(ភ្នំពេញ)៖ សម្តេចតេជោហ៊ុនសែន បានផ្តល់ទស្សនៈនៃបទពិសោធន៍ផ្ទាល់ខ្លួនក្នុងពេលដែលពិភពលោក កំពុងតែខ្វែងដៃជើង ចង់ពន្លត់ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយប្រទេសមួយចំនួន នៅតែជំទាស់ចំពោះការស្វែងរកសន្តិភាពតាមរយៈការចរចា។ សម្តេចតេជោ បានថ្លែងថា សន្តិភាព មិនមែនបានមកតាមរយៈការបង្ខំពីខាងក្រៅនោះទេ ប៉ុន្តែតាមរយៈការដោះស្រាយផ្ទៃក្នុងតាមរយៈការចរចា។ Fresh Exclusive មានសេចក្តីរាយការណ៍ស៊ីជម្រៅមួយលើបញ្ហានេះ៖
ក្នុងជម្លោះកាន់តែតានតឹងរវាងអ៊ុយក្រែននិងរុស្ស៊ីនៅតែបន្ត បើទោះបីជាមានការសន្យាពីប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ថានឹងបញ្ចប់សង្គ្រាមរយៈពេល២៤ម៉ោងនោះ សហគមន៍អន្តរជាតិនៅតែមានភាពខ្វែងគំនិតគ្នា លើដំណើរនៃសកម្មភាពដែលថាតើគេគួរបន្តធ្វើយ៉ាងណាដើម្បីសម្រេចបាននូវសន្តិភាពពិតប្រាកដនោះ។
នៅជាមួយនឹងសភាពការណ៍ដែលនៅតែច្របូកច្របល់រកការដោះស្រាយមិនទាន់បាននោះ ស្រាប់តែមានការលើកឡើងរបស់ប្រធានអង្គការណាតូ លោក Mark Rutte ដែលនិយាយថា «អ៊ុយក្រែន មិនទាន់រឹងមាំគ្រប់គ្រាន់ ដើម្បីចរចាសន្តិភាពជាមួយរុស្ស៊ី» ឡើយ។ សម្តីលើកឡើង របស់ប្រមុខអង្គការណាតូនោះហើយ បានជម្រុញឱ្យមានការជជែកវែកញែកលើបញ្ហានេះយ៉ាងទូលំទូលាយ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខដាក់ចេញយុទ្ធសាស្ត្រ DIFID នៃនយោបាយឈ្នះ-ឈ្នះ ពន្លត់ភ្លើងសង្គ្រាមស៊ីវិលដោយជោគជ័យនៅក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍ផ្តល់បទពិសោធន៍របស់កម្ពុជា ជុំវិញស្ថានការណ៍ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលកំពុងស្វែងរកច្រកចេញនូវសន្តិភាពមួយដ៏ពិតប្រាកដ។
សម្តេចតេជោ បានលើកយកប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលអនុវត្តនយោបាយឈ្នះ-ឈ្នះ បំបាត់សង្គ្រាមជិត៣០ឆ្នាំនៅក្នុងប្រទេសកម្ពុជា ដើម្បីជាឧទាហរណ៍សម្រាប់ការដកបទពិសោធន៍។
