(ភ្នំពេញ)៖ ឈានចូលដល់វ័យ ៨១ឆ្នាំហើយ លោកតា ឡាច រិ បានសម្រេចចិត្តដាក់ពាក្យចូលរួម ក្នុងកម្មវិធីសរសេរតាមអានជាសាធារណៈ ឈ្មោះថា «សំណេរអង្គរ» លើកទី២។ លោកតា ឡាច រិ មកពីភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
លោកតា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះថា លោកគឺជាអតីតគ្រូបង្រៀនមកពីអនុវិទ្យាល័យវត្តគរ និងបានចូលនិវត្ត ជាង២០ឆ្នាំហើយ គឺតាំងពីឆ្នាំ១៩៩៩។ ការចូលរួមប្រកួត «សំណេរអង្គរ» លើកទី២ គ្រួសាររបស់លោកតា មានគ្នា៤នាក់ ដែលបានដាក់ពាក្យប្រកួត គឺ លោកតា, កូន២នាក់ និងចៅម្នាក់។
បើតាមប្រសាសន៍ លោកតា ឡាច រិ, ការចូលរួមប្រកួត «សំណេរអង្គរ» លើកទី២ មានការជំរុញពីកូនចៅរបស់លោកតាផ្ទាល់តែម្តង ហើយលោកតាក៏បានត្រៀមខ្លួនរួចហើយដែរ។ លោកតាបានបញ្ជាក់ប្រាប់ចំពោះមូលហេតុការចូលរួមប្រកួតដូច្នេះថា «ខ្ញុំមានបំណងលេងកម្សាន្តនៅអង្គរវត្ត និងចូលមើលកម្មវិធីសំណេរអង្គរផង។ ពេលនោះ កូនចៅបានប្រាប់ឲ្យដាក់ពាក្យប្រកួតតែម្តង ប៉ុន្តែខ្ញុំបានត្រៀមខ្លួនរួចហើយ មិនមែនមិនត្រៀមខ្លួននោះទេ»។
សម្រាប់ លោកតា ឡាច រិ, «សំណេរអង្គរ» លើកទី២ មិនត្រឹមតែជួយលើកស្ទូយអក្សរសាស្ត្រខ្មែរទេ តែក៏ជាការផ្សព្វផ្សាយពីប្រាសាទអង្គរវត្ត ឲ្យកាន់តែទទួលបានការចាប់អារម្មណ៍ផងដែរ។
សូមជម្រាបថា ការប្រកួតសរសេរតាមអានជាសាធារណៈ «សំណេរអង្គរ» លើកទី២ នៅបរិវេណស្ពានហាលប្រាសាទអង្គរវត្ត នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ មានបេក្ខជនចូលរួមប្រកួត ១ ២២០អង្គ/នាក់ មកពី ២២រាជធានី-ខេត្ត ដែលជាផែនការឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ជាអ្នកអានអត្ថបទប្រកួតសម្រាប់បេក្ខជនដោយផ្ទាល់ ខណៈដែលការប្រកួតលើកទី១ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចូលរួមធ្វើជាអ្នកអានអត្ថបទ។
ការប្រកួតសរសេរតាមអានជាសាធារណៈនេះ ត្រូវបានបង្កើតឡើងដោយក្រុមអ្នកស្រលាញ់អក្សរសាស្រ្តខ្មែរ និងចូលរួមគាំទ្រដោយក្រសួងពាក់ព័ន្ធនានា ដែលកម្មវិធីនេះរៀបចំឡើងដើម្បីលើកស្ទួយភាសាខ្មែរ តាមរយៈការសរសេរតាមអាន បង្កើនចំណេះដឹង និងបង្ហាញពលរដ្ឋពីសារ:សំខាន់នៃភាសាខ្មែរ កម្មវិធីនេះដែរក៏ដើម្បីជួយជំរុញសក្ដានុពលទេសចរណ៍ក្នុងស្រុកផងដែរ។
បើតាមគណៈកម្មការរៀបចំការប្រកួត ក្នុងចំណោមបេក្ខជន ១ ២២០អង្គ/នាក់ មានព្រះសង្ឃ ៨២អង្គ។ ព្រះសង្ឃ ៦៤អង្គ មានព្រះជន្មច្រើនជាង ១៩ វស្សា និង ១៨អង្គ មានព្រះជន្មក្រោម ១៨ វស្សា។ ព្រះសង្ឃ និមន្តពីខេត្តបាត់ដំបង មានច្រើនជាងគេចំនួន ២៤អង្គ, សៀមរាប ១៦អង្គ, បន្ទាយមានជ័យ ៩អង្គ, រាជធានីភ្នំពេញ ៦អង្គ, កំពង់ចាម ៥អង្គ កណ្ដាល និងត្បូងឃ្មុំ ៤អង្គដូចគ្នា។ បេក្ខជនចាស់ជាងគេអាយុ ៨១ឆ្នាំ និងបេក្ខជនក្មេងជាងគេ គឺមានអាយុ៦ឆ្នាំ៕