(ភ្នំពេញ)៖ អនុវត្តតាមការចង្អុលបង្ហាញពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានគិតគូរពីបញ្ហាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងកងពលតូចលេខ៧០ បានបន្តយុទ្ធនាការចុះធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មូសនៅតាមមូលដ្ឋានភូមិ សង្កាត់ ដើម្បីបង្ការទប់ស្កាត់ការពារជំងឺគ្រុនឈាម។
ជាក់ស្តែងខណ្ឌច្បារអំពៅ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ដឹកនាំដោយអភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា បានបញ្ជាក់ថា កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌច្បារអំពៅ បានបន្តចុះបាញ់ថ្នាំសម្លាប់សត្វមូស នៅសង្កាត់ព្រែកឯង មាន៤ទីតាំង៖ មត្តេយ្យតាព្រហ្ម, ផ្ទះប្រជាពលេដ្ឋភូមិតាព្រហ្ម, មត្តេយ្យទូលតាចាន់ និងវិទ្យាល័យព្រែកឯង។
នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ កម្លាំងខណ្ឌដោយមានកិច្ចសហការពីកងពលតូចលេខ៧០ បានចុះបាញ់ថ្នាំសម្លាប់មូល នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បានដូចខាងក្រោមបានចំនួន៨ភូមិ៖ ភូមិថ្នល់បំបែក, ភូមិព្រៃព្រីងខាងត្បូង, ភូមិព្រៃជីសាក់, ភូមិត្រពាំងពោធិ, ភូមិព្រៃស្វាយ, ភូមិអូដឹម, ភូមិអង្កែវ និងភូមិអង្គ។
រដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយលោក ម៉ូវ ម៉ានិត អភិបាល នៃគណអភិបាលខណ្ឌសែនសុខ និងមានកិច្ចសហការពី មន្រ្តីរបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងកងពលតូចលេខ៧១១ បានចុះបាញ់ថ្នាំសម្លាប់មូស នៅសង្កាត់គោកឃ្លាង ក្នុងមូលដ្ឋានខណ្ឌសែនសុខ បានសរុបចំនួន៦ទីតាំង រួមមាន៖ ភូមិរោងចក្រ១ បានចំនួន១ផ្លូវ, ភូមិរោងចក្រ បានចំនួន១ផ្លូវ, ភូមិដីថ្មី បានចំនួន៤ផ្លូវ, ភូមិដំណាក់ បានចំនួន៣ផ្លូវ, ភូមិគោកឃ្លាង បានចំនួន៣ផ្លូវ និងភូមិត្រពាំងស្វាយ បានចំនួន ០២ផ្លូវ ។
ចំណែកខណ្ឌមានជ័យ ដឹកនាំដោយលោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ធ្វើសកម្មភាពយុទ្ធនាការបាញ់ថ្នាំសម្លាប់មូស ក្នុងភូមិសាស្ត្រ សង្កាត់ស្ទឹងមានជ័យទី២ ដោយចាប់ផ្ដើម ពីភូមិប្រាំ, ភូមិភ្នាត៣, ភូមិព្រែកទាល់, ភូមិព្រែកទាល់១, ភូមិដំណាក់ធំ, ភូមិភូមិដំណាក់ធំ១, ភូមិដំណាក់ធំ៤, ភូមិឬស្សី, ភូមិប្ញស្សី ស្មើ ៩១០ខ្នងផ្ទះ ក្នុងភូមិទាំង៩។
ចំណែកសង្កាត់ស្ទឹងមានជ័យទី៣ ការចុះបាញ់ថ្នាំមានការចូលរួមសហការជាមួយនឹងក្រុមបាញ់ថ្នាំ OD បាសាក់ និងកងពលតូចលេខ៧០ មណ្ឌលសុខភាពស្ទឹងមានជ័យ បានចំនួន៦ភូមិ។
សូមជម្រាបថា កម្លាំងកងពលពលតូចលេខ៧០ សហការជាមួយអាជ្ញាធរខណ្ឌ និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មូស ក្នុងមូលដ្ឋានខណ្ឌចំនួន៧ រួមមាន ៖ ខណ្ឌមានជ័យ, ខណ្ឌសែនសុខ, ខណ្ឌពោធិសែនជ័យ, ខណ្ឌឬស្សីកែវ, ខណ្ឌទួលគោក, ខណ្ឌបឹងកេងកង និងខណ្ឌដូនពេញ។ សម្រាប់ខណ្ឌទាំង៧ផ្សេងៗទៀត កម្លាំងរបស់ខណ្ឌនីមួយៗ នៅបន្តបាញ់ថ្នាំរាល់ថ្ងៃដដែល៕