រូវបានលោក លិម គឹមយ៉ា ជេរប្រមាថផងដែរ។ លោក សារ៉ូ សុវុឌ្ឍិ បានគូសបញ្ជាក់ថា គេអាចវាស់ស្ទង់ពីទំហំនៃការស្អប់របស់អ្នកនយោបាយ សម រង្ស៊ី និយម ទៅលើលោក លិម គឹមយ៉ា បានតាមរយៈសម្តីរបស់លោក ឈុម សិរីសុខុម ដែលជាអ្នកគាំទ្រលោក សម រង្ស៊ី នៅសហរដ្ឋអាមេរិក។
លោក សុវុឌ្ឍិ បានលើកឡើងថា មនុស្សស្លាប់ទៅហើយលោកមិនចង់លើកបើកកកាយនោះឡើយ ព្រោះជាទង្វើមួយអសិលធម៌។ ប៉ុន្តែការចេញមករំលឹកពីឥរិយាបថរបស់លោក លិម គឹមយ៉ា កាលពីនៅមានជីវិតនេះ ដើម្បីឱ្យប្រជាពលរដ្ឋមានមូលដ្ឋានក្នុងការពិចារណា ជុំវិញសម្តីចោទប្រកាន់របស់លោក សម រង្ស៊ី ទៅលើថ្នាក់ដឹកនាំគណបក្សកាន់អំណាច ក៏ដូចជារាជរដ្ឋាភិបាល។
សម្រាប់លោក សុវុឌ្ឍិ ការធ្វើឃាតកម្មលើលោក លឹម គិមយ៉ា គ្មានផលចំណេញអ្វីដល់បក្សកាន់អំណាច និងរាជរដ្ឋាភិបាលនោះឡើយ។ ដូច្នេះលោក សុវុឌ្ឍិ ទទូចដល់ប្រជាពលរដ្ឋកុំជឿតាមសម្តីលាបព័ណ៌របស់លោក សម រង្ស៊ី និងបក្ខពួក ហើយត្រូវរង់ចាំលទ្ធផលនៃការស៊ើបអង្កេតរបស់សមត្ថកិច្ចថៃ៕