(ភ្នំពេញ)៖ លោក ស៊ិន ស៊ីថា អាយុ ៦៧ឆ្នាំ ជាអតីតយុទ្ធជនមួយរូប កំពុងរស់នៅមជ្ឈមណ្ឌលអតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ស្ថិតក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ លោក ស៊ិន ស៊ីថា បានស្ម័គ្រចិត្តចូលបម្រើទ័ពនៅឆ្នាំ១៩៨២ ហើយចេញទៅបម្រើលើសមរភូមិនៅក្នុងខេត្តបាត់ដំបង ដែលជាសមរភូមិប្រយុទ្ធទប់ទល់ការប៉ុនប៉ងវិលមកគ្រប់គ្រងប្រទេសរបស់ខ្មែរក្រហម។
បន្ទាប់ពីប្រយុទ្ធលើសមរភូមិប្រមាណជា៥ឆ្នាំ នៅឆ្នាំ១៩៨៧ លោក ស៊ិន ស៊ីថា បានជាន់ម៉ីនបណ្តាលឱ្យពិការជើងខាងស្តាំរហូតមកដល់ពេលបច្ចុប្បន្ន។ បើទោះបីជាអ្នកប្រយុទ្ធឆ្អែតឆ្អន់ក្នុងសមរភូមិសង្គ្រាម តែលោក ស៊ីថា មានអារម្មណ៍ខ្លាចរអាចំពោះភ្លើងសង្គ្រាម ដែលនាំមកតែនូវភាពខ្លោចផ្សារនិងលំបាកវេទនា។ អតីតយុទ្ធជនដែលធ្លាក់ខ្លួនពិការព្រោះសង្គ្រាមរូបនេះ មិនចង់ឃើញជាតិកម្ពុជា មានសង្គ្រាមទៀតនោះឡើយ លោកប្រាថ្នាឱ្យកម្ពុជា ស្គាល់តែសុខសន្តិភាព និងភាពសុខសាន្តជារៀងរហូតទៅ៕