(ភ្នំពេញ)៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការពលីជីវិតមន្ដ្រីជំនាញរបស់ខ្លួនចំនួន២រូប ក្នុងករណីឧបទ្ទវហេតុផ្ទុះមីនតោន ក្នុងពេលប្រតិបត្ដិការនៅភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំប្រាសាទ ខេត្តឧត្តរមានជ័យ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។
សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ៣រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង០៧៖៤៥នាទី មានករណីឧបទ្ទវហេតុផ្ទុះមីនតោន នៅក្នុងភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំប្រាសាទ ខេត្តឧត្តរមានជ័យ បណ្ដាលឲ្យអ្នកឯកទេសបោសសម្អាតមីនរបស់អង្គភាព CMAC ប្រចាំទិសខេត្តឧត្តរមានជ័យ ចំនួន២រូប គឺលោក ពៅ នេពីន និងលោក អឿន ចាន់ណារ៉ា បានពលីជីវិតនៅក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ ដោយសារឃាតករលាក់មុខដ៏កំណាចឃោរឃៅនេះ ក្នុងពេលដែលកំពុងបំពេញប្រតិបត្តិការ បោសសម្អាតមីនលើដីស្រែរបស់ប្រជាពលរដ្ឋក្នុងភូមិសាស្ដ្រខាងលើ។
CMAC សូមសម្ដែងនូវការសោកស្ដាយយ៉ាងពន់ពេក និងសូមចូលរួមមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពចំពោះការបាត់បង់កូន បង ប្អូន ជាទីស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ ជាពិសេសការបាត់បង់អ្នកឯកទេសបោសសម្អាតមីន ដែលបានខិតខំបំពេញភារកិច្ចយ៉ាងអង់អាចក្លាហាន និងមានការគោរពអនុវត្តន៍ វិន័យប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ប្រយោជន៍ដើម្បីបម្រើបុព្វហេតុមនុស្សធម៌ក្នុងការរុករកនិងកម្ទេចចោលគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ចេញពីទឹកដី នៃព្រះរាជាណាចក្រដ៏បវរនេះ។ នេះជាការបាត់បង់មន្រ្តីជំនាញដែលបានចូលរួមលះបង់ក្នុងបុព្វហេតុសុខសន្ដិភាព សុវត្ថិ-ភាព និងការអភិវឌ្ឍរបស់ប្រជាជននិងប្រទេសជាតិ។
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខ័ន្ធលោក ពៅ នេពីន និងលោក អឿន ចាន់ណារ៉ា សូមបានទៅកាន់ទីបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