(ភ្នំពេញ)៖ លោក សោម សូរីដា សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីប្រកាសផ្សាយអំពី ការចាប់ផ្តើមដំណើរការឃោសនាបោះឆ្នោត ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងក្នុងដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥។

នាឱកាសនោះដេរ លោកសោម សូរីដា បានឱ្យដឹងថា ការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ មានរយៈពេល៨ថ្ងៃ គឺត្រូវចាប់ផ្តើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។ គ្រប់សកម្មភាពឃោសនាបោះឆ្នោត របស់គណបក្សនយោបាយ ត្រូវចាប់ផ្តើមពីម៉ោង ៦:០០ព្រឹក ដល់ម៉ោង ១០:០០យប់ និងត្រូវឈប់ សម្រាកនៅចន្លោះ ពីម៉ោង ១០:០០ យប់ ដល់ម៉ោង ៦:០០ព្រឹក។ សកម្មភាពឃោសនាបោះឆ្នោត ដោយឧបករណ៍បំពងសំឡេងត្រូវហាមឃាត់ជាទូទៅចាប់ពីម៉ោង ១២:០០ថ្ងៃត្រង់ ដល់ម៉ោង ២:០០ រសៀល។ គ្រប់សកម្មភាពឃោសនាបោះឆ្នោត របស់គណបក្សនយោបាយ ត្រូវបញ្ឈប់ក្នុងរយៈពេល ២៤ម៉ោង មុនថ្ងៃបោះឆ្នោត និងក្នុងថ្ងៃបោះឆ្នោត។

លោក សោម សូរីដា បានបន្តថា ការឃោសនាបោះឆ្នោតមានទិសដៅ ឱ្យគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតធ្វើការផ្សព្វផ្សាយកម្មវិធីនយោបាយរបស់ខ្លួនជូនអ្នកបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាសង្កាត់ក្នុងមុខតំណែង ក្នុងមណ្ឌលក្រុងកំពង់សោម នៃខេត្តព្រះសីហនុ។

អំពីសកម្មភាពហែក្បួនឃោសនាបោះឆ្នោត, លោក សោម សូរីដា បានបញ្ជាក់ជូនថា ទម្រង់ និងទំហំនៃការហែក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះ គ្រប់ប្រភេទត្រូវបានកំណត់ក្នុងបទបញ្ជា និងនីតិវិធី។

លោកបន្តថា គណបក្សនយោបាយដែលមានបំណងហែក្បួនឃោសនាបោះឆ្នោត ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ យ៉ាងតិចឱ្យបាន ៣ថ្ងៃ មុនថ្ងៃហែក្បួនឃោសនាបោះឆ្នោត។ គណបក្សនយោបាយដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម អាចហែក្បួនព្យុហយាត្រា នៅក្នុងមណ្ឌលក្រុងរបស់ខ្លួនបានយ៉ាងច្រើន២ដង ក្នុងអំឡុងពេលឃោសនាបោះឆ្នោត។ ការហែក្បួនព្យុហយាត្រា ត្រូវបានអនុញ្ញាតឱ្យធ្វើក្នុងក្របខណ្ឌសង្កាត់ទាំង៥ នៃក្រុងកំពង់សោម រួមមាន សង្កាត់រាម សង្កាត់បិតត្រាំង សង្កាត់អូរឧកញ៉ាហេង សង្កាត់បឹងតាព្រហ្ម និងសង្កាត់អូរជ្រៅ។

