(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា បច្ចុប្បន្នកម្ពុជា មានភ្នាក់ងារសន្ដិសុខឯកជនសរុបចំនួន៣៤,៥៩៨នាក់ ដែលបាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ជាមួយអាជ្ញាធរមានសមត្ថកិច្ច។
ការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក្នុងឱកាសឡើងធ្វើរបាយការណ៍ជូនកិច្ចប្រជុំដកបទពិសោធន៍ការងារគ្រប់គ្រងសន្តិសុខឯកជន រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាស គ្រឹះស្ថាននានា ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ។
លោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានអះអាងថា ក្នុងចំណោមភ្នាក់ងារសន្ដិសុខឯកជនទាំង៣៤,៥៩៨នាក់នេះ ត្រូវបានបែងចែកជាពីរ រួមមាន៖ ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជនសរុប ចំនួន៣២១ក្រុមហ៊ុន ភ្នាក់ងារសន្តិសុខឯកជនចំនួន១៨,៨០៦នាក់ មានគោលដៅចំនួន៣,៣១៧គោលដៅ និងសហគ្រាសគ្រឹះស្ថាន ជ្រើសរើសភ្នាក់ងារសន្តិសុខឯកជនសរុប ចំនួន១,៨៨៧សហគ្រាសគ្រឹះស្ថាន ភ្នាក់ងារសន្តិសុខឯកជនចំនួន១៥,៧៩២នាក់ មានគោលដៅចំនួន២,០៦២គោលដៅ។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក៏បានគូសបញ្ជាក់ថា ស្ថានភាពនៃការវិវឌ្ឍន៍វិស័យសន្តិសុខឯកជននៅទូទាំងប្រទេស មានការកើនឡើងជាលំដាប់គួរឲ្យកត់សម្គាល់ ដែលបានឆ្លុះបញ្ចាំងឲ្យឃើញផងដែរនូវសារៈសំខាន់ នៃការគ្រប់គ្រងសន្តិសុខឯកជន ដែលជាធាតុសំខាន់ និងជាសរសស្តំ នៃខឿនសន្តិសុខជាតិ ក្នុងការថែរក្សាការពារសុវត្ថិភាព ទ្រព្យសម្បត្តិ អាយុជីវិត សណ្តាប់ធ្នាប់ ស្ថេរភាពនយោបាយ និងសន្តិសុខសង្គម។
ដោយឡែក ចំពោះការបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជនវិញ រហូតមកដល់ពេលនេះ លោកបានឲ្យដឹងថា នាយកដ្ឋានបានរៀបចំបើកវគ្គសរុបចំនួន៦៦វគ្គ ក្នុងនោះ សិក្ខាកាមនគរបាលជាតិចូលរួមសរុបចំនួន២៦៣នាក់ (ស្រី២៥នាក់) និងសិក្ខាកាមជាភ្នាក់ងារសន្តិសុខឯកជនចូលរួមសរុប ចំនួន១១,១៥៨នាក់ (ស្រី២៤០នាក់) ក្នុងនោះ ភ្នាក់ងារសន្តិសុខឯកជនផ្តល់សេវាកម្ម ចំនួន៥,០១៧នាក់ (ស្រី១៦៩នាក់) និងភ្នាក់ងារសន្តិសុខឯកជនមិនផ្តល់សេវាកម្ម ចំនួន៦,១៤១នាក់ (ស្រី៧១នាក់)។
បើតាមលោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី, គោលបំណងនៃការបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន ស្របតាមអនុក្រឹត្យលេខ ២៨៩ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពការគ្រប់គ្រងសន្តិសុខឯកជន និងសេចក្តីណែនាំ០៣៣ សណន របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងវិធានការគ្រប់គ្រងសន្តិសុខឯកជន ដើម្បីឲ្យក្លាយជាភ្នាក់ងារសន្តិសុខឯកជនអាជីព មានក្រមសីលធម៌ល្អ និងពង្រឹងចំណេះដឹងបន្ថែម ក្នុងជំនាញសន្តិសុខឯកជន ដើម្បីថែរក្សាការពារទ្រព្យសម្បត្តិ អាយុជីវិត សណ្តាប់ធ្នាប់ និងសន្តិសុខសង្គម ហើយនឹងក្លាយជាភ្នាក់ងារផ្តល់ព័ត៌មានយ៉ាងសំខាន់ ជាកម្លាំងជំនួយដល់កងកម្លាំងនគរបាលជាតិដើម្បីទប់ស្កាត់ បង្ការបង្ក្រាបបទល្មើស និងប្រតិបត្តិការអន្តរគមន៍ឲ្យទាន់ពេលវេលា។
លោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានធ្វើការកត់សម្គាល់ដែរថា ភ្នាក់ងារសន្តិសុខឯកជនបានចូលរួមយ៉ាងសកម្មក្នុងការចូលរួមផ្តល់ព័ត៌មាន តាមប្រព័ន្ធបច្ចេកវិទ្យា (Telegram) អំពីសន្តិសុខ សណ្តាប់ធ្នាប់សង្គមដូចជា អំពីចោរកម្ម អំពើហឹង្សា ក្មេងទំនើង អគ្គិភ័យ គ្រោះថ្នាក់ចរាចរ និងគ្រឿងញៀន កើតមាននៅតាមគោលដៅខ្លួនឈរជើង។ ក្រៅពីនេះក៏បានចូលរួមចំណែកយ៉ាងសកម្មផងដែរ ក្នុងការអនុវត្តយុទ្ធសាស្ត្រគោលនយោបាយរបស់រាជរដ្ឋាភិបាល «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»៕