(ភ្នំពេញ)៖ វិស័យទេសចរណ៍កម្ពុជា បាននិងកំពុងរីកចម្រើនទៅមុខជាលំដាប់ ខណៈកម្ពុជាក៏ជាគោលដៅទេសចរណ៍ ដ៏គួរឱ្យទាក់ទាញមួយសម្រាប់អ្នកទេសចរ មកពីគ្រប់ទិសទីក្នុងពិភពលោក នៅគ្រប់រដូវកាល។ ជាមួយការលើកកម្ពស់វិស័យទេសចរណ៍, លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញមហិច្ឆតាទាញចំនួនភ្ញៀវទេសចរនៅឆ្នាំ២០២៥ កើនរហូតដល់ ៧លាន ២សែននាក់ ឬ ៧លានកន្លះ ខណៈកម្ពុជាមិនទាន់ដល់ដំណាក់កាលរឿង Over Tourism នោះទេ ហើយក្រសួងបានដាក់ផែនការសកម្មភាពច្បាស់លាស់។

គួរឱ្យដឹងថា វិស័យទេសចរណ៍កម្ពុជាបានវិលទៅរកស្ថានភាពមុនវិបត្តិជំងឺកូវីដ១៩ ដោយនៅឆ្នាំ២០២៤ កម្ពុជាទទួលស្វាគមន៍ទេសចរអន្តរជាតិប្រមាណ ៦,៧លាននាក់ កើនឡើង ២២,៩% ធៀបនឹងឆ្នាំ២០២៣ និងកើនឡើង ១,៤% ធៀបនឹងឆ្នាំ២០១៩។

ការប្រកាសបើកមហិច្ឆតារបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានធ្វើឡើងក្នុងឱកាសឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន ក្នុងពិធីផ្សព្វផ្សាយស្តីពី «ការលើកកម្ពស់វិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ» នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ដែលមានការចូលរួមសំណាក់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

ជាមួយនឹងការប្រកាសបើកមហិច្ឆតាទាញភ្ញៀវទេសចរណ៍នេះដែរ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហោះសារថា ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា ​និងប្រឆាំងព័ត៌មានក្លែងក្លាយ! ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍បានរួមសហការគ្នាក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា និងចូលរួមទប់ស្កាត់ និងបង្ការ ប្រឆាំងនឹងព័ត៌មានក្លែងក្លាយដើម្បីផ្តល់ជំនឿទុកចិត្ត សុវត្ថិភាពដល់ភ្ញៀវទេសចរ ដោយខិតខំប្រឹងប្រែងផ្សព្វផ្សាយអ្វីដែលជាការពិតពីកម្ពុជា។

លោករដ្ឋមន្ត្រី ហួត ហាក់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងខ្ញុំ មានមហិច្ឆតា ចង់ឱ្យចំនួនភ្ញៀវទេសចរនៅឆ្នាំ២០២៥ កើនរហូតដល់ ៧លាន ២សែននាក់ ឬក៏ ៧លានកន្លះតិច ប្រទេសយើងមិនទាន់ដល់ដំណាក់កាលរឿង Over Tourism ទេ អត់ទាន់ទេ រឿងនេះយើងមិនមែនគ្រាន់តែដាក់ផែនការនោះទេ តែយើងបានដាក់ផែនការសកម្មភាពច្បាស់លាស់»

ត្រង់ចំណុចនេះ ត្រូវបានលោក ហួត ហាក់ បានបញ្ជាក់ថា ជាមួយនឹងមហិច្ឆតាទាញយកភ្ញៀវទេសចរបរទេសឱ្យមកទស្សនានៅកម្ពុជា ឱ្យមានចំនួនច្រើនឡើងនេះ គឺទី១៖ បានចេញផែនការសកម្មភាពត្រឹមត្រូវ ច្បាស់លាស់, ទី២៖ ការចាត់តាំងអនុវត្តន៍ផែនការសកម្មភាពដោយត្រឹមត្រូវ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងទី៣៖ ការដានតាម ត្រូវពិនិត្យជាប់ជាប្រចាំចំពោះករណីភ្ញៀវទេសចរ។

