(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានសហការរៀបចំនូវសិក្ខាសាលាស្តីពី «បេសកកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងកិច្ចសហប្រតិបត្តិការជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា» ក្រោមអធិបតីភាព លោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. និងលោក សាំង វណ្ណៈ ប្រធានគណៈមេធាវី។
សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីរួមមាន លោកស្រី ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក., លោក ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាសមាជិក អ.ដ.ក., លោក យ៉ម ផារ៉ូត អគ្គលេខាធិការនៃ អ.ដ.ក., ក្រុមប្រឹក្សាគណៈមេធាវី និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. និងដោយមានការចូលរួមពី លោក លោកស្រី ជាមេធាវី សរុបប្រមាណជា១៥០នាក់។
ថ្លែងក្នុងសិក្ខាសាលានេះ លោកបណ្ឌិត ជិន ម៉ាលីន បានលើកឡើងថា សិក្ខាសាលានាពេលនេះ គឺជាផ្នែកមួយនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា រវាង អ.ដ.ក. និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។
សិក្ខាសាលានេះ ក៏ត្រូវបានធ្វេីទ្បេីងដេីម្បីបញ្ជ្រាបការយល់ដឹងពីបេសកកម្មរបស់ អ.ដ.ក. និងពីកិច្ចសហប្រតិបត្តិការរវាង អ.ដ.ក. និងគណៈមេធាវី ដល់មេធាវី ដែលជាតួអង្គសំខាន់មួយ ក្នុងការរួមចំណែកលេីកកម្ពស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ឲ្យកាន់តែងាយស្រួល កាន់តែសម្បូរបែប កាន់តែខិតជិតប្រជាពលរដ្ឋ និងកាន់តែមានប្រសិទ្ធភាពក្នុងការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ សំដៅសម្រេចឲ្យបានទិសដៅ និងគោលនយោបាយពាក់ព័ន្ធនឹងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងជាក់ស្តែងនិយម របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ទន្ទឹមនេះ ស្ថាប័នទាំងពីរ ក៏បានឯកភាពគ្នាក្នុងការបន្តសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ, កម្មវិធីបណ្តុះបណ្តាលជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ឬព្រឹត្តិការណ៍នានា ដើម្បីផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ឲ្យបានកាន់តែទូលំទូលាយផងដែរ៕