(ភ្នំពេញ)៖ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យម (SME) ដែលនៅបន្តសំងំលាក់ខ្លួន មិនទាន់ចុះបញ្ជីផ្លូវការ ទៅចុះបញ្ជីផ្លូវការ ខណៈ​រដ្ឋនឹងលើកលែងការពិន័យទោសទណ្ឌ និងបំណុលពន្ធ ដែលសហគ្រាសទាំងនោះមិនអនុលោមច្បាប់នាពេលកន្លងមក ដែលនេះគឺជាការគិតគូររបស់​រាជរដ្ឋាភិបាល​ ចំពោះSME ឱ្យមានឱកាសពង្រីកខ្លួនកាន់តែធំ។

លោកលើកឡើងបែបនេះ ធ្វើឡើងនៅក្នុងយុទ្ធនាការផ្សព្វផ្សាយ និងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមរយៈថ្នាលឌីជីថល នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។

លោកបានលើកឡើងថា ប្រសិនបើ SME មិនចុះបញ្ជីឱ្យត្រឹមត្រូវតាមច្បាប់នោះទេ ​នឹងមិនមានលទ្ធភាពក្នុងការពង្រីកអាជីវកម្មឱ្យកាន់តែធំនោះទេ។

លោកគូសបញ្ជាក់យ៉ាងដូច្នេះថា ​«បងប្អូនមិនគួរនៅក្រិនអ៊ីចឹងទេ បើយើងក្រិនបានន័យថាអាជីវកម្មយើងនៅតឿរហូត មិនអាចរីកធំបានទេ»

​លោកបាន​ពន្យល់ថា តាមរយៈអនុក្រឹត្យរបស់​រាជរដ្ឋាភិបាល ដែលបានចេញកាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា រដ្ឋនឹងលើកលែងពិន័យទោសទណ្ឌ និងបំណុលពន្ធ រួមមានប្រាក់ពន្ធ​ ពន្ធបន្ថែម ការប្រាក់ និងការផាកពិន័យពាក់ព័ន្ធផ្ទាល់នឹងសហគ្រាស ចំពោះការមិនបានអនុលោមច្បាប់កន្លងមកពីមុន។ ទន្ទឹមគ្នានេះ រដ្ឋក៏នឹងលើកលែងកម្រៃការចុះបញ្ជីពន្ធដារ សេវាបច្ចុប្បន្នភាពព័ត៌មាន សេវាបោះពុម្ភបណ្ណសម្គាល់ និងលើកលែងប្រាក់រំដោះពន្ធជាដើម។

លោកបន្ថែមថា ការអនុគ្រោះនេះ គឺជាឱកាសមួយដែល SME អាចកសាងខ្លួនឱ្យបានត្រឹមត្រូវ និងមានមុខមាត់ថ្មី ​ព្រមទាំងទទួលបានអត្ថប្រយោជន៍នានាពីការចុះបញ្ជីក្នុងប្រព័ន្ធ​៕