(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា មានជនខិលខូចមួយចំនួនបានបង្កើតគណនី Facebook ក្លែងក្លាយ ដោយយករូបភាពមន្ត្រីរបស់ក្រសួងទៅឆបោកប្រជាពលរដ្ឋ ដែលការ​ចុះផ្សាយ​លើគណនីទាំងអស់ខាងលើនេះ ជាព័ត៌មានមិនពិត មានចរិតបង្កការភាន់ច្រឡំដល់សាធារណជន ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់មន្ត្រី ក៏ដូចជាក្រសួងសាធារណការ និងដឹកជញ្ជូន ផងដែរ។

Facebook ផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤នេះ បានបញ្ជាក់ឱ្យដឹងថា ចំពោះករណីខាងលើនេះសាមីខ្លួន​ដែលជាមន្ត្រី​របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចផងដែរ ដើម្បីចាត់វិធានការទៅតាមច្បាប់។

ជាមួយគ្នានេះក្រសួងសាធារណការ សូមជំរុញលើកទឹកចិត្ត និងអំពាវនាវដល់សាធារណជន ប្រជាពលរដ្ឋមេត្តាចៀសវាងការប្រើប្រាស់សេវាសាធារណៈក្រៅផ្លូវការ ដែលនាំឱ្យខាតបង់ពេលវេលា ព្រមទាំងថវិកា និងសូមមកទទួលសេវាសាធារណៈនៅតាមមណ្ឌលផ្តល់សេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៕