(ម៉ាឡេស៊ី)៖ តបតាមការអញ្ជើញរបស់សាស្ត្រាចារ្យ Jeffrey Sachs ប្រធានបណ្តាញការអភិវឌ្ឍប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកចូលរួមក្នុងសិក្ខាសាលាអាស៊ាន ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព (AWSD) ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យ Sunway ប្រទេសម៉ាឡេស៊ី។

នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅទីក្រុគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី លោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញថ្លែងសន្ទរកថា ក្នុងពិធីបើកសម័យប្រជុំ AWSD ឆ្នាំ២០២៥ ដោយមានការចូលរួមពីសំណាក់លោក YAB Dato’ Sri Haji Fadillah bin Haji Yusof ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីថាមពល និងបរិវត្តកម្មទឹករបស់ម៉ាឡេស៊ី និងសាស្ត្រាចារ្យ Jeffrey Sachs។

នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃការពង្រឹងភាពជាដៃគូដ៏ស្វាហាប់ ក្នុងចំណោមរដ្ឋាភិបាល អង្គការសង្គមស៊ីវិល វិស័យឯកជន និងផ្នែកសិក្សាធិការដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័្នននៅក្នុងអាស៊ាន។ សិក្ខាសាលានេះ មានការចូលរួមពីមេដឹកនាំ និងអ្នកជំនាញថ្នាក់តំបន់ ដើម្បីរិះរកយុទ្ធសាស្ត្ររួម ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងអាស៊ាន។

លោកបណ្ឌិត កៅ គឹមហួន បានបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការពន្លឿនវឌ្ឍនភាពនៃការសម្រេចបាន គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។ តាមរយៈភាពជាដៃគូយ៉ាងខ្លាំងក្លា និងផលប្រយោជន៍រួម អាស៊ានរំពឹងសម្រេចបាននូវវឌ្ឍនភាពប្រកបដោយចីរភាព និងបរិយាប័្ននរយៈពេលយូរអង្វែង សម្រាប់តំបន់។

នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅទីក្រុគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ សាស្ត្រាចារ្យ Jeffrey Sachs ប្រធានបណ្តាញការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ នៅក្នុងឱកាសមកចូលរួមសិក្ខាសាលាអាស៊ាន ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព (AWSD) ឆ្នាំ២០២៥។

កិច្ចពិភាក្សាបានផ្តោតសំខាន់ លើការឆ្លើយតបទៅនឹងនិន្នាការពេលបច្ចុប្បន្ននៅក្នុងតំបន់ និងរិះរកឱកាសសហការដើម្បីឱ្យអាស៊ាន អាចដោះស្រាយការប្រឈមទាំងនេះ ប្រកបដោយប្រសិទ្ធភាព៕