(ឧត្តរមានជ័យ)៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បានសារលិខិតរំលែកមរណទុក្ខផ្ញើជូន ក្រុមគ្រួសារនៃសពអ្នកបោសសម្អាតមីនពលីក្នុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
តាមរយៈសារលិខិតរំលែកទុក្ខ, លោកបណ្ឌិត លី ធុជ បានថ្លែងថា៖ «ក្នុងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងលោកជំទាវបណ្ឌិត និងក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក នៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ខ្ញុំពិតជាមានសេចក្ដីក្ដុកក្ដួលរំជួលចិត្ត និងសោកស្តាយឥតឧបមាដោយបានទទួល ដំណឹងអំពីពលីកម្មរបស់លោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន ជាបុគ្គលិកបោសសម្អាតមីន របស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ក្នុងឧបទ្ទវហេតុផ្ទុះមិនអំឡុងពេលកំពុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅវេលាម៉ោង ៧:៤៥ នាទីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏សែនក្រៀមក្រំនេះ ខ្ញុំសូមពាំនាំនូវសាររំលែកមរណទុក្ខដ៏ក្រៀមក្រំ និងការសោកស្តាយជាទីបំផុតពី សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពលោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកទាំងអស់នៃ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដែលបានបាត់បង់សមាជិកគ្រួសារ បាត់បង់សហការី និងមិត្តរួមការងារដ៏អង់អាចក្លាហាន ដែលតែងបានចូលរួមធ្វើពលិកម្មគ្រប់បែបយ៉ាងប្រកបដោយឆន្ទៈមនសិការដ៏មោះមុត ក្នុងបុព្វហេតុមនុស្សធម៌ជា រៀងរហូតមក។ ការបាត់បង់លោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន ជាការបាត់បង់វីរជនដោះមីនដ៏អង់អាចក្លាហាន ដែលតែងតែលះបង់ ដើម្បីសុខសុវត្ថិភាពរបស់ប្រជាជនមូលដ្ឋាន។
ជាមួយគ្នានេះ ខ្ញុំសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន សូមឆាប់ បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។ សូមក្រុមគ្រួសារសព មេត្តាទទួលនូវការរំលែកទុក្ខដ៏សែនក្រៀមក្រំនេះ អំពីខ្ញុំ»៕