(ព្រៃវែង)៖ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំទាំងអស់នៅខេត្តព្រៃវែង ត្រូវយកចិត្តទុកដាក់បន្ថែមទៀត លើការគ្រប់គ្រងសាលារៀន ជាពិសេសការជួយទំនុកបម្រុង និងការផ្តល់ឱកាសដល់កុមារ ជួបការលំបាក និងងាយរងគ្រោះបានចូលរៀន និងបន្តរៀន ជួយសិស្សរៀនយឺតឱ្យទទួលបាននូវការសិក្សាកាន់តែប្រសើរឡើង។
ការជំរុញបែបនេះរបស់សម្ដេចក្រឡាហោម ស ខេង បានធ្វើឡើងនៅក្នុងឱកាសដែលសម្ដេចបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសាលាបឋមសិក្សា ហ៊ុន សែន កំចាយមារនៃមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ។ ពិធីនេះមានការចូលរួម ពីលោកស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត, លោក សួន សុម៉ាលីន អភិបាលខេត្ត ព្រមទាំងប្រជាពលរដ្ឋ សិស្សានុសិស្ស យ៉ាងច្រើនកុះករ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។
សម្តេចក្រឡាហោម ស ខេង បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកកម្ពស់ និងអភិវឌ្ឍវិស័យអប់រំឱ្យកាន់តែប្រសើរឡើង ដោយបានកសាងសាលារៀនជាច្រើនឱ្យទៅជិតកូនចៅប្រជាពលរដ្ឋនៅមូលដ្ឋាន សំដៅកាត់បន្ថយគម្លាតនៃការអប់រំ និងចំណេះដឹងរវាងជនបទ និងទីក្រុង។ ហេតុដូច្នេះ សម្តេចក្រឡាហោម ក៏បានផ្តួចផ្តើមគំនិតបង្កើតមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ សម្រាប់ដើរតួនាទីកាន់តែសំខាន់ទៀតក្នុងការផ្តល់ឱកាស និងសេវាកម្មអប់រំ សម្រាប់បំពេញតម្រូវការ នៃធនធានមនុស្សនៅមូលដ្ឋាន និងប្រទេសជាតិ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ «រៀនពេញមួយជីវិត» របស់រាជរដ្ឋាភិបាលកម្ពុជា។
សម្ដេចក្រឡាហោម ស ខេង បានគូបញ្ជាក់ថា ក្នុងនាមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងក្នុងនាមសម្តេចផ្ទាល់ សម្តេចសូមថ្លែងអំណរគុណយ៉ាងស្មោះដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួង អប់រំ យុវជន និងកីឡា និងរដ្ឋបាលខេត្តព្រៃវែង ចំពោះកិច្ចខិតខំប្រឹងប្រែង និងការ យកចិត្តទុកដាក់ ក្នុងការដាក់ចេញនូវផែនការគោលនយោបាយ និងកម្មវិធីកំណែ ទម្រង់នានា និងជួយបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងធ្វើឱ្យសាលាមត្តេយ្យសិក្សា បឋមសិក្សា, វិទ្យាល័យ និងសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ នៃមជ្ឈមណ្ឌល អប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ បានដំណើរការបណ្តុះបណ្តាល សិស្សានុសិស្ស-និស្សិត តាំងពីពេលកកើតដំបូងរហូតមកដល់សព្វថ្ងៃនេះ។
សម្តេចក្រឡាហោម សូមផ្តាំផ្ញើដល់រដ្ឋបាលខេត្ត មន្ទីរអប់រំ យុវជន និងកីឡា រដ្ឋបាលស្រុក ត្រូវបន្តចូលរួមគាំទ្រ និងសម្របសម្រួលទាំងរដ្ឋបាល និងបច្ចេកទេសដល់ដំណើរការរៀន និងបង្រៀននៅ គ្រប់គ្រឹះស្ថានសិក្សាសាធារណៈទាំងក្នុងខេត្ត និងស្រុករបស់ខ្លួន។
សម្ដេចក្រឡាហោម ស ខេង បានបន្តថា ក្នុងនាមជាអ្នកផ្តល់សេវាអប់រំ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ត្រូវតែ បន្តអភិវឌ្ឍសមត្ថភាពជាប់ជា ប្រចាំ តាមរយៈការចូលរួមសិក្ខាសាលា វគ្គបំប៉ននានាដូចជា៖ វគ្គបំប៉នស្តីពីការអនុវត្ត កញ្ចប់សម្ភារអំណាន និងគណិតវិទ្យាថ្នាក់ដំបូង និងការគ្រប់គ្រងសាលារៀន ជាដើម។ ជាមួយគ្នានេះ ត្រូវឆ្លើយតបនឹងការវិវត្តិបច្ចេកវិទ្យាព័ត៌មាន ដើម្បីបម្រើការបង្រៀន និងរៀន និងការងាររដ្ឋបាលឱ្យកាន់តែល្អប្រសើរ ព្រមទាំងសមត្ថភាពភាសាបរទេស ជាពិសេស ភាសាអង់គ្លេស។ ព្រមទាំងបន្តខិតខំគោរពប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួននូវស្តង់ដាវិជ្ជាជីវៈ គ្រូបង្រៀនរួមមានទី១៖ ចំណេះដឹងវិជ្ជាជីវៈ, ទី២៖ ការប្រតិបត្តិវិជ្ជាជីវៈ, ទី៣៖ ការសិក្សាវិជ្ជាជីវៈ និងទី៤៖ សីលធម៌វិជ្ជាជីវៈ៕