លោករដ្ឋមន្ត្រី ហួត ហាក់ បានគូសបញ្ជាក់ថា ក្រសួងទេសចរណ៍ បានតាំងចិត្ត និងប្តេជ្ញាថាប្រែក្លាយរដូវ Low Season ឱ្យទៅជា High Season និង Green Season ហើយមហិច្ឆតាធំទៅថ្ងៃអនាគតចង់ឱ្យប្រទេសកម្ពុជា មានតែរដូវ High Season និង High Season ចំណុចនេះ គឺជាគោលដៅរបស់ក្រសួងទេសចរណ៍ចង់បាន។ ជាទូទៅនៅកម្ពុជាគេបែងចែករដូវកាលទេសចរណ៍ជាពីរ គឺរដូវខ្សត់ភ្ញៀវ ឬ Low Season ចាប់ពីខែមេសា ដល់កញ្ញា និងរដូវសំបូរភ្ញៀវ ឬ High Season ចាប់ពីខែតុលា ដល់ខែមីនា។ ហើយត្រូវបានកត់សម្គាល់ថា នៅរដូវខ្សត់ភ្ញៀវ ឬ Low Season ហាក់មិនសូវមានប្រតិបត្តិករទេសចរណ៍ ឬក្រុមហ៊ុនទេសចរណ៍ បង្កើតកញ្ចប់ទេសចរណ៍ សម្រាប់លក់ ឱ្យភ្ញៀវនោះទេ ភាគច្រើនធ្វើឡើងតែរដូវ រដូវសំបូរភ្ញៀវ ឬ High Season។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី ហួត ហាក់ បានឱ្យដឹងថា ក្រសួងទេចរណ៍ ក៏បានចាត់តាំងថ្នាក់ដឹកនាំក្រសួងរៀបចំយុទ្ធសាស្ត្រជាច្រើន ដើម្បីយកចិត្តទុកដាក់ក្នុងការបំពេញតម្រូវការ និងបង្កើនភាពទាក់ទាញនៅក្នុងចំណោមទីផ្សារទេសចរណ៍មូស្លីម ដើម្បីឆ្លើយតបទៅនឹងនិន្នាការ ក៏ដូចជាទំហំទីផ្សារទេសចរណ៍មូស្លីមដែលមានការកើនឡើងជាបន្តបន្ទាប់។

ដោយឡែកចំពោះនិន្នាការនៃការធ្វើដំណើររបស់ភ្ញៀវទេសចរមូស្លីម យោងតាមទិន្នន័យរបស់ទីភ្នាក់ងារ Mastercard-Crescent Rating Global Muslim Travel Index បានបង្ហាញថា ភ្ញៀវទេសចរមូស្លីមអន្តរជាតិមានការកើនឡើងជាបន្តបន្ទាប់ ក្នុងនោះមុនវិបត្តិកូវីដ១៩ ក្នុងឆ្នាំ២០១៩ មានចំនួន១៦០លាននាក់ និងក្នុងដំណាក់កាលនៃការងើបឡើងវិញនៃវិបត្តិកូវីដ១៩ នេះឃើញថា ក្នុងឆ្នាំ២០២៣ មានចំនួន ១៤០លាននាក់ និងតាមការព្យាករណ៍នឹងកើនឡើង ២៣០លាន នៅឆ្នាំ២០២៦។

ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវនិងឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ម្លប់នៃសន្តិភាព ស្ថិរភាព និងភាពសុខដុមនីយកម្មសាសនា បានក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសមិទ្ធផលនាពេលបច្ចុប្បន្ននេះ និងទទួលបានការកោតសរសើរ វាយតម្លៃខ្ពស់ពីបណ្តាប្រទេសនានានៅលើពិភពលោក ជាពិសេសបណ្តាប្រទេសឥស្លាម។ ក្នុងនោះដែរ កម្ពុជាក៏មានបេសកជនពិសេសតំណាងរបស់ប្រទេសខ្លួននៅអង្គការសហប្រតិបត្តិការឥស្លាម (OIC) ផងដែរ។

គួរឱ្យដឹងថា ក្នុងគោលដៅផ្តល់ភាពងាយស្រួលដល់អ្នកដំណើរ និងទេសចរណ៍ដែលចូលមកប្រទេសកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធឱ្យកែលម្អ និងសម្រួលនីតិវិធីក្នុងការផ្តល់ទិដ្ឋាការតាមប្រព័ន្ធ e-Visa និងប្រព័ន្ធ e-Arrival ឱ្យមកនៅក្នុង Ecosystem តែមួយរបស់រាជរដ្ឋាភិបាល និងបញ្ចុះតម្លៃទិដ្ឋាការអេឡិចត្រូនិក (e-Visa) ប្រភេទទេសចរ (T) និងប្រភេទធម្មតា (E) ឱ្យបានសមស្រប។

ការកែទម្រង់ ខាងលើនេះនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ តទៅ។ តម្លៃទិដ្ឋាការអេឡិចត្រូនិក ត្រូវបានបញ្ចុះតម្លៃដូចខាងក្រោម៖

*e-Visa T បញ្ចុះតម្លៃពី ៣៦ដុល្លារអាម៉េរិក មកនៅត្រឹម ៣០ ដុល្លារអាម៉េរិក
*e-Visa E បញ្ចុះតម្លៃពី ៤២ដុល្លារអាម៉េរិក មកនៅត្រឹម ៣៥ដុល្លារអាម៉េរិក៕