(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ បានស្នើដល់រដ្ឋបាលស្រុកដទៃទៀតក្នុងខេត្ត ដែលមិនទាន់ទទួលបានប័ណ្ណសរសើរ ពាក់ព័ន្ធនឹងក្រុងស្រុកដែលមានស្នាដៃល្អ ក្នុងការដឹកនាំ រៀបចំសណ្តាប់ធ្នាប់ និងសោភ័ណភាពបរិស្ថាន អនាម័យល្អ នៅក្នុងទីប្រជុំជន ត្រូវខិតខំយកគម្រូតាមរដ្ឋបាលក្រុងពោធិ៍សាត់ និងរដ្ឋបាលស្រុកកណ្តៀង។
លោក ខូយ រីដា បានថ្លែងបែបនេះ នៅសាលប្រជុំសាលាខេត្ត ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែមករា និងលើកទិសដៅអនុវត្តបន្ត សម្រាប់ខែកុម្ភៈ ឆ្នាំ២០២៥ ដោយបានការ ចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងខេត្ត, ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត, នាយក នាយករងរដ្ឋបាលសាលាខេត្ត, នាយក នាយករង ទីចាត់ការសាលាខេត្ត, មេបញ្ជាការ មេបញ្ជាការរង កងកម្លាំងប្រដាប់អាវុធទាំង៣, អភិបាលក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសម្តែងនូវការកោតសរសើរដោយស្មោះ ចំពោះថ្នាក់ដឹកនាំគ្រប់រដ្ឋបាលស្រុក/ក្រុង មន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំង ប្រដាប់អាវុធទាំង៣ ដែលបានខិតខំប្រឹងប្រែង បំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបទៅដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រាប់ជាកិត្តិយសខេត្តពោធិ៍សាត់យើង។
លោកបានបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះ គឺផ្តោតសំខាន់លើកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសទទួលបដិសណ្ឋារកិច្ច វត្តមានដ៏ខ្ពង់ខ្ពស់ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលនឹងអញ្ជើញក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ឆាប់ៗខាងមុខ។ លោកសូមឱ្យរដ្ឋបាល ស្រុក/ក្រុង ឃុំ/សង្កាត់ មន្ទីរអង្គភាពជុំវិញខេត្ត ជាពិសេសកងកម្លាំងប្រដាប់អាវុធទាំង៣ ត្រូវរៀបចំសម្អាតបរិស្ថាន ឱ្យកាន់តែមានសោភណ្ឌភាព និងសណ្តាប់ធ្នាប់ល្អ ដោយដាក់តាំងរូបថត របស់សម្តេចទាំងទ្វេរផងដែរ។
លោក ខូយ រីដា បន្ថែមថា នៅរដូវប្រាំងនេះ លោកសូមឱ្យបង្កើនការប្រុងប្រយ័ត្ន អំពីបញ្ហាភ្លើងឆេះព្រៃ ភ្លើងចង្ក្រាន ដែលនាំឱ្យមានបញ្ហានិភ័យខ្ពស់ និងត្រូវត្រៀមគ្រប់មធ្យោបាយ ដើម្បីពន្លន់ក្នុងករណីបើមានអគ្គីភ័យកើតឡើង។ ដោយឡែកគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក/ក្រុង និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តត្រួតពិនិត្យ តាមដាននូវរាល់បទល្មើសផ្សេងៗដូចជា៖ បទល្មើសធនធានធម្មជាតិ ព្រៃឈើ ជលផល គ្រឿងញៀន ចោរលួច ឆក់ប្លន់ ក្មេងទំនើង ល្បែងស៊ីសង...។ល។ ដែលស្ថិតក្នុងភូមិសាស្ត្រទទួលខុសត្រូវ ធ្វើយ៉ាងណាបង្ក្រាបឱ្យបាន ដូចភ្លៀងរលឹម។
លោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្តថា ចំពោះបញ្ហាអនាម័យបរិស្ថាន ក៏ដូចជាសណ្តាប់ធ្នាប់សាធារណៈ គ្រប់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវចាត់វិធានការឱ្យបានល្អ តាមដងផ្លូវសំខាន់ៗ ដូចជាផ្លូវជាតិលេខ៥ តាមតំបន់ប្រជុំជន ដោយធ្វើយ៉ាងណាកុំឱ្យបាត់បង់សោភ័ណភាព និងរបៀបរៀបរយ។
លោកសូមឱ្យពង្រឹងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ បន្ថែមពីនោះដូចជាការសម្របសម្រួល និងដោះស្រាយរួចមកហើយ ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ច្រាំងស្ទឹងពោធិ៍សាត់ លោកក៏សូមកោតសរសើរដល់រដ្ឋបាលក្រុងពោធិ៍សាត់ និងរដ្ឋបាលស្រុកកណ្តៀង ដែលមានភាពឈ្លាសវៃ ហ្មត់ចត់ និងអនុវត្តតាមយន្តការដែលបានដាក់ចេញកន្លងមក ដើម្បីប្រែក្លាយតំបន់នោះ ឱ្យទៅជាកន្លែងដើរលេងកំសាន្ត កន្លែងហាត់ប្រាណ និងបានលើកមុខលើកមាត់ខេត្តពោធិ៍សាត់របស់យើង ឱ្យកាន់តែមានភាពទាក់ទាញ។
ក្នុងឱកាសនោះ លោក ខូយ រីដា ក៏បានប្រកាសផ្តល់ជូនប័ណ្ណសរសើរ ដល់លោក ផាយ ឡេង អភិបាលក្រុងពោធិ៍សាត់ និងលោក ណារ៉ា ចំរើន អភិបាលស្រុកកណ្តៀង ដែលមានស្នាដៃល្អ ក្នុងការដឹកនាំ រៀបចំសណ្តាប់ធ្នាប់ និងសោភ័ណភាពបរិស្ថាន អនាម័យល្អ នៅក្នុងទីប្រជុំជន នៃភូមិសាស្ត្រក្រុងពោធិ៍សាត់ និងស្រុកកណ្តៀងផងដែរ៕