សម្តេចតេជោ តាមរយៈសំណេរមួយក្នុងបណ្តាញសង្គមនាយប់ថ្ងៃទី១៥ មករា ឆ្នាំ២០២៥ បញ្ជាក់តបនឹងសម្តីលើកឡើងរបស់ប្រធានអង្គការណាតូ លោក Mark Rutte និយាយថា «អ៊ុយក្រែន មិនទាន់រឹងមាំគ្រប់គ្រាន់ ដើម្បីចរចាសន្តិភាពជាមួយរុស្ស៊ី» នោះ បានលើកបង្ហាញនូវទស្សនៈមួយវិញមកថា «ប្រសិនរង់ចាំយកប្រៀបលើសមរភូមិទើបចរចា គេត្រូវរង់ចាំរាប់សិបឆ្នាំទៀត។ ការរង់ចាំនោះ នឹងអូសបន្លាយការស្លាប់ និងការឈឺចាប់របស់ប្រជាជនអ៊ុយក្រែនបន្តទៀតតែប៉ុណ្ណោះ។ «គ្មានពេលដែលអ៊ុយក្រែន យកប្រៀបលើសមរភូមិយោធាបានទេ កុំថាឡើយអ៊ុយក្រែននៅម្នាក់ឯង ទោះអ៊ុយក្រែនចូលជាសមាជិក NATO ឬជាសមាជិក EU ថែមទៀត ក៏សភាពការណ៍ នៅតែប៉ុណ្ណឹងដដែល»។
សម្តេចតេជោ បានថ្លែងបង្ហាញថាភាពជាក់ស្តែងរយៈពេលកន្លងមកនេះ កម្លាំង NATO និង EU ក៏ដូចជាអាមេរិក បានចូលរួមប្រយុទ្ធរួចទៅហើយ តាមរយៈការផ្តល់អាវុធគ្រប់ប្រភេទ ហិរញ្ញវត្ថុ និងភស្តុភារ ក៏ដូចជានយោបាយ និងការទូត ដើម្បីប្រយុទ្ធជាមួយរុស្ស៊ី តែសភាពការកាន់តែអាក្រក់ មិនគ្រាន់តែនៅអ៊ុយក្រែនប៉ុណ្ណោះទេ ថែមទាំងនៅអឺរ៉ុបខ្លួនឯង និងពិភពលោកដោយសារអាវុធទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី។ សម្តេចតេជោថ្លែងថា នយោបាយប្រើទណ្ឌកម្មនេះ ប្រៀបដូចជា ច្របាច់ករុស្ស៊ី លៀនអណ្តាតអឺរ៉ុបខ្លួនឯងនោះទៅវិញទេ។
*បទពិសោធន៍កម្ពុជា សម្រាប់អ៊ុយក្រែនក្នុងកិច្ចប្រឹងប្រែងស្វែងរកការបញ្ចប់សង្គ្រាម
ដំណើរឆ្ពោះទៅរកសន្តិភាពរបស់កម្ពុជា ផ្តល់នូវករណីសិក្សាដ៏គួរឱ្យទាក់ទាញមួយ។ បន្ទាប់ពីជម្លោះជាច្រើនទស្សវត្សរ៍ រួមទាំងរជ្ជកាលដ៏បំផ្លិចបំផ្លាញរបស់ខ្មែរក្រហម ប្រទេសកម្ពុជាបានរកឃើញសន្តិភាពដ៏ពិតប្រាកដ។ សន្តិភាពនោះ មិនមែនតាមរយៈការបង្ខំពីខាងក្រៅមកនោះទេ ប៉ុន្តែតាមរយៈការដោះស្រាយផ្ទៃក្នុង។ សម្តេចតេជោ ហ៊ុន សែន បានសរសេរតាមបណ្តាញសង្គមថា៖ «បទពិសោធន៍ដែលកម្ពុជា បានឆ្លងកាត់ គឺចរចាកាន់តែឆាប់កាន់តែល្អ ទោះចរចាផងវាយផង ក៏គ្រាន់បើជាងការវាយគ្នាតែមួយមុខដែរ»។ សម្តេចតេជោបានថ្លែងជម្រុញឱ្យ «មិត្តភក្តិបរទេសគួរលើកទឹកចិត្តឲ្យចរចា ជាជាងរារាំងការចរចា និងលើកទឹកចិត្តឲ្យប្រយុទ្ធគ្នាគ្មានទីបញ្ចប់»។
សង្គ្រាមស៊ីវិលក្នុងប្រទេសកម្ពុជា បានផ្តើមចេញពីអំពើរដ្ឋប្រហារមួយដែលមានការលូកដៃពីបរទេសខាងក្រៅ។ សង្គ្រាមនៅកម្ពុជានោះ បានទាញប្រទេសឱ្យធ្លាក់ចូលក្នុងរបបកាប់សម្លាប់ខ្មែរក្រហម ដោយក្នុងរបបវាលពិឃាតនោះ មានមនុស្សស្លាប់ច្រើនលាននាក់ និងធ្វើឱ្យដំណើរ ជាតិខ្មែរធ្លាក់ក្រោមចំណុចសូន្យ។
