(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានថា យើងត្រូវចូលរួមទាំងអស់គ្នាដើម្បីអភិវឌ្ឍខេត្តកំពង់ធំឲ្យមានការរីកចម្រើន។

លោក នួន ផារ័ត្ន បានថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅការងារ២០២៥ របស់រដ្ឋបាលខេត្តកំពង់ធំថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំខេត្តកំពង់ធំ។

ដោយមានការចូលរួមពីប្រធានមន្ទីរអង្គភាព អភិបាលក្រុងស្រុក មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រប់ឃុំសង្កាត់ប្រមាណជិត៥០០នាក់។

លោកបានលើកឡើងថា ដើម្បីជំរុញ លើកទឹកចិត្តដល់រដ្ឋបាលឃុំ-សង្កាត់ និងអ្នកអនុវត្តឱ្យចូលរួមបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព ពិសេសជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព សំដៅកសាង និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម ការដោះ ស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ និងពង្រឹងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ដើម្បីសម្រេចបានជោគជ័យនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

លោកបន្តថាដើម្បីសម្រេចបាននូវសមិទ្ធផលយើងទាំងអស់គ្នាខិតខំអស់ពីកម្លាំងកាយចិត្ត ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការខិតខំបំពេញការងារតាមតួនាទី ភារកិច្ច ប្រកបដោយ ឆន្ទៈម្ចាស់ការ ភក្ដីភាព មនសិការ វិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ ពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងការចូលរួមពីដៃគូអភិវឌ្ឍន៍ សប្បុរសជន និងសហការចូលរួមពីប្រជាពលរដ្ឋ។

លោកបន្ថែមថា សម្រាប់២០២៥នេះ រដ្ឋបាលខេត្ត រួមនឹងរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ដាក់គោលដៅអាទិភាពដែលបានដាក់ចេញក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឈានទៅសម្រេចឱ្យបានដោយជោគជ័យក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។

សូមបញ្ជាក់ថា ប្រធានបទដែលត្រូវលើកយកមកពិភាក្សាក្នុងអង្គសន្និបាតឆ្នាំនេះ រួមមាន០៨ប្រធានបទសំខាន់ៗ រួមមាន៖

* ប្រធានបទទី១៖ ការបង្រ្កាបទបល្មើសគ្រឿងញៀន
* ប្រធានបទទី២៖ ការបង្រ្កាបទបល្មើសចោរកម្ម
* ប្រធានបទទី៣៖ ការបង្រ្កាបទបល្មើសព្រៃឈើ
* ប្រធានបទទី៤៖ ការបង្រ្កាបទបល្មើសនេសាទ
* ប្រធានបទទី៥៖ ការដោះស្រាយទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការ
* ប្រធានបទទី៦៖ ការដោះស្រាយទំនាស់ដីធ្លីក្នុងប្រព័ន្ធតុលាការ
* ប្រធានបទទី៧៖ ការផ្តល់សេវាតាមរយៈយន្តការច្រកចេញចូលតែមួយ
* ប្រធានបទទី៨៖ ការផ្តល់សេវាតាមរយៈមន្ទីរ អង្គភាពជំនាញ៕