(បន្ទាយមានជ័យ)៖ ទីលានទុកដាក់សំរាម នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចំណាយថវិកាសាងសង់ជាង៦លានដុល្លារ ក្រោមគម្រោងកែលម្អ គ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ នៃកម្ចីសម្បទានពីធនាគារអភិវឌ្ឍន៍អាស៉ី ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន, លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ និងជានាយកគម្រោង លោក អាន់តូនី ហ្គីល តំណាងធនាគាអភិវឌ្ឍន៍រអាសុី, លោក លី វណ្ណារិទ្ធ អភិបាលរងខេត្ត, លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ, លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្ដ្រីរាជការជាច្រើនទៀត។

លោក លី វណ្ណារិទ្ធ បានលើកឡើងថា សម្រាប់រដ្ឋបាលក្រុងសិរីសោភ័ណ នៃខេត្តបន្ទាយមានជ័យ ទាំងមូលបានទទួលគម្រោងគ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេសាបជំហានទី២ ក្រោមកម្ចីឥណទានសម្បទានរបស់ធនាគារ ADB មកជូនដល់ទឹកដី និងប្រជាពលរដ្ឋ ដែលបានផ្ដោតលើការគ្រប់គ្រងបរិស្ថាន តាមរយៈការសាងសង់ទីលានថ្មី ដែលមានស្តង់ដារ និងសាងសង់ប្រព័ន្ធទឹកកខ្វក់ សំដៅលើកកម្ពស់ការយល់ដឹងបន្ថែម ពិសេសការគ្រប់គ្រងបរិស្ថានខេត្ត ក្រុង ជុំវិញបឹងទន្លេសាបឲ្យកាន់តែប្រសើរឡើង។

ការកសាងទីលានទុកដាក់សំរាម នេះធ្វើឡើងដោយក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ ដឹកជញ្ជូន និងសំណង់ ចំណាយអស់ថវិកា៦,៥៥៣,៨២០ដុល្លារ រយៈពេលសាងសង់១០ខែរួចរាល់ ក្នុងកិច្ចសន្យា១៧ខែ។ ទីលាននេះ ស្ថិតនៅភូមិកង្វា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដែលមានលទ្ធភាពផ្ទុកកន្លែងទុកដាក់សំរាម ត្រូវបានរចនាឡើងជារណ្តៅ ដែលរណ្តៅទី១មានទំហំ ៦៤,២៤២ម៉ែត្រគីប អាចផ្ទុកសំរាមបានចំនួន៥១,៤១៤តោន និងរណ្តៅទី២ មានទំហំ៨៧,៦៣០ម៉ែត្រត្រីគុណ អាចផ្ទុកសំរាមបានចំនួន៨៤,០៦០តោន រីឯរណ្តៅបំរុង មានទំហំ១៧១,៨៧៤ម៉ែត្រត្រីគុណ អាចផ្ទុកសំរាមបានចំនួន២៧០,៩៨៩តោន។

ក្នុងឱកាសនោះ លោក រស់ វណ្ណា បានលើកឡើងថា សំរាមជាកាកសំណល់ ហើយត្រូវបានមនុស្សភាគច្រើនចាត់ទុកថា ជាវត្ថុគ្មានតម្លៃ និងឥតប្រយោជន៍ ដែលមនុស្សគ្រប់គ្នាមិនចង់ឲ្យវាជាប់នៅនឹងខ្លួននោះទេ ប៉ុន្ដែគ្រប់គ្នាមិនអាចជៀសផុតសំរាមបានឡើយ ព្រោះមនុស្សម្នាក់សុទ្ធតែត្រូវការបរិភោគនំ ចំណីអាហារ និងសម្ភារប្រើប្រាស់ ជាប្រចាំថ្ងៃ។ នៅក្រោយពេលដែលមនុស្សបានបង្កើតសំរាម ហើយពុំបានធ្វើការទុកដាក់ឲ្យបានត្រឹមត្រូវ នោះគឺវានឹងអាចបង្កឲ្យមានផលប៉ះពាល់ជាច្រើនចំពោះមនុស្ស សត្វ រុក្ខជាតិ និង ជីវៈចម្រុះផ្សេងៗ ជាពិសេសគឺបរិស្ថានសង្គមតែម្តង។

លោក រស់ វណ្ណា បានបន្ដទៀតថា តាមការបញ្ជាក់ពីមន្ត្រីជំនាញ ថង់ប្លាស្ទិក ស្នោរសម្រាប់ខ្ចប់មុខម្ហូបបង្កផលប៉ះពាល់ដល់បរិស្ថាន សុខភាពមនុស្សសត្វ និងជីវចម្រុះផ្សេងៗ ដូច្នេះទាមទារឲ្យមានការយល់ដឹង និងការចូលរួមពីសំណាក់ពលរដ្ឋគ្រប់រូប ក្នុងការកាត់បន្ថយនៃការប្រើប្រាស់ ឬលុបបំបាត់ការបោះចោល ថង់ប្លាស្ទិក សំបកស្នោរ ឬសំរាមផ្សេងៗ ពាសវាលពាលកាល៕