ក្រោមកិច្ចចរចាលើកដំបូងរវាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចព្រះ នរោត្តម សីហនុ នៅ Fere-En-TARDENOIS ក្នុងប្រទេសបារាំងនាខែធ្នូ ឆ្នាំ១៩៨៧, ពន្លឺតាមរយៈការចរចានោះ បាននាំឱ្យមានជាដំណោះស្រាយស្វែងរកការបញ្ឈប់បាញ់គ្នា និងមានការចូលធ្វើអន្តរាគមន៍ ដោយក្រុមទាហានមួកខៀវអង្គការសហប្រជាជាតិ។ ប៉ុន្តែនៅក្រោយស្ថានការណ៍បានផ្លាស់ប្តូរក្នុងពេលកងកម្លាំងអង្គការសហប្រជាជាតិបានដកចេញពីកម្ពុជា ដោយបន្សល់ទុកនូវសង្គ្រាមមិនទាន់ផុតរលត់ និងទឹកដីខ្មែរនៅតែមានតំបន់អបគមន៍នោះ, នយោបាយឈ្នះ-ឈ្នះ ក៏ត្រូវបានដាក់ចេញ និងក្នុងរយៈពេល១០៥២យប់និងថ្ងៃ សង្គ្រាមស៊ីវិលត្រូវបានពន្លត់ទាំងស្រុង។
ការពន្លត់ភ្លើងសង្គ្រាមរបស់កម្ពុជានាពេលនោះ គឺផ្អែកសំខាន់លើការចរចា និងការជឿទុកចិត្តគ្នា តាមរយៈខសន្យាបីចំណុចនៃនយោបាយឈ្នះ-ឈ្នះ ដែលការសន្យានោះមិនមែនកើតឡើងដោយសារតែកិច្ចព្រមព្រៀងបរទេសណាមួយ ឬការលូកដៃពីបរទេសខាងក្រៅឡើយ ប៉ុន្តែគឺការចរចាជាមួយនឹងការជឿជាក់នៃភាគីទាំងសងខាង។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «បទពិសោធន៍របស់កម្ពុជា ក្នុងការរកសន្តិភាព និងរក្សាសន្តិភាព គឺស្ថិតលើកម្ពុជាដោយខ្លួនឯង ពីព្រោះបរទេសមិនអាចមកសម្រេចជំនួសខ្លួនបានឡើយ»។ សម្តេច ហ៊ុនសែន បានថ្លែងបន្តថា ករណីអ៊ុយក្រែន ក៏ដូចគ្នាដែរ គឺមានតែមេដឹកនាំអ៊ុយក្រែនប៉ុណ្ណោះ ទើបអាចសម្រេចចិត្តបានថាតើគួរចរចា ឬមិនចរចា នោះគឺមិនមែនប្រមុខអង្គការណាតូ ឬប្រទេសផ្សេងឡើយដែលត្រូវសម្រេចចិត្តនេះ។
*ភាពតានតឹងនយោបាយ កាន់តែបន្តប្រសិនបើសង្គ្រាមអ៊ុយក្រែនអូសបន្លាយ
សង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ឈានដល់ជិតខួបគំរប់បីឆ្នាំរបស់វាហើយ។ ភាពអូសបន្លាយ នៃសង្គ្រាម នឹងអាចបន្តឱ្យរុស្ស៊ី, សហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តកាន់តែបង្កើនជម្លោះ Proxy នៅក្នុងតំបន់ដែលជាការអូសបន្លាយនូវកត្តាអស្ថិរភាព ពីព្រោះមនុស្សដែលស្លាប់និងរបួស នឹងរំពឹងកើនឡើងគួរឱ្យសង្វេគ។ ជម្លោះ Proxy គឺជាជម្លោះបង្កដោយប្រទេសនៅខាង ក្រៅដោយជម្រុញឱ្យប្រទេសសាមីធ្វើសង្គ្រាម ប៉ុន្តែខ្លួនឯងដែលផ្តល់ឧបករណ៍យោធាបែរជាមិនចូលរួមដោយខ្លួនឯងឡើយ។
