(ភ្នំពេញ)៖ ក្រោយទន្ទឹងរង់ចាំអស់រយៈពេលជាយូរ នៅពេលគម្រោងសាងសង់​ស្ពានឆ្លងកាត់ទន្លេសាប និងទន្លេមេគង្គតភ្ជាប់រវាងរាជធានីភ្នំពេញ និងក្រុង​អរិ​យ​ក្សត្រ ខេត្តកណ្តាលចាប់ផ្តើមចេញដំណើរបណ្តើរៗហើយ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ពីរាជធានី​ភ្នំពេញ ទៅខេត្តកណ្តាល បាននិងកំពុងសិក្សាលម្អិត​ដើម្បីជំរុញការ​ចាប់​ផ្តើមសាងសង់។

ក្នុងអំឡុងពេល នៃការសិក្សានេះ នឹងមានការបិទផ្លូវនាវាចរណ៍មួយចំនួន ដើម្បី​យកសំណាកគំរូពិសោធន៍ និងធ្វើពិសោធន៍ ដែលអាចបង្កឱ្យមានកា​រ​រំខានដល់ការធ្វើនាវាចរណ៍ផ្សេងៗ។

ដើម្បីធានាបាននូវសុវត្ថិភាពរបស់នាវាចរណ៍ដែលធ្វើដំណើរតាមទន្លេសាប និងទន្លេមេគង្គ ឆ្លងកាត់តំបន់ការដ្ឋានសាងសង់នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន អំពាវនាវដល់សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុម​ហ៊ុនដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ បង្កើនការយកចិត្ត​ទុកដាក់​ក្នុង​ការបើកបរ​ដោយ​មានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងឧបទ្ទវហេតុកើតឡើង​ជាយថា​ហេតុ។

ដើម្បីបង្ការ និងបញ្ចៀសបញ្ហានេះ ក្រសួងណែនាំឱ្យអនុវត្តតាមការ​ណែនាំ​ដូចខាងក្រោម៖
១៖ បន្ថយល្បឿននាវា និងបើកបរនៅក្នុងចន្លោះសុវត្ថិភាពដែលមានផ្លាក និងពោងសញ្ញាបង្ហាញ។
២៖ រក្សាចម្ងាយសុវត្ថិភាពបើកបរឱ្យបានគ្រប់គ្រាន់ យ៉ាងតិច ៥០ម៉ែត្រ ដើម្បីចៀសវាងហានិភ័យនៃការប៉ះ ទង្គិចពេលឆ្លងកាត់ច្រករួមតូច ឬនៅជិតតំបន់សិក្សា។
៣៖ ផ្ដល់អាទិភាពដល់ក្រុមការងារសិក្សាគម្រោង និងអនុវត្តតាមការផ្តល់​សញ្ញា និងការណែនាំពីក្រុមការងារចរាចរណ៍ផ្លូវទឹក។
៤៖ មិនអនុញ្ញាតឱ្យនាវាបោះយុថ្កា ឈប់សំចត ឬស្នាក់នៅក្នុងចម្ងាយ ១០០ម៉ែត្រ ពីតំបន់សិក្សា។
៥៖ នាវាធ្វើដំណើរឆ្លងកាត់តំបន់សិក្សា ត្រូវតែធ្វើចរាចរណ៍ទៅតាមទីតាំង​ដែល​បានកំណត់។

ដំណឹងនៃការសាងសង់ស្ពានឆ្លងកាត់ទន្លេសាប និងទន្លេមេគង្គ តភ្ជាប់រវាង​រាជ​ធានីភ្នំពេញ ឆ្លងកាត់តំបន់ជ្រោយចង្វា ទៅកាន់ក្រុងអរិយក្សត្រ ត្រូវបានប្រកាសយូរណាស់មកហើយ។ ប្រជាពលរដ្ឋទាំងរាជធានីភ្នំពេញ និងខេត្តកណ្តាល បានទន្ទឹងរង់ចាំយ៉ាងអន្ទះអន្ទែងជាទីបំផុត។

ពេលនេះអាចរាប់ថា គម្រោងមួយនេះចាប់ផ្តើមចេញដំណើរហើយ។ គម្រោងនេះ គ្រោងប្រកាសបើកការដ្ឋានជាផ្លូវការនៅឆ្នាំ២០២៥នេះ។

សូមជម្រាបថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សាររាត្រី-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ) គ្រោងនឹងប្រើប្រាស់​ឥណ​ទានជាង ២៤៥លានដុល្លារ វិសាលភាពរបស់គម្រោង គឺសាងសង់ស្ពាន​ចំនួន២ នៅទីតាំង «ផ្សាររាត្រី - ជ្រោយចង្វារ និង ជ្រោយចង្វារ- អរិយក្សត្រ» ជាស្ពានប្រភេទខ្សែកាបយោងខ្ពស់ (Cable-Stayed Bridge) សាងសង់ជា៤គន្លង (4 Lanes) ប្រភេទ A/C, ទទឹងស្ពានមាន​ប្រវែងសរុប ២៧.៥ម៉ែត្រ និងទទឹងផ្លូវប្រវែង ២២.៥ម៉ែត្រ ដែលមានមេដ្យាន៣ម៉ែត្រ និងចិញ្ចើមផ្លូវ ៣ម៉ែត្រ, ល្បឿនអតិបរមា ៨០ គ.ម/ម៉ោង។

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េនេះ ត្រូវសាងសង់​ស្ពាន​ចំនួន២រួមមាន៖

* ស្ពានទី១៖ ឆ្លងកាត់ទន្លេសាប (ចាប់ផ្តើមពីចំណុចម្តុំសួនផ្សាររាត្រី (ផ្សារចាស់) ឆ្លងកាត់ទៅត្រើយម្ខាងជ្រោយចង្វារ (ក្បែរសណ្ឋាគារសុខា) មានប្រវែង ១.១៩ គ.ម

* ស្ពានទី២៖ ឆ្លងកាត់ទន្លេមេគង្គ ចាប់ផ្តើមពីចំណុចត្រើយម្ខាងជ្រោយចង្វារ (ក្បែរសណ្ឋាគារសុខា) ឆ្ពោះទៅប្រសព្វនឹងផ្លូវលេខ ៣៨០ ក្រុងអរិយក្សត្រ (ខេត្តកណ្តាល) មានប្រវែង ១.១៨ គ.ម និងផ្លូវតភ្ជាប់ទៅផ្លូវប្រសព្វនឹងផ្លូវលេខ ៣៨០ មានប្រវែង ១.១៧គ.ម។

គម្រោងនេះ គ្រោងប្រើរយៈពេលអនុវត្តចំនួន ៥ឆ្នាំ ២ខែ (៦២ខែ) និងរយៈពេលសាងសង់ចំនួន ៣ឆ្នាំ ៩ខែ (៤៧ខែ)៕