(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥ នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូជាង៥០០នាក់។

ក្នុងឱកាសនោះលោក ឃួង ស្រេង បានលើកឡើងថា គ្រឹះស្ថានសិក្សា ជាឆ្អឹងខ្នងដ៏រឹងមាំរបស់ប្រទេសជាតិ ដែលជាកន្លែងបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីកសាងប្រទេស។

លោក ឃួង ស្រេង ក្នុងឱកាសនោះ ក៏បានស្នើឱ្យលោកគ្រូ អ្នកគ្រូ នៅតាមគ្រឹះស្ថានសិក្សាទាំងអស់ ត្រូវពន្យល់សិស្សានុសិស្សឲ្យបានយល់ពីតម្លៃសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន រកបានមកដោយលំបាក ដើម្បីឱ្យពួកគាត់ បានចូលរួមរក្សាសន្តិភាពនេះឲ្យបានគង់វង់។

ជាមួយគ្នានេះលោក ឃួង ស្រេង បានជំរុញឱ្យលោកគ្រូ អ្នកគ្រូ ចូលរូមជាមួយអាជ្ញាធរខណ្ឌទាំង១៤ ក្នុងការទប់ស្កាត់ក្មេងទំនើងនៅតាមសាលារៀន ការចូលរួមចលនាប្រលងប្រណាំង ការរៀបចំសំអាត អនាម័យ បរិស្ថាននៅតាមសាលារៀនអនុវត្តអោយបានល្អផងដែរ។

ពាក់ព័ន្ធបញ្ហាសំរាមក្នុងទីក្រុងលោក ឃួង ស្រេង បានឲ្យដឹងថា សាលារៀនរដ្ឋកន្លងមក ធ្លាប់ជំពាក់បំណុលសំរាម សំណល់រឹង តែពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បានលុបបំបាត់បំណុលនេះហើយ។ សម្រាប់ឆ្នាំ២០២៥នេះតទៅ សាលារៀនរដ្ឋនឹងមានកញ្ចប់ថវិកាសំរាប់បង់ថ្លៃសំរាម។

លោក ឃួង ស្រេង បានបញ្ជាក់ថា «គិតមកដល់ពេលនេះ អ្នកដែលបានបង់ថ្ងៃសំរាម មានចំនួនប្រមាណ៦០ ទៅ៧០ភាគរយប៉ុណ្ណោះ ដែលធ្វើឲ្យយើងនៅខាតបង់ ក្នុងការបង់សំរាមឱ្យទៅក្រុមហ៊ុនប្រមូលសំរាមសំណល់រឹង។ បើការបង់សំរាមពីសំណាក់ប្រជាពលរដ្ឋបាន១០០ភាគរយនោះ យើងនឹងមិនខាតបង់ក្នុងការបង់ថ្លៃសំរាមទៅឲ្យក្រុមហ៊ុនទាំង៣ឡើយ ហើយយើងក៏អាចដោះស្រាយ ដោយមិនឲ្យនៅតាមសាលារដ្ឋបង់ថ្លៃសំរាមដែរ។ គ្រឹះស្ថាន សិក្សារដ្ឋ មិនមែនជាកន្លែងធ្វើអាជីវកម្ម ដូច្នេះមិនអាចរកលុយបង់ទឹក បង់សំរាមបានទេ ដែលយើងត្រូវតែរួមគ្នាជួយលើបញ្ហានេះ»

លោក ឃួង ស្រេង បានបន្តទៀតថា «ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅឆ្នាំ២០២៩ ប្រទេសកម្ពុជា យើងនឹងចាកចេញពីប្រទេសក្រីក្រ ហើយនៅឆ្នាំ២០៣០ កម្ពុជានឹងឈានទៅសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ២០៥០ នឹងក្លាយជាប្រទេសមានប្រាក់ចំណូលកំរិតខ្ពស់ ឬជាប្រទេសអ្នកមាន»

ក្នុងឱកាសនោះលោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរ អប់រំយុវជន និងកីឡារាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងរយៈពេល១ថ្ងៃកន្លះ នៃអង្គសន្និបាតរបស់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញនេះ យើងសំរេចបានលទ្ធផលចំនួន៦ចំណុច លើ៦វិស័យ ក្នុងនោះរួមមាន៖

*ទី១៖ អនុវិស័យ ការអប់រំកុមារតូច ប្រធានបទ៖ ការពង្រឹងអភិបាលកិច្ចសាលាមត្តេយ្យសិក្សា។
*ទី២៖ អនុវិស័យ ការអប់រំបឋមសិក្សា ប្រធានបទ៖ ការអនុវត្តការសិក្សាពេញមួយថ្ងៃ ដោយប្រើប្រាស់មូលនិធិ សមធម៌ មាតាបិតាសិស្ស ដើម្បីលើកកម្ពស់គុណភាពសិក្សានៅ កម្រិតបឋមសិក្សា។
*ទី៣៖ អនុវិស័យ ការអប់រំមធ្យមសិក្សា និងអប់រំបច្ចេកទេស ប្រធានបទ៖ ជំរុញការចូលរួមរបស់មាតា បិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំ សម្រាប់មធ្យមសិក្សា។
*ទី៤៖ អនុវិស័យ ការអប់រំក្រៅប្រព័ន្ធ ប្រធានបទ៖ បរិវត្តកម្មការអប់រំជនពេញវ័យ។
*ទី៥៖ អនុវិស័យ ការអភិវឌ្ឍយុវជន ប្រធានបទ៖ យុវជនមាន ចំណេះដឹង ជំនាញ សីលធម៌ល្អ សុខភាពល្អ សមត្ថភាពគ្រប់គ្រាន់ជាពលរដ្ឋល្អ និងជាពលរដ្ឋឌីជីថល សម្រាប់សតវត្សទី២១។
*ទី៦៖ អនុវិស័យ ការអប់រំកាយ និងកីឡា ប្រធានបទ៖ ការជំរុញចលនាយុវជនម្នាក់ ចេះលេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជិវីត៕,