ដូច្នេះប្រសិនណាបើភាពអូសបន្លាយនៃសង្គ្រាម Proxy នៅតែបន្តគឺអ៊ុយក្រែន នឹងកាន់តែប្រឈមមុខនឹងការចាញ់ក្នុងសង្គ្រាមកាន់តែខ្លាំងពីព្រោះ ដោយសារនយោបាយផ្លាស់ប្តូរថ្មីរបស់រដ្ឋបាលសហរដ្ឋអាមេរិក ដែលជានយោបាយមិនទាន់ប្រាកដប្រជាថា នឹងជួយអ៊ុយក្រែនដូច អ្វីដែលធ្លាប់បានសន្យាដោយលោកប្រធានាធិបតី ចូ បៃដិន ដែលជិតផុតអំណាចនាប៉ុន្មានថ្ងៃខាងមុខនេះឡើយ។ ម្យ៉ាងទៀតភាពមិនសប្បាយចិត្តក្នុងចំណោមសម្ព័ន្ធមិត្ត អាចធ្វើឱ្យការរួបរួមរបស់អង្គការណាតូចុះខ្សោយ ដោយសារតែរដ្ឋជាសមាជិក អាចបាត់បង់ទំនុកចិត្តលើយុទ្ធសាស្ត្រសម្របសម្រួលដើម្បីដោះស្រាយជម្លោះនៅ អ៊ុយក្រែន។
*ផលវិបាកមនុស្សធម៌ បើសិនជាសង្គ្រាមអ៊ុយក្រែនមិនបញ្ចប់
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍ថា គេមិនអាចប្រើសង្គ្រាមដើម្បីបញ្ចប់សង្គ្រាមបានឡើយ ប៉ុន្តែគឺការចរចាទេ ដែលនឹងអាចបញ្ចប់សង្គ្រាមឈានទៅរកសន្តិភាព។ បើសិនជាការស្វែងរកសន្តិភាពជួបនឹងបរាជ័យដោយមិនអាចពន្លត់សង្គ្រាមបាន វាអាចពង្រីកក្តីរងទុក្ខបន្តថែមទៀតទាំងអ៊ុយក្រែន និងរុស្ស៊ី ដែលនឹងនាំទៅដល់ការស្លាប់និងរបួសកាន់តែច្រើនឡើយ។ ពលរដ្ឋត្រូវបង្ខំចិត្តរត់ចាកចោលទីលំនៅដ្ឋាន និងការបំផ្លិចបំផ្លាញសេដ្ឋកិច្ចកាន់តែបន្ត និងមានទំហំកាន់តែធំ និងបង្កក្តីលំបាកមិនអាចឱ្យមានការដោះស្រាយភ្លាមៗបានឡើយ។ ជម្លោះអូសបន្លាយ ក៏នឹងបណ្តាលឱ្យមានភាពនឿយណាយពីប្រទេសនៃម្ចាស់ជំនួយ ដែលគាំទ្រអ៊ុយក្រែន ហើយវានឹងធ្វើឱ្យវិបត្តិមនុស្សធម៌កាន់តែអាក្រក់ទៅជាលំដាប់។
សម្តេចតេជោបានថ្លែងថា បើការចរចាឆាប់ចាប់ផ្តើមវដ្តនៃអំពើហិង្សារ អាចបញ្ចប់ទៅក៏បានឆាប់ដែរ។ មិនថាអ៊ុយក្រែនជ្រើសរើសដើម្បីប្រយុទ្ធ ឬចរចានោះទេ វាគឺជាការសម្រេចចិត្តដែលត្រូវតែចេញមកពីខាងក្នុង ដែលជាការសម្រេចចិត្តប្រកបដោយផលប្រយោជន៍ និងសេចក្តីប្រាថ្នារបស់ប្រជាជនខ្លួនឯង ជាជាងការផ្អែកយុទ្ធសាស្ត្រពឹងប្រទេសខាងក្រៅដើម្បីដោះស្រាយជម្លោះ។
ប្រសាសន៍ជាមួយនឹងអំណះអំណាងរបស់សម្តេចតេជោ ក្នុងការស្វែងរកសន្តិភាព និងការបញ្ចប់សង្គ្រាម ត្រូវបានគេចាត់ទុកថា គឺការគោរពយ៉ាងជ្រាលជ្រៅចំពោះអធិបតេយ្យភាព។ អធិបតេយ្យភាព មានន័យថា ជោគវាសនារបស់ប្រទេសមួយ មិនអាចកំណត់ដោយមហាអំណាចបរទេសនោះទេ ទោះបីជាមានចេតនាល្អប៉ុណ្ណាក៏ដោយ៕