(កំពង់ធំ)៖ លោក ស៊ិន វិសិទ្ធ អនុរដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម ប្រធានក្រុមការងារចុះមូលដ្ឋានឃុំម្សាក្រងស្រុកស្ទោង បានណែនាំអាជ្ញាធរមូលដ្ឋាន និងគណៈកម្មការគ្រប់គ្រងទឹកត្រូវបែងចែកការប្រើប្រាស់ទឹកឱ្យបានត្រឹមត្រូវ សន្សំសំចៃ។

លោកលើកឡើងដូច្នេះនាពិធីវេទិកាសាធារណៈក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។

លោកបានសង្កត់ធ្ងន់ថា ដើម្បីឱ្យកិច្ចការនេះមានប្រសិទ្ធភាពខ្ពស់ សូមអាជ្ញាធរមូលដ្ឋាននិងគណៈកម្មការត្រូវសិក្សានិងស្វែងយល់លម្អិត ជាពិសេសត្រូវធ្វើការស្នើសុំនិងសហការបន្ថែមទៀតជាមួយក្រុមបច្ចេកទេសការងាររបស់ក្រសួងធនធានទឹក និងឧតុនិយមដើម្បីឱ្យយកិច្ចការនេះកាន់តែល្អប្រសើរឡើងថែមទៀត។

លោកបានណែនាំដល់អាជ្ញាធរភូមិ/ឃុំ ស្រុកត្រូវបង្កើនការយល់ចិត្តទុកដាក់ថែមទៀតដល់សុខទុក្ខសុខុមាលភាពនិងសុខភាពទូទៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង និងណែនាំដល់លោកនាយក នាយិកា លោកគ្រូ អ្នកគ្រូអាណាព្យាបាលត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ដល់សុខភាពចំណីអាហារដែលដាក់លក់នៅតាមសាលារៀន ជាពិសេសត្រួតពិនិត្យលើគុណភាពនិងផលប៉ះពាល់ដែលនាំឲ្យខូចសុខភាពសិក្សានុសិស្ស។

លោកបានជំរុញដល់អាជ្ញាធរភូមិ ឃុំត្រូវផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានដល់ខ្នងផ្ទះដើម្បីទទួលបាននូវភាពជឿជាក់ពិពលរដ្ឋក៏ដូចជាទទួលបាននូវព័ត៌មានថ្មីៗ កង្វល់និងតម្រូវការជាក់ស្តែងថែមទៀត។

លើសពីនេះ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានណែនាំដល់អាជ្ញាធរឃុំម្សាក្រងត្រូវធ្វើការបែងចែកឲ្យបានច្បាស់លាស់រវាងគម្រោងអភិវឌ្ឍន៍ដែលប្រើប្រាស់ថវិការមូលនិធិឃុំនិងស្នើសុំជួយដល់ក្រុមការងារចុះមូលដ្ឋានជួយអភិវឌ្ឍន៍បន្ថែមនូវអ្វីដែលហួសពីសមត្ថភាពរបស់ឃុំ ហើយត្រូវផ្ដល់សេវានិងបម្រើប្រជាពលរដ្ឋឲ្យអស់ពីលទ្ធភាពនិងមិនប្រកាន់និន្នាការនយោបាយ ជាពិសេសបញ្ហាកកស្ទះទឹកជនលិចស្រែស្រូវប្រជាពលរដ្ឋដដែលៗជារៀងរាល់ឆ្នាំ ដែលគ្របដណ្ដប់ជាច្រើនភូមិនិងរងផលប៉ះពាល់ស្រែស្រូវកសិករជាច្រើនហិចតា ហើយប៉ុស្តិ៍នគរបាលរដ្ឋបាលនិងអាជ្ញាធរឃុំម្សាក្រងត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខខុមាលភាពនិងជីវភាពបងប្អូនប្រជាការពារភូមិ ដែលគាត់បានលះបង់គ្រប់បែបយ៉ាងដើម្បីសុខសុវត្ថិភាពនៅក្នុងមូលដ្ឋានជាពិសេសរក្សានូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋ។

លោកអភិបាលស្រុកស្ទោងបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅក្នុងឃុំម្សាក្រង ដែលបានលះបង់និងចូលរួមសហការជាមួយអាជ្ញាធរ ជាពិសេសជាមួយរដ្ឋបាលស្រុកក្នុងការអភិវឌ្ឍមូលដ្ឋាន ក៏ដូចជាកសាងនូវប្រព័ន្ធធារាសាស្ត្រនិងផ្លូវគមនាគមន៍ខ្វាត់ខ្វែងនៅក្នុងឃុំ។ អត្ថបទរដ្ឋបាលស្រុកស្ទោង៕