(វៀតណាម)៖ លោក សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំប្រតិភូក្រសួងបរិស្ថាន ដើម្បីបំពញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។

លោក សាបូ អូហ្សាណូ បានទទួលជួបពិភាក្សាការងារជាមួយ លោក Pan Yaoda អគ្គនាយក ក្រុមហ៊ុន Thien Y Environmental Energy Joint Stock Company ដែលជាក្រុមហ៊ុនរបស់ប្រទេសចិនដ៏ធំមួយ កំពុងដំណើរការរោងចក្រកែច្នៃសំរាម ទៅជាថាមពលអគ្គិសនី នៅប្រទេសវៀតណាម។

ក្នុងឱកាសនោះ លោកអគ្គនាយក បានលើកឡើងពីគោលបំណងចង់មកធ្វើការវិនិយោគលើការកែច្នៃសំរាម ទៅជាថាមពលអគ្គិសនី និងវិនិយោគនៅលើផ្នែកផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។

លោកអគ្គនាយកក្រុមហ៊ុន បានបញ្ជាក់ថា ក្រុមហ៊ុនមានជំនាញ និងបច្ចេកវិទ្យាថ្មី ក្នុងការកែច្នៃសំរាម ដើម្បីធ្វើជាថាមពលអគ្គិសនីនៅប្រទេសចិន និងវៀតណាម។

ក្នុងឱកាសនោះ លោក សាបូ អូហ្សាណូ បានវាយតម្លៃខ្ពស់ចំពោះការវិនិយោគកែច្នៃសំរាម បង្កើតជាថាមពលអគ្គិសនី របស់ក្រុមហ៊ុននៅក្នុងប្រទេសវៀតណាម។

រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ស្វាគមន៍ចំពោះបណ្តាក្រុមហ៊ុននានា ដែលមានបំណងធ្វើការវិនិយោគនៅកម្ពុជា ដែលគិតគូរលើបរិស្ថាន និងជួយលើកម្ពស់ការអភិវឌ្ឍជីវភាពប្រជាជននិងបង្កើនេសដ្ឋកិច្ចជាតិ។

ប្រធានប្រតិភូក្រសួងបរិស្ថានកម្ពុជា បានស្នើឱ្យក្រុមហ៊ុនធ្វើផែនការ និងសិក្សាគម្រោងលម្អិត ហើយលើកយកពីគោលបំណងចំពោះការវិនិយោគលើការកែច្នៃសំរាម ដើម្បីផលិតជាថាមពលអគ្គិសនី ដែលអាចជួយដោះស្រាយបញ្ហាសំរាម និងជួយលើកកម្ពស់បរិស្ថាន ដើម្បីរាយការណ៍ជូនលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាននៅពេលបន្ទាប់ពីទស្សនកិច្ច។

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ធ្លាប់បានឱ្យដឹងថា ក្នុងរយៈពេល១ឆ្នាំ កម្ពុជា បានបង្កើតសំរាមជាង ៤លានតោន ពោលគឺនៅទូទាំង ប្រទេសមានសំរាមចំនួនជាង ១ម៉ឺនតោន ត្រូវបានបញ្ចេញចោលក្នុង១ ថ្ងៃ។ ដោយឡែកនៅរាជធានីភ្នំពេញ សំរាមដែលបង្កើតឡើងមានប្រមាណ៤ ០០០តោន ក្នុង១ថ្ងៃ។

អ្នកនាំពាក្យរូបនេះ បានឱ្យដឹងថាសំរាម ទាំងនោះមាន សំណល់ម្ហូបអាហារមានចំនួន៦០%, សំណល់ប្លាស្ទិកមាន ប្រមាណ២០% និងសំណល់ផ្សេងៗ។ ក្នុងពេលបច្ចុប្បន្ន សំរាមត្រឹមតែ ៦៤ភាគរយប៉ុណ្ណោះ ដែលបានយកទៅចាក់នៅ ទីលានទុកដាក់សំរាម នៅទូទាំងប្រទេសមានចំនួន២១០កន្លែង។

លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា ក្នុង១ថ្ងៃ សំរាមមានជាង១ម៉ឺនតោន ហើយកម្រិតនៃការកើនឡើងសំណល់រឹង សំរាមនៅ ប្រទេសកម្ពុជា គឺមានចន្លោះពី ១០ទៅ១៥% នៅក្នុង ១ឆ្នាំ។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ការគ្រប់គ្រងទៅលើសំណល់រឹងសំរាម នៅតាមទីសាធារណៈ ជាពិសេសសំណល់ប្លាស្ទិក ចាំបាច់ត្រូវការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់ ទាំងវិស័យសាធារណៈ និងឯកជនដើម្បីដោះស្រាយបញ្ហាសំរាម និសំណល់ប្លាស្ទិក។

លោលស្នើឱ្យប្រជាពលរដ្ឋបន្តចូលរួមក្នុងយុទ្ធនាការរបស់ក្រសួងបរិស្ថាន កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលមានចូលរួមរើសសំរាម សំអាតអនាម័យបរិស្ថានព្រមៗគ្នានៅតាមមូលដ្ឋាន នៅតាមផ្ទះ សាលារៀន វត្តអារាម និងទិសាធារណនានា ប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីបរិស្ថានស្អាត កម្ពុជាស្អាតគ្មានសំរាម សំណល់ប្លាស្ទិកបោះចោលរាយប៉ាយក្នុងមូលដ្ឋាន និងនៅតាមដងផ្លូវនៅពេលខាងមុខដ៏ខ្លី៕