(កំពង់ឆ្នាំង)៖ លោក គង់ ច័ន្ទវាសនារដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានជួបសំណេះសំណាលជាមួយអាជីវករធាតុចូលកសិកម្មជិត១០០នាក់ ក្នុងខេត្តកំពង់ឆ្នាំង។
ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្ត អគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្មខេត្ត និងមន្ត្រីកសិកម្មឃុំ។
លោកបានជម្រាបជូនបងប្អូនអាជីវករអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការជំរុញអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ពាក់ព័ន្ធនឹងយន្តការរក្សាលំនឹងថ្លៃកសិផល ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ព្រមទាំងបានរំលេចនូវសមិទ្ធផលជាច្រើនដែលក្រសួងសម្រេចបាននាពេលកន្លងមក សំដៅបន្តធានាសន្តិសុខស្បៀង ចូលរួមគាំទ្រកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
លោកបានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លៀសវៃ និងស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី, លោករដ្ឋមន្រ្តី ឌិត ទីណា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យកចិត្តទុកដាក់ជាប់ជានិច្ចចុះជួយដោះស្រាយបញ្ហាប្រឈមរបស់ប្រជាកសិករឱ្យអស់ពីលទ្ធភាព ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព រួមទាំងការជួយដោះស្រាយបញ្ហាស្រូវធ្លាក់ថ្លៃ នាដើមឆ្នាំ២០២៥ផងដែរ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាត់ទុកបងប្អូនអាជីវករទាំងអស់ គឺជាដៃគូយ៉ាងសំខាន់ ក្នុងការរួមចំណែកជួយដល់ប្រជាកសិករ និងជំរុញអភិវឌ្ឍវិស័យកសិកម្ម តាមរយៈការផ្តល់បច្ចេកទេស និងការផ្គត់ផ្គង់ធាតុចូលកសិកម្មដល់កសិករ។
លោកបានផ្តាំផ្ញើ និងលើកទឹកចិត្តដល់បងប្អូនអាជីវករទាំងអស់ឱ្យជឿជាក់លេីការដឹកនាំរបស់រាជរដ្ឋាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងចូលរួមចែករំលែក និងបន្តផ្សព្វផ្សាយព័ត៌មានវិជ្ជមានអំពីវិស័យកសិកម្ម ដើម្បីជាប្រយោជន៍ដល់ប្រជាកសិករ ចៀសវាងផ្សព្វផ្សាយព័ត៌មានញុះញង់បង្កអសន្តិសុខសង្គមដែលប្រឈមនឹងចំណាត់ការផ្លូវច្បាប់ផង និងនាំឱ្យខាតបង់ផលប្រយោជន៍កសិករផង។ ជាមួយគ្នានេះ លោកក៏បានលើកទឹកចិត្តឱ្យអាជីវករទាំងអស់ជួយពន្យល់កសិករអំពីកាត់បន្ថយថ្លៃដើមផលិត ដើម្បីបង្កើនប្រាក់ចំណេញ ជាជាងផ្តោតតែទៅលើការបង្កើនទិន្នផល តែទទួលបានប្រាក់ចំណេញតិច។
អាជីវករធាតុចូលកសិកម្មទាំងអស់ បានថ្លែងអំណរគុណដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរាជរដ្ឋាភិបាលដែលបន្តជួយគាំទ្រ និងដោះស្រាយបញ្ហារបស់កសិករ និងប្តេជ្ញាចូលរួមផ្សព្វផ្សាយខ្លឹមសារវិជ្ជមាន និងមានប្រយោជន៍ដល់ប្រជាកសិករ ព្រមទាំងបន្តធ្វើជាដៃគូដ៏ល្អរបស់មន្ទីរ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការជួយដល់កសិករ និងជំរុញអភិវឌ្ឍវិស័យកសិកម្ម៕