ពាក់ព័ន្ធនឹងភារកិច្ចរបស់គណបក្សនយោបាយ បេក្ខជន និងអ្នកគាំទ្រ, លោក សោម សូរីដា បានឱ្យដឹងថា ក្នុងអំឡុងពេលនៃការឃោសនាបោះឆ្នោត គណបក្សនយោបាយ បេក្ខជន និងអ្នកគាំទ្រទាំងអស់ ត្រូវគោរពវិធាន បទប្បញ្ញត្តិ និងគោលការណ៍ដែលចែងក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ គោរពបទបញ្ជា និងនីតិវិធី និងក្រមសីលធម៌ ដែលក្នុងនោះត្រូវគោរពគោលការណ៍សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវប្រកាន់អាកប្បកិរិយាថ្លៃថ្នូរ មិនត្រូវបង្គាប់បញ្ជាឱ្យអ្នកគាំទ្ររបស់ខ្លួនទៅហែក ឬបំផ្លាញចោល សម្ភារ ឯកសារឃោសនារបស់គណបក្សនយោបាយ ឬ/និងបេក្ខជនដទៃ។ មិនត្រូវប្រព្រឹត្តអំពើគំរាមកំហែង ឬបំភិតបំភ័យ ឬអំពើហិង្សា ទៅលើបេក្ខជន ឬគណបក្សនយោបាយដទៃ មិនត្រូវញុះញង់អ្នកគាំទ្រឱ្យប្រព្រឹត្តអំពើរំលោភ គំរាមកំហែង អំពើហិង្សា ឬបំភិតបំភ័យ ទៅលើបុគ្គល ឬគណបក្សនយោបាយដទៃ មិនត្រូវនិយាយដោយផ្ទាល់មាត់ ឬដោយប្រយោល ឬសរសេរជាលាយលក្ខណ៍អក្សរ ក្នុងន័យអសីលធម៌ ប្រមាថ មាក់ងាយទៅលើបេក្ខជន អ្នកគាំទ្រ ឬលើបុគ្គលណាម្នាក់ឡើយ។ល។

អំពីការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោត ឯកឧត្ដម សោម សូរីដា បានមានប្រសាសន៍ថា ក្នុងអំឡុងពេលនៃការឃោសនាបោះឆ្នោត ជនណាក៏ដោយ ឬតំណាងមានសិទ្ធិដាក់ពាក្យបណ្តឹងចំពោះជន ឬគណបក្សនយោបាយដែលបានប្រព្រឹត្តអំពើរំលោភច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ ទៅសមត្ថកិច្ចដោះស្រាយពាក្យបណ្តឹងតាមឋានានុក្រម រួមមាន គ.ខ.ប ព្រះសីហនុ និង គ.ជ.ប។

ចំពោះការដោះស្រាយពាក្យបណ្តឹង, លោក សោម សូរីដា បានបញ្ជាក់ថា គណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ និង គ.ជ.ប មានសិទ្ធិអំណាច និងភារកិច្ចសម្រេចលើវិវាទដែលពាក់ព័ន្ធនឹងដំណើរការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាក្រុងកំពង់សោម។ គ.ខ.ប ព្រះសីហនុ មានសិទ្ធិបើកការប្រជុំផ្សះផ្សា ឬបើកសវនាការ លើពាក្យបណ្តឹងតវ៉ា ឬពាក្យបណ្តឹងជំទាស់។ គ.ជ.ប មានសិទ្ធិពិនិត្យសម្រេច ឬបើកសវនាការលើពាក្យបណ្តឹងតវ៉ា ឬ/និងពាក្យបណ្តឹង ជំទាស់ទាក់ទងនឹងការឃោសនាបោះឆ្នោត លើកលែងតែពាក្យបណ្តឹងដែលទាក់ទងនឹងសមត្ថកិច្ចរបស់តុលាការ។ គ.ជ.ប ដោះស្រាយពាក្យបណ្តឹងនេះក្នុងរយៈពេលសមស្របជាបន្ទាន់ បន្ទាប់ពីថ្ងៃបានទទួលពាក្យបណ្តឹង។

លោក សោម សូរីដា បានអំពាវនាវចំពោះគណៈកម្មការរៀបចំការបោះឆ្នោតពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ រចនាសម្ព័ន្ធសន្តិសុខបោះឆ្នោតគណៈបញ្ជាការឯកភាព
អាជ្ញាធរដែនដីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ គណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមគោរពច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ បទបញ្ជា និងនីតិវិធី ក្រមសីលធម៌ និងគោលការណ៍ណែនាំផ្សេងៗទៀតរបស់ គ.ជ.ប ដើម្បីធានាឱ្យដំណើរការឃោសនាបោះឆ្នោតខាងមុខនេះប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា។ គណបក្សនយោបាយ និងបេក្ខជនត្រូវមានភាពចាស់ទុំខាងនយោបាយក្នុងការធ្វើសកម្មភាពឃោសនា៕