(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីអបអរសាទរ បុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំ២០២៥ ដើម្បីផ្តល់ឱកាស ដល់ប្រជាជនចិន និងប្រជាជនខ្មែរជាប់សែស្រឡាយចិនបានសប្បាយរីករាយ និងទទួលអំណរឆ្នាំថ្មីដែលនឹងចូលមកដល់ នៅចុងខែមករា ខាងមុខនេះ។
ការរៀបចំពិធីថ្ងៃនេះ មានគោលបំណងអបអរសាទរឆ្នាំថ្មីប្រពៃណីចិន និងផ្តល់ឱកាសដល់ប្រជាពលរដ្ឋចិន និងខ្មែរជាប់សែស្រឡាយចិន បានជួបជុំគ្នាពិសារអាហារសាមគ្គី សំណេះសំណាលសួសុខទុក្ខ បន្ទាប់ពីបែកគ្នាក្នុងរយៈពេល មួយឆ្នាំកន្លងមក។
នៅក្នុងឱកាសនោះ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) បានជូនពរដល់ប្រជាជនចិន និងប្រជាជនខ្មែរ ជាប់សែស្រឡាយចិនឱ្យជួបតែសេចក្តីសុខ រកស៊ីមានបានជាពិសេសជូនពរ ឱ្យចំណងមិត្តភាពកម្ពុជាចិន កាន់តែរឹងមាំស្ថិតស្ថេរជាអមតៈ។ ជាមួយគ្នានេះ ឯកឧត្តម បានបង្ហាញការពេញចិត្តចំពោះចំណងមិត្តភាព នៃប្រទេសទាំងពីរព្រោះចំណងមិត្តភាពកម្ពុជាចិន គឺជាមិត្តដែកថែប ហើយមានភ្ជាប់ទំនាក់ទំនងល្អជាមួយគ្នា តាំងពីយូរណាស់មកហើយ ព្រមទាំងមានការពូនជ្រុំពីសំណាក់ ព្រះបាទនរោត្តមសីហនុព្រះបរមតនកោដ្ឋ និងបានបន្តថែរក្សា ពីថ្នាក់ដឹកនាំបច្ចុប្បន្ន។
អ្នកឧកញ៉ា លី ឃុនថៃអនុប្រធានសម្ព័ន្ធខ្មែរចិននៅកម្ពុជា និងជាប្រធានសហព័ន្ធអ្នកវិនិយោគនៅកម្ពុជាដែលបានចូលរួមកម្មវិធីនេះ បានចាត់ទុកថា ការរៀបចំកម្មវិធីជួបជុំនេះ នឹងធ្វើឱ្យចំណងមិត្តភាពកម្ពុជាចិនកាន់តែរឹងមាំនិងស្និទ្ធស្នាល។ ក្នុងឱកាសនេះអ្នកឧញ្ញា បានជួនពរដល់ប្រជាជនចិន និងខ្មែរជាប់សែស្រឡាយចិនឱ្យទទួលបានសុខភាពល្អ ជោគជ័យការងារ ក្នុងឱកាសឆ្នាំថ្មីនេះ។ សំឡេង៖ « ខ្ញុំសូមជូនពរនៅក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះឱ្យមានជោគជ័យ រវាងកម្ពុជា និងចិន និងជូនពរដល់ប្រជាជនលើពិពលោក សូមឱ្យមានសុខភាពល្អរកស៊ីមានបាន ជោគជ័យគ្រប់ក្រុមគ្រួសារ»។
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិន បានចាត់ទុកកម្មវិធីដែលរៀបចំដោយស្ថានទូតចិននេះ គឺបានឱកាសដ៏ល្អសម្រាប់ប្រជាជនចិន និងខ្មែរបានស្វែងយល់ពិប្រពៃណីចូលឆ្នាំចិន និងបានរឹតចំណងមិត្តភាពរវាងប្រទេសយើង ទាំងពីរឱ្យកាន់តែរឹងមាំ។ សំឡេង៖ « ជាឱកាសដ៏ល្អសម្រាប់ប្រជាជនចិននៅកម្ពុជា ឱ្យគាត់បានយល់ដឹងពី ទំនៀមទំលាប់ប្រពៃណីចិន និងបានសប្បាយរីករាយ ស្វែងយល់ពីគ្នាលើជ្រុងនៃអរិយធម៌វប្បធម៌នៃប្រទេសកម្ពុជា ចិនទៅវិញទៅមក។»
សូមបញ្ជាក់ថា កាលពីចុងឆ្នាំ២០២៤ ពិធីបុណ្យចូលឆ្នាំថ្មីចិនត្រូវបានដាក់បញ្ជូល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយ នៃមនុស្សជាតិរបស់អង្គការយូណេស្កូ ដែលបង្ហាញច្បាស់ថា បុណ្យចូលឆ្នាំថ្មីចិន បានក្លាយជាបុណ្យចូលឆ្នាំ ទូទាំងពិភពលោក។ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំនេះ ត្រូវនឹងថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥៕
វិទ្យុមិត្តភាពកម្ពុជាចិន