(ភ្នំពេញ)៖ ស្របពេលដែលតម្លៃស្រូវធ្លាក់ចុះ ហើយពេលនេះរាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញវិធានការគន្លឹះចូលរួមដោះស្រាយបញ្ហាតម្លៃស្រូវ​ជូនប្រជាកសិករនោះ នៅថ្ងៃនេះ អ្នកឧកញ៉ា ម៉ុង ឫទ្ធី សមាជិកព្រឹទ្ធសភា និងអគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប ដែលគេដាក់រហស្សនាមជាសេដ្ឋីកសិកម្មនៅកម្ពុជា បង្ហាញការចូលរួម​ចណែក​ជួយ​ទិញស្រូវសម្ងួត​ រួចហើយ​យកមក​ចូលរោង​ម៉ាស៊ីន​កិនស្រូវ​បកជា​អង្ករ​សម្រូ​បដោយឲ្យ​តម្លៃ ៣០០ ទៅ៣២០ដុល្លារក្នុង​មួយ​តោន​ រួមទាំង​ថ្លៃដឹកជញ្ជូនមកដល់រោង​ចក្រ​ផលិត​ចំណី​សត្វ​របស់ក្រុមហ៊ុន​ផ្ទាល់តែម្តង ស្ថិតនៅគីឡូម៉ែត្រ​លេខ​១៥៨ លើផ្លូវ​ជាតិ​លេខ​៤​ ភូមិ​មនោរម្យ​ ឃុំតានៃ​ ស្រុកព្រៃនប់​ ខេត្ត​ព្រះសីហនុ​។

តាមរយៈបណ្តាញព័ត៌មាន Fresh News អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានថ្លែងថា តម្លៃ​នេះយើងអាចនិយាយគ្នា​ក្នុង​បរិមាណ​១០០០តោនម្តង​ វានឹងអាច​ឡើងង ​ឬចុះ​ទៅតាម​តម្លៃ​ទីផ្សារ​។ រោងចក្រ​ផលិត​ចំណី​សត្វ​របស់​គាត់​ទទួល​ទិញ​ជារាងរាល់ថ្ងៃ​ដូចជា​កន្ទក់​ ចុងអង្ករ​ ពោតក្រហម​ ដំឡូងមី​ហាលស្ងួត​៕ល៕​

ការប្រកាសទិញស្រូវសម្ងួតពីប្រជាកសិករពីសំណាក់អ្នកឧកញ៉ា ម៉ុង ឫទ្ធី គឺជាការចូលរួមចំណែកយ៉ាងសំខាន់នៅដំណាក់កាលនេះជាមួយរាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាតម្លៃស្រូវធ្លាក់ចុះរបស់បងប្អូនកសិករនៅទូទាំងប្រទេស ចំពេលដែលកំពុងប្រមូលផល។

បើសិនប្រជាកសិករមានចំណាប់អារម្មណ៍លក់ស្រូវរបស់ខ្លួន សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ​លោកស្រី ​ជា​ ដានី​ ដែលនាយិកា​រោងចក្រ​ផលិត​ចំណី​សត្វ 095 888 808៕