(ព្រះសីហនុ)៖ លោក តេង វណ្ណឌី ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ បានឱ្យដឹងថា សម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ ២០២៥ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ គឺជាថ្ងៃឃោសនាដំបូង របស់គណបក្សនយោបាយដែលមានរយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។
លោកក៏បានបន្ថែមថា សម្រាប់ថ្ងៃដំបូងឃោសនាជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោមដែលមាន៥សង្កាត់រួមមាន៖ សង្កាត់បិទត្រាំង សង្កាត់រាម សង្កាត់អូរឧកញ៉ាហេង សង្កាត់បឹងតាព្រហ្ម និងសង្កាត់អូរជ្រៅ គឺមានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះដែលបានបើកយុទ្ធនាការឃោសនាក្នុងទ្រង់ទ្រាយធំសម្រាប់គណបក្សផ្សេងទៀត គឺមិនមានសកម្មភាពនោះឡើយ។
សម្រាប់ការជ្រើសក្រុមប្រឹក្សាក្រុងកំពង់សោម ឆ្នាំ២០២៥ គឺមានគណបក្ស៤ ចូលរួមទី១៖ គណបក្សប្រជាជនកម្ពុជា ទី២៖គណបក្សហ្វ៊ុនស៊ីនប៉ិច, ទី៣៖ គណបក្សកម្លាំងជាតិ និងទី៤ គណបក្សឆន្ទៈខ្មែរ ហើយការបោះឆ្នោតនិងប្រព្រឹត្តិទៅនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ខាងមុខនេះ ដោយមានសមាជិកក្រុមប្រឹក្សាអង្គបោះឆ្នោតក្រុមប្រឹក្សាក្រុងកំពង់សោមចំនួន៣១នាក់។
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោត ក៏បានបញ្ជាក់បន្ថែមថា ចំពោះសមាជិកក្រុមប្រឹក្សាទាំង៣១រូប ដើម្បីចូលរួមបោះឆ្នោតបានត្រូវមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព ឬអាចប្រើបណ្ណសម្គាល់ខ្លួនជាក្រុមប្រឹក្សាបានបើសិនជាអត្តសញ្ញាណបណ្ណហួសសុពលភាព។
ចំពោះដំណើរការនៃការរៀបចំបោះឆ្នោតក្រុមប្រឹក្សាក្រុងកំពង់សោមឆ្នាំ២០២៥នេះ គឺដំណើរការទៅដោយរលូនតាំងពីថ្ងៃចាប់ផ្ដើមចុះឈ្មោះដំបូងរហូតមកដល់ថ្ងៃឃោសនានាពេលនេះ។
ក្នុងយុទ្ធនាការនៃការឃោសនាបោះឆ្នោតនេះដែរគឺមានការចូលរួមសង្កេតការណ៍ពីគណបក្សនយោបាយនានា អង្គការសង្គមស៊ីវិលក្នុងនោះលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរួមជាមួយសមាជិកសមាជិកាគណៈកម្មការជាតិរៀបចំការបោះឆ្នោតក៏បានចុះពិនិត្យស្ថានភាពទូទៅនៅថ្ងៃដំបូងនៃការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតលើកទីមួយ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោមនៃខេត្តព្រះសីហនុផងដែរ៕