(ភ្នំពេញ)៖ នៅឆ្នាំ២០២៤ ក្រសួងសាធារណការ និងដឹកជញ្ជូន រកចំណូលចូលរដ្ឋបានចំនួន ៩៧ ៨៤៤លានរៀល ឬស្មើនឹងប្រមាណជាង ២៤លានដុល្លារ ។

នេះបើតាមរបាយការណ៍ ដែលបង្ហាញក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្តីការក្រសួង។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ចំណូលថវិការដ្ឋរបស់ក្រសួងមានចំនួន ៩៧ ៨៤៤លានរៀល និងចំណាយថវិការចរន្ត សម្រាប់ដំណើរការរដ្ឋបាលមានចំនួន ៣៨ ៩១៩២លានរៀល កើនឡើង ៩ ៥០៥លានរៀល ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៣៧ ៩៦៨៧លានរៀល។

ជាមួយគ្នានេះ ក្រសួងក៏បានឲ្យដឹងថា៖
* ១) ការអនុវត្តកិច្ច លទ្ធកម្មទំនិញ-សំណង់ និងសេវាសម្រាប់ដំណើររដ្ឋបាលប្រចាំឆ្នាំ២០២៤ មានចំនួនសរុប ២១គម្រោង ដែលមានតម្លៃកិច្ចសន្យាសរុបចំនួន ៤ ៦៣២លានរៀល

* ២) ការអនុវត្តកិច្ចលទ្ធផលកម្មការងារស្ថាបនា - ជួសជុល និងថែទាំងផ្លូវថ្នល់ឆ្នាំ២០២៤ មានចំនួនសរុប ១៧០គម្រោង ដែលមានតម្លៃកិច្ចសន្យាសរុបចំនួន ៤៨៧ ៩៣៣លានរៀល

* និង៣) ការអនុវត្តកិច្ចលទ្ធកម្មការងារជួសជុលថែមទាំងផ្លូវថ្នល់ជាប្រចាំ សម្រាប់ឆ្នាំ២០២៤ របស់មន្ទីសាធារណការ និងដឹកជញ្ជូនរាជធានីខេត្ត និងរបស់អង្គភាពក្រោមឱវាទក្រសួង មានទឹកប្រាក់ចំនួន ១៤៦ ១៨៧ លានរៀល៕