(កំពង់ធំ)៖ ដើម្បីឲ្យការកសាងនីតិវិធី ត្រូវប្រកាន់ខ្ជាប់ ក្រមសីលធម៌ វិជ្ជាជីវៈ មានតម្លាភាព តុល្យភាព នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានអញ្ជើញបើកវគ្គបំប៉ននីតិវិធីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដល់មន្ដ្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានធ្វើការកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដែលកម្លាំងនគរបាលទូទាំងខេត្តកំពង់ធំសម្រេចបាន ពិសេសនគរបាលចរាចរណ៍ ដែលមានស្នាដៃ គុណបំណាច់ ក្នុងការអនុវត្តតួនាទី និងភារកិច្ច។
លោកឧត្តមសេនីយ៍ស្នងការ ផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ ស្ដាប់ សាកសួរ កត់ត្រា ក្រេបជញ្ជក់ ចំណេះដឹង បទពិសោធន៍ ដែលផ្តល់ដោយគ្រូបង្គោល ដើម្បីពង្រឹងសមត្ថភាពជំនាញវិធានការជំនាញ ដល់មន្ត្រីនគរបាលជាតិ និងត្រូវរួមគ្នាគិតរួមគ្នាធ្វើ ពិភាក្សាបញ្ហាប្រឈម ផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធន៍ ជ្រើសរើសចំណុចល្អៗ សម្រាប់អនុវត្តការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឈានទៅសម្រេចបាននូវភាពជោគជ័យបន្ថែមទៀត។
លោកឧត្តមសេនីយ៍ទោ ហេង សុផល សង្ឃឹម និងជឿជាក់ថា វគ្គបណ្តុះបណ្តាលថ្ងៃនេះនឹងទទួលបានលទ្ធផលផ្លែផ្កាស្នាដៃថ្មីៗបន្ថែមទៀត ស្របតាមគោលនយោបាយក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ។
សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលរយៈពេល១ថ្ងៃ គ្រូឧទ្ទេសនាមចំនួន៤រូប សិក្ខាកាម១០៤នាក់ ស្រី៩នាក់ មេរៀនមានចំនួន៦មុខវិជ្ជា រួមមាន៖
*ទី១៖ បទវិន័យនគរបាលជាតិកម្ពុជា
*ទី២៖ នីតិវិធីអនុវត្តល្បឿន
*ទី៣៖ នីតិវិធីអនុវត្តជាតិស្រវឹង
*ទី៤៖ បទបង្ហាញផ្លាកលេខក្លែងក្លាយ
*ទី៥៖ ការពិនិត្យផ្លាកលេខយានយន្ដ
*ទី៦៖ បទបង្ហាញស្ដីពីលក្ខខណ្ឌ នៃការផ្ដល់បណ្ណបើកបរ៕